វិភាគ៖ អ្នកសារពត៌មាន​ថៃ ព្រះឆាយាល័ក្ខ និង​កិត្តិយស​កម្ពុជា

ក្នុងឱកាសចូលថ្វាយសម្ដែងគាវរកិច្ច និងរំលឹកវិញ្ញាណខ័ន របស់ព្រះបរមសព នៃអង្គអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តមសីហនុ លោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីនណាវ៉ាត់ត្រា បានស្នើសុំអោយនាយករដ្ឋមន្ត្រីខ្មែរ លោកហ៊ុន សែន ជួយបញ្ចៀសចេញនូវហេតុការណ៍ ជាយថាហេតុមួយ ដែលបានកើតទៅលើអ្នកសារពត៌មានស្រីថៃម្នាក់។ ហេតុកាណ៍ដែលបានធ្វើអោយការជជែកវែកញែក រហូតមានការចោទេប្រកាន់ និងឈានទៅរកការរើសអើង រវាងជាតិសាសន៍ទាំងពីរថៃ និងកម្ពុជា។​​ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានត្រឡប់មកនិយាយ វិភាគលើបញ្ហានេះ ឡើងវិញ។
Loading...
  • ដោយ: ដារា រិទ្ធ
  • កែប្រែចុងក្រោយ: October 22, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងឱកាសចូលថ្វាយសម្ដែងគាវរកិច្ច និងរំលឹកវិញ្ញាណខ័ន របស់ព្រះបរមសព នៃអតីត​ព្រះមហាក្សត្រ ព្រះបាទ​នរោត្តម​សីហនុ  លោកស្រីនាយករដ្ឋមន្ត្រីថៃ យីងឡាក់ ស៊ីនណាវ៉ាត់ត្រា បានស្នើសុំអោយនាយករដ្ឋមន្ត្រីខ្មែរ លោកហ៊ុន សែន ជួយបញ្ជៀសចេញនូវហេតុការណ៍ ជាយថាហេតុមួយ ដែលបានកើតទៅលើអ្នកសារពត៌មានស្រីថៃម្នាក់។  ហេតុកាណ៍​ដែលបានធ្វើអោយការជជែកវែកញែក រហូតមានការចោទេប្រកាន់ និងឈានទៅរកការរើសអើង រវាងជាតិសាសន៍​ទាំងពីរ​ ថៃ និងកម្ពុជា។​​ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានត្រឡប់មកនិយាយ វិភាគលើបញ្ហានេះ ឡើងវិញ។


ក្រុមអ្នកយកពត៌មានរបស់ទូរទស្សន៍ថៃ ក្នុងពេលត្រៀមចាប់រូបភាព បានដាក់អត្ថបទអានលើដី។ រូបភាពពីហ្វេសប៊ុក។

សូមរំលឹកថា ស្ត្រីអ្នកសារពត៌មាន ធ្វើការអោយទូរទស្សន៍ប៉ុស្ដិ៍លេខបីថៃរូបនេះ បានធ្វើដំណើរមកកម្ពុជា ដើម្បីយកពត៌មាន ពីការសោយទីវង្គត របស់អង្គអតីតព្រះមហាក្សត្រ កាលពីថ្ងៃដំបូង ទី១៥តុលា។ នាងត្រូវបានគេថតរូប ជាមួយនឹង ក្រដាស​រូបថតរបស់សម្ដេចសីហនុ ដាក់នៅផ្ទាល់ដីជិតក្បែរជើងរបស់នាង ខណៈនាងកំពុងធ្វើការផ្សាយផ្ទាល់មួយ​ពីទីក្រុង​ភ្នំពេញ រាយការណ៍ថា ព្រះបរមសពនឹងត្រូវគេយាងត្រឡប់មកមាតុប្រទេសវិញ នៅថ្ងៃទី១៧តុលាខាងមុខនោះ។ បន្ទាប់មក រូបថត​ដ៏អកុសលនេះ ត្រូវបានគេបាញ់បង្ហោះពេញអាកាស​ លើពិភពអាំងធើណែត ជាពិសេសនៅក្នុងបណ្ដាញ​សង្គម​​ហ្វេសប៊ុក ដែលជាបណ្ដើរៗ​ ក្រុមអ្នកពិភាក្សាអោយយោបល់ជាជនជាតិខ្មែរ បានចោទប្រកាន់ដោយប្រើ​ពាក្យសំដី​ធ្ងន់ៗ ប្រឆាំងនឹង​អ្នកសារពត៌មានថៃរូបនេះ ថានាងមាន«ចេតនា»បន្ទាបបន្ថោក ដល់ព្រះមហាវីរក្សត្រកម្ពុជា។

