ជា ប៉ូច៖ បាតុករ​ប្រឆាំង កឹម សុខា ភាគ​ច្រើន​ជា​«អាជ្ញាធរ​ដែនដី»!

«ខ្ញុំស្គាល់សមាសភាពខ្លះ គឺភាគច្រើនជាអាជ្ញាធរភូមិ ឃុំ ស្រុក សង្កាត់ ខណ្ឌ ឬអាជ្ញាធររាជធានី។ (...) អ្វី​ដែល​មក​នេះ ភាគច្រើនជាអាជ្ញាធរដែនដីទេបាទ មិនមានប្រជាពលរដ្ឋប៉ុន្មានទេ។» នេះជាការថ្លែង របស់លោក លោក ជា ប៉ូច តំណាងរាស្រ្តមណ្ឌលខេត្តកំពត មកពីគណបក្សសង្គ្រោះជាតិ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៨ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 28, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយពេលទទួលញត្តិ ពីបាតុកដែលទាមទារឲ្យទម្លាក់លោក កឹម សុខា ពីតំណែង ជាអនុប្រធានទីមួយ​នៃ​រដ្ឋសភា លោក ជា ប៉ូច តំណាងរាស្រ្តមណ្ឌលខេត្តកំពត មកពីគណបក្សសង្គ្រោះជាតិ បានលើកឡើង​ដោយ​ភាពជឿជាក់ថា បាតុករដែលចូលរួមធ្វើបាតុកម្មទាំងនោះ ភាគច្រើនជាសមាជិក របស់អាជ្ញាធរដែនដី ឯ​ប្រជា​ពលរដ្ឋមានតិចតួចប៉ុណ្ណោះ។

សមាជិកគណៈកម្មការទីមួយ នៃរដ្ឋសភារូបនេះ បានបន្តថា ទោះយ៉ាងណាក៏ដោយ ក្នុងនាមជាពលរដ្ឋ លោក​គាំទ្រនិងគោរពនូវការតវ៉ានេះ។ លោកថា ប្រជាពលរដ្ឋមានសិទ្ធិសម្តែងមតិ នៅក្នុងលិទ្ធិ​ប្រជាធិបតេយ្យ។

នៅចំពោះការចោទសួរ របស់អ្នកសារព័ត៌មាន ដែលសួរថា តើលោកគិតយ៉ាងណានៅ​ពេល​ដែល​«អាជ្ញាធរ»​ឡើងមកតវ៉ាបែបនេះ? លោក ជា ប៉ូច បានថ្លែងដោយការគាំទ្រថា នេះជាសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ។ បើគាត់គ្មានញតិ្ត គាត់អាចសម្តែងជាមតិ និងជាសេរីភាព ដោយសារនេះ ជាសង្គមប្រជាធិបតេយ្យ។ តែសិទ្ធិ​សេរីភាពនោះ ក៏ត្រូវមានព្រំដែននៃសេរីភាពដែរ។ លោកបានបង្ហាញ នូវភាពចម្លែកមួយថា៖ «ភាគច្រើន​មុខ​រដ្ឋសភា នៅពេលដែលមានបាតុករអី គេឃាំងរនាំងជាប់។ ចំណែកបាតុករនេះ (គេ)អត់ឃាំងរនាំង ខ្ញុំវាអត់​យល់។»

» បុរសម្នាក់ខាងក្រោមនេះ ជានរណា?

ជាមួយនឹងសំនួរ របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោកនៅតែធ្វើការសង្កត់ធ្ងន់ និងអះអាងយ៉ាងថា៖ «មិន​មែនប្រជាពលរដ្ឋទេ ភាគច្រើនជាអាជ្ញាធរដែនដី។ (...) ខ្ញុំស្គាល់... ខណ្ឌជ្រោយចង្វា ខណ្ឌឬស្សីកែវ ខណ្ឌ​ទាំង១២ ភាគច្រើនខ្ញុំស្គាល់ សមាសភាពអាជ្ញាធរ។ (...) បាតុកម្មនេះ អាជ្ញាធរច្រើនជាងប្រជាពលរដ្ឋ។ (...) អាជ្ញាធរដែនដី យើងដឹងស្រាប់ហើយ តើគណបក្សណាជាអ្នកកាន់អំណាច?»

ពាក់ព័ន្ធនឹងការងះអាងរបស់លោក ជា ប៉ូច ខាងលើនេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់មានការ​បញ្ជាក់ពីអាជ្ញាធរខណ្ឌ ពីសាលារាជធានីភ្នំពេញ បាននៅឡើយដែរ ដោយគ្មានអ្នកទទួលទូរស័ព្ទ។ ទស្សនាវដ្តី​នឹងស្វែងរកការបញ្ជាក់ លើការអះអាងខាងលើនេះ ពីអាជ្ញាធរពាក់ព័ន្ធ ក្នុងអត្ថបទ​លើក​ក្រោយ៕


» សូមស្តាប់ការអះអាងរបស់លោក ជា ប៉ូច ដូចខាងក្រោម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...