ថៃ៖ អគ្គលេខាធិការ អ.ស.ប អំពាវនាវឲ្យមានរដ្ឋាភិបាលស៊ីវិលឡើងវិញ
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២២ ឧសភា ២០១៤
- កែប្រែចុងក្រោយ: May 23, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រតិកម្មរបស់សហគមន៍អន្តរជាតិ បានធ្លាក់ចុះមកជាបន្តបន្ទាប់។ បន្ទាប់ពីប្រទេសធំៗ មានដូចជាសហរដ្ឋអាមេរិក និងបារាំងជាដើម បានថ្លែងប្រតិកម្មជាបន្តបន្ទាប់ មិនគាំទ្ររដ្ឋប្រហារយោធានៅថៃនេះមក អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក បាន គី-មូន (Ban Ki-moon) នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ បានសម្ដែងការខ្វាយខ្វល់នៅចំពោះព្រឹត្តិការណ៍នយោបាយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
កងទ័ពថៃយាមកាមនៅតាមដងផ្លូវ ជាមួយនឹងរបងបន្លាលួស។ (រូបថត AFP)
នយោបាយថៃ - អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក បាន គី-មូន បានសម្ដែងការព្រួយបារម្ភរបស់លោក នៅចំពោះរដ្ឋប្រហារយោធា នៅប្រទេសថៃ និងទាមទារឲ្យមានរដ្ឋាភិបាលស៊ីវិល និងតាមបែបប្រជាធិបតេយ្យឡើងវិញ។ នេះជាការថ្លែងឲ្យដឹងរបស់លោក ស្ទេហ្វាន ដួចារិក (Stéphane Dujarric) អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការ។
អ្នកនាំពាក្យរូបនោះ បានបន្តទៀតថា «លោកអគ្គលេខាធិការ ស្នើសុំយ៉ាងម៉ឺងម៉ាត់ ឲ្យគ្រប់ភាគីទាំងអស់ ធ្វើការជាមួយគ្នា ក្នុងន័យស្ថាបនា ដើម្បីបញ្ឈៀសឲ្យបាននូវអំពើហិង្សា និងត្រូវគោរពសិទ្ធិមនុស្ស»។
កងទ័ពថៃបានធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី២២ ខែឧសភា វេលាម៉ោង៤កន្លះរសៀល រំលំរដ្ឋាភិបាលចាំផ្ទះរបស់ថៃ ហើយបានព្យួរទុកជាបណ្ដោះអាសន្ន នូវសិទ្ធិសេរីភាពជាមូលដ្ឋានជាច្រើន ក្នុងនោះមានការហាមប្រាមរាល់ការជួបជុំនយោបាយលើសពី៥នាក់ បិទចរាចរណ៍ចាប់ពីម៉ោង១០យប់រហូតដល់ម៉ោង៥ភ្លឺ ជាដើម។
ដោយឡែកសហរដ្ឋអាមេរិក តាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ខ្លួន លោក ចន ឃេរី (John Kerry) បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា «គ្មានអំណះអំណាងអ្វី មកធ្វើឲ្យមានជារដ្ឋប្រហារយោធាបែបនេះឡើយ»។ លោក ឃេរី បានអំពាវនាវឲ្យដាក់ឲ្យមានវិញភ្លាមជាបន្ទាន់ នូវរដ្ឋាភិបាលស៊ីវិលមួយ និងលិទ្ធិប្រជាធិបតេយ្យ។ រដ្ឋមន្ត្រីការបរទេសអាមេរិក បានដាក់ការត្រួតពិនិត្យ ទៅលើហេតុការណ៍អវិជ្ជមានណាមួយ ដែលអាចនឹងធ្វើល្អក់កករ នូវសម្ព័នភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងបាងកក។
រីឯអ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោន (ក្រសួងការពារជាតិសហរដ្ឋអាមេរិក) វិញ បានថ្លែងឲ្យដឹង នៅប៉ុន្មានម៉ោងក្រោយរដ្ឋប្រហារយោធានោះថា៖ «សហរដ្ឋអាមេរិក ធ្វើការពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការយោធាជាមួយនឹងទីក្រុងបាងកក ដើម្បីសម្រេចិត្តថា តើនឹងត្រូវធ្វើការផ្អាកជាបណ្ដោះអសន្នសិន ឬយ៉ាងណា បន្ទាប់ពីមានរដ្ឋប្រហារយោធាមួយនៅក្នុងប្រទេសថៃ»៕