បន្ទាប់ពីបានត្រឡប់ទៅប្រទេសថៃវិញជាបន្ទាន់នោះ ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ័លេខ៣ និងស្រ្តីអ្នកសារពត៌មានថៃរូបនេះ​ បានចេញសេចក្ដីថ្លែងការណ៍បន្តបន្ទាប់គ្នា សុំអភ័យទោសពីសំណាក់ប្រជាជាតិខ្មែរ ដោយបានបញ្ជាក់ពី«អចេតនា» និង​សង្ឃឹមថា មិនមានផលរមាស់ដល់ទំនាក់ទំនងទ្វេភាគី ថៃកម្ពុជាឡើយ។ រូបថតជាច្រើនផ្សេងទៀត ផ្សាយនៅលើ​បណ្ដាញ​សង្គមហ្វេសប៊ុក បានបញ្ជាក់ថា ស្រ្តីអ្នកសារពត៌មានថៃ បានចូលខ្លួនទៅថ្វាយសុំខមាលទោស នៅចំពោះ​ព្រះឆាយាល័ក្ខ​នៃអតីតព្រះបាទនរោត្ដម សីហនុ នៅក្នុងស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងបាងកក ដល់ទៅពីរដងទៀត។ រីឯខាងកម្ពុជា​​វិញ មុនការមកដល់របស់លោកស្រីយីងឡាក់ អង្គភាពពត៌មាននិងប្រតិកម្មរហ័សរបស់រដ្ឋាភិបាល ក៏បាន​ចេញសេចក្ដីថ្លែង​ការណ៍​មួយដែរ ចាត់ទុកការផ្សាយរូបថត និងការជជែកពិភាក្សានោះ ជាការយល់ខុស របស់«ជនអគតិ»មួយចំនួន។

គួររំលឹកដូចគ្នាផងដែរ កាលពីឆ្នាំ២០០៣ ដែលកាលនោះរលកជាតិនិយមកម្ពុជា ប្រឆាំងតារាភាពយន្ដថៃម្នាក់ បានធ្វើ​អោយ​​ស្ថានទូតថៃ និងបណ្ដាផលប្រយោជន៍របស់ថៃ ក្នុងប្រទេសកម្ពុជា រងនូវការដុតបំផ្លាញ ហើយបានរុញច្រាន​អោយ​ប្រទេស​ជិតខាងទាំងពីរ មើលមុខគ្នាមិនចំ ម្ដងរួចមកហើយនៅពេលនោះ។ ជាពិសេស ចាប់តាំងពីឆ្នាំ ២០០៧ រហូតមក​ដល់​ឆ្នាំ ២០១១ ប្រទេសទាំងពីរបានផុងខ្លួន យ៉ាងជ្រៅជាថ្មីម្ដងទៀត ទៅក្នុងជម្លោះទឹកដីនៅតំបន់ជុំវិញ​ប្រាសាទព្រះវិហារ​របស់ខ្មែរ ហើយបានបង្កអោយមានការជួបប្រយុទ្ធគ្នា រវាងកងទ័ពទាំងសងខាង ធ្វើអោយមានស្លាប់របួសជាច្រើននាក់។

