មន្ត្រី CNRP ៥រូប​​ចេញ​មុខ​​ភ្នាល់​ជា​មួយ ហ៊ុន សែន ទៀត​ហើយ ម្នាក់​១០០០​ដុល្លារ

បន្ទាប់ពីយុវជនម្នាក់ ដែលបានចេញមុខភ្នាល់ ទល់នឹងលោក ហ៊ុន សែន កាលពីម្សិលម៉ិញរួច នៅថ្ងៃនេះ មន្ត្រី និងជាសកម្មជនមកពីគណបក្សប្រឆាំង ចំនួន៥នាក់ទៀត បានប្រកាសភ្នាល់ ជាមួយលោកនាយករដ្ឋមន្ត្រី ដោយដាក់ទឹកប្រាក់ ក្នុងម្នាក់១០០០ដុល្លារ។ 
មន្ត្រី CNRP ៥រូប​​ចេញ​មុខ​​ភ្នាល់​ជា​មួយ ហ៊ុន សែន ទៀត​ហើយ ម្នាក់​១០០០​ដុល្លារ
ពីឆ្វេងទៅស្ដាំ៖ លោក សោភ័ណ្ឌ ឡារី និងលោក ហ៊ុន​សែន។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ វិច្ឆិកា ២០១៧
  • កែប្រែចុងក្រោយ: November 10, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្ត្រីទាំង៥រូបនោះ រួមមានលោក ហេង ដាណារ៉ូ សមាជិកសភា និងជាតំណាងរាស្ត្រមណ្ឌលព្រៃវែង - លោក ញឹម គឹមញ៉ុល អនុប្រធានក្រុមការងារ ព្រះសីហនុ , លោក សុភ័ណ្ឌ ឡារី សមាជិកក្រុមការងារ កំពង់ចាម ,លោក សួន ចំរើន សមាជិកក្រុមការងារ បាត់ដំបង និងលោក អែម ប៊ុនណារិទ្ធ សមាជិកក្រុមការងារ ពោធិ៍សាត់។

កាលពីថ្ងៃពុធ ទី៨ ខែវិច្ឆិកាម្សិលម្ងៃ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ប្រទេសកម្ពុជា ឲ្យបើកលេងល្បែងភ្នាល់ ជាទូទៅមួយ ដែលមានរូបលោក ជាមេស៊ីសង។ ថ្លែងនៅចំពោះកម្មករកម្មការិនី ច្រើនពាន់នាក់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ លោក ហ៊ុន សែន បានប្រាប់ឲ្យគេឯងភ្នាល់ ចំពោះការ​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​ ​នៅថ្ងៃ​ទី១៦​ ​ខែ​វិច្ឆិកា​ខាង​មុខ​ នៅ​ពេល​ដែល​តុលាការ​កំពូល នឹង​បើក​សវនាការ លើ​បណ្តឹង​រំលាយ​គណបក្ស​ជំទាស់​ ​ដែល​គេ​ស្គាល់​ថា​ ​ជា​គូប្រជែង​ដ៏ធំ​តែ​មួយ​គត់ ​របស់​គណបក្សប្រជាជនកម្ពុជារបស់លោក ក្នុង​ពេល​បោះឆ្នោត​ជាតិ​ ឆ្នាំ​២០១៨។

បុរសខ្លាំងកម្ពុជា បានថ្លែងឡើងថា៖ «អ្នកដែលចង់ភ្នាល់ ក៏ភ្នាល់ទៅ មួយចាក់មួយរយទៅ គឺអារំលាយ ឬមិនរំលាយហ្នឹង។ តាមហាងគុយទាវ នាំគ្នាចាក់ទៅ! ទៅ! បើកម៉ាសេរី ឲ្យនាំគ្នាចាក់! បើ[មិន]រំលាយ ឲ្យមកទារលុយពីខ្ញុំ (...) ឥឡូវចាក់​ភ្នាល់​ទៅ!​ ​បើ​រំលាយ​ស៊ី​តែ​ ១​ទេ​ ​បើ​អត់​រំលាយ​សង​១០០។​ អ្នក​ណា​ចាញ់​ មក​ទារ​ពី​ខ្ញុំ។»។

យ៉ាងហោចណាស់ ក៏ការប្រកាសនោះ របស់លោក ហ៊ុន សែន ត្រូវបានយុវជនម្នាក់ ឈ្មោះ សាន ប៊ុនឆាយ ចេញមុខកាលពីម្សិលម៉ិញ មកភ្នាល់ទល់នឹងលោក ដោយដាក់ទឹកប្រាក់ ១០០០ដុល្លារ។ យុវជនថា បើគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ លោកនឹងផ្ញើរ១០០០ដុល្លារ ជូនលោកនាយករដ្ឋមន្ត្រី តាមវីង (Wing)។ តែបើគណបក្សប្រឆាំង នៅជ្រងរៗដដែលទេ លោក ប៊ុនឆាយ ថាលោក ហ៊ុន សែន ត្រូវសងថ្លៃភ្នាល់ចាញ់ ចំនួន ១០០ ០០០ដុល្លារ ឲ្យមកលោកវិញ។

ហើយនៅថ្ងៃនេះ មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ប្រាំនាក់ ដូចបានរៀបរាប់ខាងលើ ក៏បានចេញមុខមកភ្នាល់ជាមួយ នាយករដ្ឋមន្ត្រីដែរ។ លោក សោភ័ណ ឡារី ដែលជាតារាសំដែងមួយរូបផង និងជាសកម្មជនម្នាក់ នៅក្នុងចំណោមមន្ត្រីទាំង៥ បានសរសេរប្រកាសការភ្នាល់ នៅលើបណ្ដាញសង្គម ដោយបញ្ជាក់ឡើងថា៖ «តាមពិតយើងខ្ញុំទាំងអស់គ្នា មិនចេះលេងល្បែងទេ តែសម្តេចបបួលហើយ ក៏សាកមួយក្តារទៅ»។

តារាសំដែង ដែលជាកូនធម៌របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សផងនោះ បាននិយាយបន្តថា៖ «យើងខ្ញុំ សូមប្រកាសភ្នាល់ជាមួយសម្តេច ហ៊ុន សែន ចំនួនទឹកប្រាក់ ៥០០០ដុល្លារ (ក្នុងម្នាក់ ១០០០ដុល្លារ) គឺយកខាង មិនអាចរំលាយសង្រ្គោះជាតិបានឡើយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។ [ដូច្នេះ] សូមសម្តេច ហ៊ុន សែន​ ជ្រាប និងជួយប្រាប់ ពីរបៀបទូទាត់ថវិកាផង។»។

គេនឹងរង់ចាំមើល ថាតើតុលាការកំពូល​នឹងចេញសាលក្រម ដែលធ្វើឲ្យលោក ហ៊ុន សែន ចាញ់ទឹកប្រាក់ អស់ជាងកន្លះលានដុល្លារ (សរុបថ្លៃភ្នាល់ចាញ់នៅពេលនេះ មានរហូតដល់ទៅ ៦០០ ០០០ដុល្លារ) ដែរឬទេ? ឬក៏លោក ហ៊ុន សែន ប្រកាសមិនសង ដូចកាលពីលើកមុនទៀតហើយ? នៅមានភាគបន្ត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...