ផៃ ស៊ីផាន៖ ការប្រារព្ធទិវាសិទ្ធិមនុស្ស ជាជ្រុងមួយនៃនយោបាយបក្សប្រឆាំង
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: December 02, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទិវាសិទ្ធិមនុស្សអន្តរជាតិដែលបានរៀបចំឡើង ដោយអង្គការសង្គមស៊ីវិល ក្នុងទិសដៅមួយជំរុញឲ្យប្រជាពលរដ្ឋយល់ដឹង និងបានចូលរួមក្នុងការគោរពសិទ្ធិមនុស្ស នឹងជាការនាំនូវសារមួយយ៉ាងច្បាស់លាស់ ទៅកាន់រដ្ឋាភិបាលក្នុងការលើកកំពស់សិទ្ធិមនុស្សឲ្យបានកាត់តែរឹងមាំ ជាមួយនឹងការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីរដ្ឋាភិបាល។ តែការប្រារព្ធទិវាដែលមានគណបក្សសង្គ្រោះជាតិចូលរួមដែរនេះ ត្រូវបានមន្ត្រីអ្នកនាំពាក្យទីស្តីការគណរដ្ឋមន្ត្រីចាត់ទុកថា ជាជ្រុងមួយនៃនយោបាយ របស់គណបក្សប្រឆាំងតែប៉ុណ្ណោះ។
លោក ផៃ ស៊ីផាន មន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា។ (រូបថតទីស្ដីការគណរដ្ឋមន្ត្រី)
សិទ្ធិ និងសេរីភាព «មានយុត្តិធម៌ មានសន្តិភាព» ជាពាក្យស្លោកមួយដែលត្រូវបានអង្គការសង្គមស៊ីវិល យកមកធ្វើជាគោលការណ៍ចំបងក្នុងការហែរធម្មយាត្រាពីបណ្តាខេត្តនានាមកភ្នំពេញ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែធ្នូ ដែលបានរៀបចំឡើងដោយអង្គការសង្គមស៊ីវិល សមាគម សហគមន៍ បណ្តាញសហព័ន្ធ សហជីពមួយ និងបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម។
លោក ផៃ ស៊ីផាន មន្ត្រីអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកការប្រារព្ធទិវាសិទ្ធិមនុស្ស១០ធ្នូ តាមរយៈការដង្ហែរជាធម្មយាត្រា ដែលដឹកនាំដោយអង្គការសង្គមស៊ីវិលនោះ ថាជាការប្រើប្រាស់នូវសិទ្ធិសេរីភាព ដែលធានាដោយច្បាប់របស់ប្រជាពលរដ្ឋ។
មន្រ្តីរូបនេះបានចាត់ទុកថា ចលនាសង្គមកំពុងតែមានសភាពរស់រវើក មានការចាប់អារម្ភច្រើនលើករណីសិទ្ធិមនុស្ស ការអនុវត្តច្បាប់។ ទោះជាយ៉ាងណាក៏ដោយ ក៏លោកសូមឲ្យការអនុវត្តន៍ទិវានេះ មានការគោរពដល់សិទ្ធិអ្នកដទៃ ជាមួយនឹងអ្នកធ្វើចរាចរណ៍ និងជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ និងករណីមួយចំនួនទៀត ដែលអាចនឹងកើតមានឡើង ក្នុងតំណាក់កាលនៃការធ្វើធម្មយាត្រានេះ។
«ធុរៈកិច្ច»របស់គណបក្សសង្គ្រោះជាតិនោះ ជាការធ្វើ«បាតុកម្ម» ?
តែលោកផៃ ស៊ីផាន បានបង្ហាញពីការយល់ឃើញថា ការហែរធម្មយាត្រារបស់ប្រជាពលរដ្ឋនេះ អាចនឹងមានការបន្តរចូលរួមជាមួយនឹងបាតុកម្ម របស់គណបក្សសង្គ្រោះជាតិនាថ្ងៃខាងមុខ ព្រោះពួកគាត់ (ប្រជាពលរដ្ឋ) នឹងគិតថាទាំងនោះជាផលប្រយោជន៍ និងសិទ្ធិសេរីភាពរបស់ខ្លួន។ លោកបានចាត់ទុកថា ទាំងនេះជាជ្រុងមួយនៃនយោបាយ របស់គណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ។ «ធុរៈកិច្ចរបស់គណបក្សសង្គ្រោះជាតិនោះ ជាការធ្វើបាតុកម្មនេះឯង ដែលក្លាយជា«វប្បធម៌»មួយ ពាក់ព័ន្ធនិងសិទ្ធិមនុស្ស»។
អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងច្បាប់បាតុកម្ម សិទ្ធិនៃការទទួលខុសត្រូវនៃអ្នកដឹកនាំធ្វើបាតុកម្មនេះ ស្តែងឡើងឲ្យឃើញនូវទិដ្ឋភាពពីរយ៉ាង ទីមួយការមានការសហការល្អជាមួយអាជ្ញាធរមូលដ្ឋានដែលតំណាងឲ្យអំណាចរដ្ឋ តំណាងឲ្យផលប្រយោជន៍ សណ្តាប់ធ្នាប់ទូទៅ ដែលទទួលបាននូវកិច្ចការពារចំពោះអ្នកធ្វើបាតុកម្មទាំងនោះ។ «ទាំងអាជ្ញាធរ បាតុករត្រូវតែគោរពច្បាប់ និងទទួលខុសត្រូវចំពោះអំណាចរដ្ឋនេះឯង»។ ឯទិដ្ឋភាពទីពី លោកបានបញ្ជាក់ថា ដូចករណីដែលកើតឡើងជាយថាហេតុនូវអំពើហិង្សា ដែលបណ្តាលឲ្យមានមនុស្សរបួស និងស្លាប់ជាដើម ព្រោះតែបាត់បង់នូវកិច្ចសហការ និងការគោរពច្បាប់។
«រដ្ឋាភិបាលមិនមាននិន្នាការគោរព ដើម្បីគ្រាន់តែជាពិធីនោះទេ»
ទាក់ទងនឹងទិវាសិទ្ធិមនុស្សនេះផៃ ស៊ីផាន បានលើកឡើងថា «ការគោរពសិទ្ធិមនុស្ស មិនមែនគ្រាន់តែជាឆន្ទៈនយោបាយទេ រដ្ឋាភិបាលបានខំប្រឹងប្រែងសរសេរចេញជាច្បាប់ សិទ្ធិមនុស្ស និងកាតព្វកិច្ចត្រូវតែអនុវត្ទៅតាមច្បាប់។ (...) ការអនុវត្ត និងការគោរពច្បាប់ ដែលតម្រូវឲ្យមានកំណែផ្នត់គំនិតមហាជនទូទៅ។ ការគោរពសិទ្ធិមនុស្ស មិនមែនតែជាការតព្វកិច្ចរបស់រដ្ឋាភិបាលទេ ជាការតព្វកិច្ចរបស់ប្រជាពលករដ្ឋម្នាក់ៗ ក្នុងការចូលរួមនៃការគោរពសិទ្ធិមនុស្ស។ (...) យើងមានច្បាប់ តែរបត់នៃផ្នត់គំនិតរបស់យើង មិនទាន់ទទួលកាតព្វកិច្ចគ្រប់គ្រាន់ អនុវត្តច្បាប់ឲ្យបានពេញលេញ។ (...) រាជរដ្ឋាភិបាលមិនមាននិន្នាការគោរពដើម្បីគ្រាន់តែជាពិធីនោះទេ រដ្ឋាភិបាលធ្វើឲ្យមានការដឹង ការចូលរូម ការគោរព និងការអនុវត្តច្បាប់នេះឯង។»
ស្របពេលជាមួយគ្នានេះ លោក ញ៉ែម ប៉ុញ្ញារិទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ការគោរពសិទ្ធិមនុស្សនេះ ជាការដង្ហែរធម្មយាត្រា និងការរៀបចំរបស់អង្គការសង្គមស៊ីវិល ឯគណបក្សសង្គ្រោះជាតិ គ្រាន់តែចាំទទួលនៅរាជធានីភ្នំពេញ និងនាំយក«ញត្តិ»របស់សង្គមស៊ីវិលនោះ ទៅកាន់រដ្ឋាភិបាលតែប៉ុណ្ណោះ។ លោកបានបន្តរថា ទោះយ៉ាងណាក៏ដោយ ក៏មានការចូលរួមដង្ហែរខ្លះៗ ដោយសកម្មជនគណបក្សសង្គ្រោះជាតិ មកពីតាមបណ្តាខេត្តមួយចំនួន ដែលពើបប្រទះជាមួយ នឹងការហែររបស់អង្គការសង្គមស៊ីវិល តាមដងផ្លូវធំៗមួយចំនួនប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា ក្នុងថ្ងៃទី១០ ធ្នូខាងមុខនេះ គណបក្សសង្គ្រោះជាតិមានកម្មវិធីពីរ ទីមួយកម្មវិធីចាំទទួលការហែរធម្មយាត្រា របស់អង្គការសង្គមស៊ីវិល ពីតាមបណ្តាខេត្តនានា ដែលមានលោកសម រង្ស៊ី ចាំទទួលនូវស្ពានក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ លោក កឹម សុខា ចាំទទួលនៅពោធិចិនតុង ខណ្ឌពោធិ៍សែនជ័យ និងលោកស្រី មួរ សុខហួរ ចាំទទួលនៅស្ពានជ្រោយចង្វា ខណ្ឌឬស្សីកែវ។ ឯកម្មវិធីទីពីរ ក្រៅពីទទួលស្វាគមរបស់អង្គការសង្គមស៊ីវិល នារាជធានីភ្នំពេញ នឹងមានការប្រារព្វទិវាសិទ្ធិមនុស្សនេះ នៅមុខប្រាសាទអង្គវត្ត រួចដង្ហែរទៅកាន់ព្រះអង្គចេក ព្រះអង្គចម ហើយបញ្ចប់ទៅនាម៉ោងប្រាំមួយល្ងាច ដោយគ្មានការដង្ហែរញ្ញត្តិទេ គ្រាន់តែមានការថ្លែងការណ៍នៅទីនោះផ្ទាល់តែម្តង៕
----------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