ហេតុអ្វីក៏បញ្ហាជាតិសាសន៍ រវាងប្រទេសទាំងពីរ នៅតែជាបញ្ហារសើប ឃ្លីងឃ្លោងមិននឹង ដូចទឹកនៅលើស្លឹកឈូក អាច​នឹង​ឆាបឆេះ ជាអណ្ដាតភ្លើងបានយ៉ាងស្រួលបែបនេះ? បើគេនិយាយថា មកពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ របស់ប្រជារាស្ត្រ​កម្ពុជា មានចំពោះអតីតព្រះមហាក្សត្រ ដែលអាចជាមូលហេតុដែលងាយបញ្ឆេះកំហឹង ពីបញ្ហាជាតិសាសន៍​អោយ​ឆាប់​ផ្ទុះ​ឡើងនោះ ក៏មិនជាត្រឹមត្រូវប៉ុន្មាននោះដែរ។ តែគេត្រូវនិយាយពីឬសគល់ ដែលមានបរិបទជាច្រើន​ អាចអោយគេទាញ​យក​មកធ្វើការវិភាគ នៅក្នុងបញ្ហាទាំងនេះ ក្នុងនោះមូលដ្ឋានប្រវត្តិសាស្ត្រ និងភូមិសាស្ត្រនយោបាយ ជាមូលហេតុចំបង​ពីរ។

«សសរដាំមិនស្រួល ខ្យល់បក់មកត្រូវ នឹងដួលភ្លាមមួយរំពេច»

នរណាៗក៏ដឹងដែរ ថាប្រទេសជិតខាងកម្ពុជា ជាសត្រូវប្រវត្តិសាស្ត្រ របស់ប្រទេសដ៏តូចមួយនេះ។ ភាពអមិត្តនៅក្នុង​សតវត្ស ទី២១នេះ ជារឿងហួសសម័យ និងមិនគួរបង្កើត អោយមានមកវិញទៀតនោះទេ។ តែបញ្ហានេះ នៅតែកើតមាន យ៉ាងក្ដៅ​គគុក ជាពិសេសនៅរៀងរាល់ពេល ដែលជនជាតិជិតខាងទាំងនេះ និយាយប៉ះពាល់ពីកិត្តិយសផងគ្នា សូម្បីតែបន្ដិចបន្តួច​ក៏ដោយ។

បើគិតចេញពីសតវត្សន៍ទី១៣មកនោះ ការរំលោភឈ្លានពាន ការជ្រៀតជ្រែកចូលកិច្ចការនយោបាយផ្ទៃក្នុង ... ពីសំណាក់​បរទេសជិតខាង តែងតែកើតជារឿយៗ ហើយបានធ្វើអោយប្រទេសកម្ពុជា មានសង្គ្រាមរ៉ាំរ៉ៃ ស្គាល់សម័យកាល​សុខ​សន្តិភាពតិចតួចជាទីបំផុត។ ចម្បាំងរាំងជល់មិនស្រាកស្រាន្ដ ធ្វើឡើងរវាងខ្មែរ និងបរទេស ឬខ្មែរ និងខ្មែរគ្នា​ឯង ដែលមាន​រយះពេលយ៉ាងយូរ និងការជ្រៀតជ្រែកចូល ពីបរទេសមិនចេះចប់នេះហើយ ដែលធ្វើអោយកូនខ្មែរគ្រប់រូប កត់ទុកជាប់​នៅ​ក្នុង​ចិត្តជានិច្ច នូវកំហឹងជាតិ និងមិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីសាងសង់ នូវ«សសរសន្តិភាព» របស់ខ្លួន អោយ​បាន​នឹងនរ រឹងប៉ឹង ទៅតាមអ្វីដែលខ្លួនចង់បាន ជាមួយនឹងប្រទេសជិតខាងទាំងនេះ។

