សង្ឃដីកាអន់ព្រះទ័យ នឹងម្ចាស់សំដី«យើស... អាត្រងោល!»
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៨ តុលា ២០១៥
- កែប្រែចុងក្រោយ: October 28, 2015
- ប្រធានបទ: សាសនា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីការវាយដំធាក់ទាត់ ទៅលើតំណាងរាស្ត្រពីររូប មកពីគណបក្សសង្គ្រោះជាតិ រហូតមានរបួសស្នាមនោះ ហេតុការណ៍មួយនេះទៀត ក៏បានជួយបន្ថែមរសជាតិ ឲ្យបាតុកម្មទាមទារឲ្យទម្លាក់លោក កឹម សុខា ចេញពីតំណែង ជាអនុប្រធានទីមួយ នៃរដ្ឋសភានោះ កាន់តែមានភាពល្បីល្បាញនោះដែរ។ ល្បីល្បាញ ព្រោះពាក្យសម្ដីមួយឃ្លា របស់បុរសម្នាក់ ដែលមានអាហារនៅពេញមាត់ បានស្រែកទៅលើព្រះសង្ឃមួយអង្គ ព្រះនាម ណាំ ចាន់ថេន សឹងកក្រើកប្រថពី (ព្រោះសម្លេងខ្លាំងជាងសម្លេង របស់បាតុកររាប់សិបដទៃទៀត) ថា៖ «គេវាយឥឡូវហ្នឹង!... ទៅវត្តទៅ! លោកឆ្កួតអីមកអញ្ចឹង! យើសអាត្រងោល!... អើចុះហ្អែងអាត្រងោល បើប្រម៉ាណពាន់អង្គ មកតែហ្អែងមួយហ្នឹង! ចុយអានេះ!»
មានថេរដីកា នៅក្រោយព្រឹត្តិការណ៍នេះភ្លាមៗ ព្រះតេជគុណ ចាន់ថេន គង់នៅវត្តព្រះពុទ្ធ បានឲ្យដឹងថា ព្រះអង្គគ្រាន់តែចង់ចូលរួម ជាមួយនឹងសកម្មភាពផ្សេងៗ ដូចនឹងប្រជាពលរដ្ឋទូទៅដែរប៉ុណ្ណោះ ដូចជាការងារសង្គម ការងារមនុស្សធម៌ជាដើម។ ព្រះអង្គបន្តថា តាមច្បាប់រដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋទូទៅមានសិទ្ធិ ក្នុងការទទួល និងយកព័ត៌មាន។ ព្រះអង្គបានចោទជាសំនួរថា៖ «តើញោមមានបានមើលទេ ហើយញោមម៉ិញ មានប្រសាសន៍ថា សុទ្ធតែអាត្រងោលអីចឹង វាមិនត្រូវទេ។ ហើយមកដេញអាត្មា ឲ្យទៅវត្តទៅអី ចុះបើនិមន្តអាត្មាឲ្យស្រួលទៅ អាត្មាក៏និមន្តទៅដែរ។ (...) ហើយរកវាយអាត្មាទៀត អំពើហិង្សាទាំងកាយ ទាំងពាក្យសំដី។ (...) មិនសមជាពុទ្ធសាសនិកជន ជាអ្នកចេះដឹង និងគោរពព្រះពុទ្ធសាសនា (នោះទេ)។»
ព្រះអង្គបានថ្លែងបន្ត ដោយអាក់អន់ស្រពន់ ក្នុងព្រះហឬទ័យថា៖ «អាត្មាអន់ចិត្តមែនទែន។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ មានឈាមជ័រជាខ្មែរ ជាអ្នកកាន់ព្រះពុទ្ធសាសនា ហេតុអ្វីបានជាគាត់ពាក់មួក ប្រើពាក្យសុទ្ធតែអា...ចឹង។ (...) ញោមម្នាក់ហ្នឹង គឺឈ្លើយបំផុត។» រហូតដល់មានស្ត្រីម្នាក់ ចេញមុខមកសម្រួល ដោយដាក់កំហុសទៅលើ«បុគ្គល»។ តែបើតាមអ្នកនៅក្នុងហេតុការណ៍ បានឲ្យដឹងថា ការស្រែករបស់បុរសម្នាក់នេះ ត្រូវបានមនុស្សនៅជុំវិញ ជាច្រើននាក់ផ្សេងទៀត ស្រែក«បន្ទរ»តាមពីក្រោយ។ បើអញ្ចឹង សូមជួយពន្យល់ពាក្យផងថា អ្វីទៅដែលហៅថា «បុគ្គល»? ឬមួយមនុស្សបែបនេះ មានច្រើនពេកទៅ គេត្រូវបង្កប់ពីក្រោយពាក្យ «បុគ្គល» ដោយ«បុរស ពហុវចនៈ»?
» សូមស្តាប់ការបកស្រាយ របស់ព្រះអង្គទាំងស្រុង ដូចខាងក្រោម៖