ថៃ៖ នាយករដ្ឋមន្ត្រីបដិសេធឱសានវាទ ខណៈអំពើហិង្សាបន្តរាលដាល
ជាថ្មីម្ដងទៀត នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានឆ្លើយបដិសេធ តបទៅកាន់ឱសានវាទរបស់មេដឹកនាំបាតុកម្ម ដែលបានកំណត់រយៈពេល២ថ្ងៃ ដើម្បីទាមទារឲ្យលោកស្រីបង្កើត«ក្រុមប្រឹក្សាប្រជាជន»មួយ ដោយបានចាត់ទុកថាការទាមទារនោះ គ្មាន«ធម្មនុញ្ញភាព»។ តែទោះជាយ៉ាងណាក៏ដោយ ក៏លោកស្រី ត្រៀមខ្លួនរួចជាស្រេចថានឹងធ្វើនូវរាល់អ្វីៗ ដើម្បីយកសុខសន្តិភាពត្រឡប់មកវិញ និងបិទបញ្ចប់នូវបាតុកម្មហិង្សា ដែលបានធ្វើប្រឆាំងនឹងរដ្ឋាភិបាលលោកស្រី។
លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ ថ្លែងអង្វរប្រជាជាតិ។ (រូបថត Wason Wanonchakorn, AP)
នយោបាយថៃ - លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងសន្និសិទការសែតមួយ ដែលផ្សាយតាមកញ្ចក់ទូរទស្សន៍ ដែលបង្ហាញឲ្យឃើញជាថ្មីទៀត ពីភាពជាប់គាំងខាងនយោបាយ នៅក្នុងប្រទេសថៃបច្ចុប្បន្ន ខណៈពេលដែលអំពើហិង្សា និងការប្រឈមមុខរវាងកងកម្លាំងនគរបាល និងក្រុមបាតុករប្រឆាំង កំពុងបន្តរីករាលដាលនៅតាមដងផ្លូវ។
ក្រុមបាតុករបានប្រើប្រាស់រថយន្ដប្រមូលសម្រាម ដើម្បីព្យាយាមបុកទម្លាយរនាំងបេតុង ដែលដាក់ខណ្ឌសម្រាប់ការពារទីស្ដីការរដ្ឋាភិបាល និងអាគារផ្សេងទៀត។ កងកម្លាំងនគរបាលបានព្យាយាមរុញច្រានក្រុមបាតុករ ដោយប្រើឧស្ម័នបង្ហូទឹកភ្នែក បំពង់បាញ់ទឹក និងបាញ់គ្រាប់កៅស៊ូ ខណៈពេលក្រុមបាតុករបានតបតរវិញ ដោយប្រើគ្រាប់បែកកែឆ្នៃ។
រលកចលនារបស់ក្រុមបាតុករប្រឆាំង ដែលចង់ទម្លាក់រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ នេះ បានធ្វើឲ្យរង្គើដល់សេដ្ឋកិច្ចរបស់ប្រទេស ហើយក្នុងពេលខាងមុខនេះ ក៏អាចទំនងនឹងប៉ះពាល់ដល់រដូវកាលទេសចរណ៍ ដែលប្រទេសថៃធ្លាប់តែមានកេរ្ត៍ឈ្មោះល្បីល្បាញនោះទៀតផង។
នៅក្នុងតុល្យភាពផ្លូវការ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់ និងច្រើនជាង២០០នាក់ផ្សេងទៀតរងរបួស នៅក្នុងការប្រឈមមុខរវាងក្រុមបាតុករ និងកងកម្លាំងនគរបាលក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។
ជាមួយសម្លេងក្នុងន័យអង្វរក ប៉ុន្តែម៉ត់ចត់ នាសន្និសិទការសែត លោកស្រី យីងឡាក់ បានថ្លែងថា «ប្រសិនជាមានអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីប្ដូរយកសន្តិភាពទៅឲ្យប្រជាជនថៃ ខ្ញុំរីករាយនឹងធ្វើ»។ លោកស្រីបន្តថា «រដ្ឋាភិបាលបើកចំហរជានិច្ច ដើម្បីការចរចារទាំងឡាយ។ ប៉ុន្តែសម្រាប់ខ្លួនខ្ញុំផ្ទាល់ ខ្ញុំមើលមិនឃើញពីដំណោះស្រាយ ដែលគោរពច្បាប់និងរដ្ឋធម្មនុញ្ញ ដើម្បីឆ្លើយតបទៅនឹងបញ្ហា (ឱសានវាទ) នេះទេ។»
សូមរំលឹកឡើងវិញថា មេដឹកនាំបាតុករ លោក ស៊ូថេប ថោងស៊ូបាន បានជួបលោកស្រី យីងឡាក់ នៅយប់ថ្ងៃអាទិត្យទី០១ខែធ្នូ ម្សិលម៉ិញ ហើយបានបញ្ជាក់ពីជំហរ មិនចង់បានការលាលែងតំណែងរបស់នាយករដ្ឋមន្ត្រី ឬការបើឆ្នោតមុនកាលកំណត់នោះទេ។ ប៉ុន្តែនៅចំពោះមុខ លោកស្រី យីងឡាក់ ដែលបានជាប់ឆ្នោតតាមលិទ្ធិប្រជាធិបតេយ្យកាលពី ឆ្នាំ២០១១នោះ លោក ស៊ូថេប មានបំណងចងឲ្យលោកស្រីបង្កើត«ក្រុមប្រឹក្សាប្រជាជន»មួយ ដែលមិនចេញពីការបោះឆ្នោត ឲ្យជ្រើសតាំងនាយករដ្ឋមន្ត្រីថ្មីមួយរូបទៅវិញ។ ការទាមទារនេះ បានរងនូវការរិះគន់យ៉ាងច្រើន ថាមិនស្របតាមលិទ្ធិប្រជាធិបតេយ្យ។
លោកស្រី យីងឡាក់ បានបញ្ជាក់បន្តទៀតថា «ខ្ញុំមិនដឹងថាតើអាចទទួលយកយ៉ាងដូចម្ដេច នូវការទាមទាររបស់លោក ស៊ូថេប។ យើងមិនដឹងត្រូវធ្វើយ៉ាងដូចម្ដេចទេ។ នៅពេលឥឡូវនេះ យើងមើលមិនឃើញច្រកចេញ ដែលអធម្មនុញ្ញភាពបែបនេះ ថាអាចឆ្លើយតបនឹងវិបត្តិនោះទេ៕»
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