នៅក្នុងសម័យកាលបច្ចុប្បន្ន នៃសកលភាវរូបនីយកម្ម និងដោយសារការបើកទូលាយ នូវរបបទីផ្សារសេរីផងនោះ ប្រទេស​កម្ពុជាចាំបាច់ណាស់ ត្រូវការហុចដៃរបស់ខ្លួន ទៅរកប្រទេសផ្សេងៗទៀត ដើម្បីអភិវឌ្ឍន៍ចំណងការទូត នយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន។ រីឯបរទេសទាំងនោះ ក៏មានការគិតគូរដូចគ្នាដូច្នេះដែរ។ គេអាចសម្លឹងមើលមក​ប្រទេស​​កម្ពុជា ពីផលប្រយោជន៍ ដែលប្រទេសតូចនេះ អាចនឹងផ្ដល់អោយគេវិញ ដូចយ៉ាងប្រទេសកម្ពុជាអាចជាទីផ្សារ​មួយ សំរាប់ប្រទេសទាំងនោះ នាំផលិតផលខ្លួនមកលក់ ឬក៏ប្រទេសកម្ពុជាអាចជាដៃគូរសហការ ក្នុងកិច្ចការអភិវឌ្ឍន៍ ឬធ្វើ​ពាណិជ្ជកម្ម ឬបង្កើតតំបន់ឧស្សាហកម្មរួមជាដើម។

ដូច្នេះ នៅក្នុងបរិបទនៃការប្រទាញប្រទង់គ្នានេះហើយ ការបំផុស​អោយ​ខ្មែរ ស្អប់ជាតិសាសន៍មួយ វាជា«ឱកាស»សម្រាប់ អោយជាតិសាសន៍មួយទៀត«ទទួលផល»។ ហើយជាងពេលណា​ទាំង​អស់ ឆ្លៀតឱកាសដែលខ្មែរកំពុងតែ កែនប្រមូលគ្នា កាន់ព្រះមរណទុក្ខ នៃការសោយទីវង្គតរបស់សម្ដេចព្រះបិតាជាតិនេះ បរទេស«កេងចំណេញ»ទាំងនោះ អាចនឹងយក មនោសញ្ចេតនាសោយសោកនេះ មកធ្វើអាជីវកម្ម ដើម្បីស្វែងរកលាភ​សង្ការះ​នេះឡើង។


រូបថត ដែលគេយកមកធ្វើអត្ថាធិប្បាយបន្ថែម ពីការដាក់ព្រះឆាយាល័ក្ខ នៅជិតជើងផ្ទាល់ដី។ រូបភាពពីហ្វេសប៊ុក។

មួយវិញទៀត ក្នុងការចោទប្រកាន់ស្រ្តីអ្នកសារពត៌មានថៃ ដែលមានកន្លងមក ក្នុងការដាក់ព្រះឆាយាល័ក្ខ​នៅក្បែរ​ជើង​ផ្ទាល់ដី ត្រូវបានធ្វើជាលក្ខណៈតៗគ្នា ហើយបណ្ដាជនភាគច្រើនលើសលប់ បកស្រាយតែតាមរូបថត ហ៊ានធ្វើសេចក្ដី​សន្និដ្ឋាន ទាំងមិនស្គាល់ពីអង្គហេតុពិតប្រាកដ។ នេះចាត់ទុក ជាកំហុសមួយ ទាំងផ្នែកសីលធម៌ ទាំងខាងផ្លូវច្បាប់។ យើង​អាចនិយាយថា ជាការយល់ច្រឡំមួយ ដែលតែងកើតមានជាធម្មតា សំរាប់មនុស្សលោក។ តែបើគេប្រើ​វិចារណញ្ញាណ មកត្រិះរិះពិចារណា ការយល់ច្រឡំនេះ អាចនឹងបណ្ដាលអោយប្រទេសទាំងពីរ មានផលរមាស់នឹងគ្នា ឬអាចមើលមុខគ្នា​លែងចំ ... ដោយសារតែរឿងមួយ ដែលអ្នកចោទបានធ្វើឡើង ដោយគ្មានមូលដ្ឋានច្បាស់លាស់។

