ក្រុមមន្ត្រីប្រឆាំង ប្រកាសបង្កើត«ចលនាសង្គ្រោះជាតិ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ មករា ២០១៨
- កែប្រែចុងក្រោយ: January 13, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្ដីថ្លែងការណ៍ របស់ចលនា«សង្គ្រោះជាតិ» ដែលទើបនឹងចេញផ្សាយ នៅល្ងាចថ្ងៃទី១២ ខែមករានេះ បានឲ្យដឹងថា ក្រុមស្ថាបនិកដែលមានសមាជិក៩នាក់ កំពុងបង្កើតចលនានេះឡើង សំដៅ«ធានាឲ្យមានការឯកភាព នៃគ្រប់អ្នកប្រជាធិបតេយ្យទាំងអស់ ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងអ្នកទោសមនសិការទាំងអស់ ព្រមទាំងឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមិនប្រកាន់បក្ខពួក និន្នាការនយោបាយណាមួយឡើយ និងដោយមានការចូលរួម ពីគណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោកប្រធាន កឹម សុខា»។
សេចក្ដីថ្លែងការណ៍ដដែល បានរៀបរាប់ពីឈ្មោះស្ថាបនិកទាំង៩នាក់ មានលោក អេង ឆៃអ៊ាង - ជា គឹមលី - សម រង្ស៊ី - អ៊ុង រិទ្ធី - គា រី - អ្នកស្រី ជូឡុង សូមួរ៉ា - អ្នកស្រី មូ សុខហួរ - លោក តុ វ៉ាន់ចាន់ និងលោក ទួន យក់ដា។ បណ្ដាស្ថាបនិកទាំងនេះ បានសំដែងការជឿជាក់ថា៖ «ស្ថានភាពក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន គឺមិនអាចទទួលយកបានឡើយ»។
ចលនា ដែលមានអក្សរកាត់ជាភាសាអង់គ្លេស «CNRM» នេះ បានធ្វើការអំពាវនាវ ឲ្យជនរួមជាតិទាំងឡាយ ចូលរួមជាមួយខ្លួន ដើម្បី«ការពារឆន្ទៈប្រជាពលរដ្ឋខ្មែរ តាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមិនប្រកាន់បក្ខពួក និន្នាការនយោបាយ»៕