ក្នុងពេលនេះ ស្រ្តីថៃអ្នកសាពត៌មាននោះ ឈប់ដើរតួអង្គជាជនឈ្លានពាន«ដោយអចេតនា»ទៀតហើយ តែបានក្លាយ​ជា​ជន​រងគ្រោះ នឹងការចោទប្រកាន់មួយ ដែលគ្មានការពិនិត្យលើអំណះអំណាង ក្នុងហេតុការណ៍នោះទៅវិញ។ តែទោះ​បី​ជាយ៉ាងណាក៏ដោយ ក៏នាងត្រូវតែកែនូវកំហុសខ្លះ ដោយជៀសពុំផុត នោះគឺការធ្វើការ​ប្រកបរបរវិជ្ជាជីវះរបស់ខ្លួន ប្រកប​ដោយភាពប្រុងប្រយ័ត្នខ្ពស់ជាងនេះ ដើម្បីជៀសវាងនូវហេតុការណ៍ជា​យថាហេតុ ដែល​អាចត្រឡប់វាយបកមក​នាង​វិញ។

ការប្រើប្រាស់មនោសញ្ចេតនា «ជាតិនិយមជ្រុល» មកជជែកវែកញែក វាមិនខុសណា ពីការធ្វើដំណើរដើរទៅមុខ ទាំង​បិតភ្នែក បិតត្រជៀក មិនចង់លឺមិនចង់ស្គាល់ ពីអ្វីទាំងអស់នៅជុំវិញ។ គ្មានពូជ«ខ្មែរអង្គរ»ណាម្នាក់ បានប្រើប្រាស់ «គំនិតមានតែអញ» ដើម្បីមកសាងសង់មហាប្រាសាទអង្គរ ដ៏ធំមហិមានោះទេ។ ប៉ុន្ដែដោយសារតែខ្មែរ មានភាព​ជា​«អ្នកជា»នេះដែរ ទើបបរទេសជិតខាងតែងតែឆ្លៀត យកវាមកប្រើប្រាស់ ក្នុងនយោបាយមហិច្ឆតាវាតទីរបស់ពួកគេនោះ។

និយាយបែបនេះ មិនមានន័យថា គេត្រូវកាន់ជើងស្រ្តីអ្នកសារពត៌មានថៃ ឬខ្មែរត្រូវបណ្ដោយខ្លួនអោយបរទេស អាចបង្ក​«ចេតនាអាក្រក់» នៃការជ្រៀតជ្រែក ឬការមើលងាយមើលថោក ទៅលើប្រទេសកម្ពុជាបានស្រេចនឹងចិត្ត ដោយគ្មាន​ការឆ្លើយតបនោះទេ។ ប៉ុន្ដែ មិនមានវិធីអ្វីប្រសើរជាង ជំហរដ៏រឹងមាំមួយនៅលើផ្លូវច្បាប់ ដូចដែលអតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ ទ្រង់បានធ្វើកន្លងមក ក្នុងជម្លោះជាមួយបរទេសនោះទេ។ មួយវិញទៀត ការថ្លឹងថ្លែង ត្រិះរិះ​ពិចារណា ប្រកបដោយវិចារណញ្ញាណ និងឈរជាធ្លុងមួយ នៃការរួបរួមជាតិទាំងមូល ជាអំពើរដ៏ល្អប្រសើរជាទីបំផុត បង្ហាញពីកិត្តិយសមានតម្លៃដ៏មហាសាល មិនអាចកាត់ថ្លៃបាន នៃខ្មែរ«ពួជអ្នកសាងអង្គរ»។

ជាការពិតណាស់ នៅរៀងរាល់ពេលដែលខ្មែររួបរួមគ្នា បរទេសដែលមានគំនិតឈ្លានពានខ្មែរទាំងឡាយ រាប់ទាំងអាណា​និគមនិយមបារាំងផង ត្រូវតែបាក់ក្លបខ្លាចជារៀងដរាប និងដោយជៀសមិនផុត។ នេះ ជាមូលហេតុមួយ ក្នុងចំណោម​មូលហេតុជាច្រើនទៀត ដែលធ្វើអោយ«ទឹកដីខ្មែរ ប្រែថាមិនសូន្យ» រហូតមកទល់នឹងសព្វថ្ងៃ៕

-------------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...