ក្ដាបញ្ជា សៀរហ្វេស របស់មីក្រូសូហ្វ៍ ចេញលក់តែថ្លៃជ្រុល?
ក្ដាបញ្ជា សៀរហ្វេស របស់ក្រុមហ៊ុនកំព្យូទ័រ មីក្រូសូហ្វ៍ ដែលមនុស្សភាគច្រើន ទន្ទឹងរងចាំនោះ បានចាប់ផ្ដើមចេញលក់ ដើម្បីមកប្រណាំងប្រជែង នឹងផលិតផល អាយផេដ របស់អ័បផល និងក្ដាបញ្ជាអេនដ្រូដ របស់ហ្គូហ្គើល តែ ... តម្លៃលក់ នៅទ្វីបអ៊ឺរ៉ុប ចាប់ពី ៤៨៩អ៊ឺរ៉ូ (ប្រមាណជា ៦៣៧ដុល្លាអាមេរិក) ឡើងទៅ។ នេះជាតម្លៃលក់ របស់ផលិតផលធម្មតា (Home or RT version) តែតម្លៃលក់ នៅមិនទាន់អោយដឹងនៅឡើយ សំរាប់ផលិតផលប្រើប្រាស់ជាលក្ខណៈអាជីប (Professional version)។ សម្រាប់តម្លៃ ៤៨៩អ៊ឺរ៉ូនេះ ដូចថ្លៃជ្រុលពេកទេដឹង ?
នៅទីបំផុត មីក្រូសូហ្វ៍ បានដាក់បញ្ចេញមកលក់ ជាលក្ខណៈបញ្ជាទិញមុន នូវផលិតផលក្ដាបញ្ជាដំបូងរបស់ខ្លួន ឈ្មោះហៅថា «សៀរហ្វេស (Surface)» ហើយអ្នកដែលបញ្ជាទិញមុន នឹងទទួលបានផលិតផលនេះ ចាប់ពីថ្ងៃទី ២៦ ឬ៣០តុលាខាងមុខ។ ថ្ងៃទី ២៦តុលា ជាថ្ងៃបញ្ចេញលក់ជាផ្លូវការ នៃផលិតផលនេះ ក្នុងប្រទេសបារាំង។
ថ្លៃជ្រុលបន្ដិចហើយ «លោកម្ចាស់»មីក្រូសូហ្វ៍ !
បើពិនិត្យមើលតំលៃ វាដូចជាថ្លៃបន្តិច ដោយហេតុថា អេក្រង់របស់វា ទំហំ ១០,៦អ៊ីញ មានកំរិត«ពីកសែល» ត្រឹមតែ១លានពីកស៊ែលប៉ុណ្ណោះ ៣ដងតិចជាង បើប្រៀបទៅអាយផេដ ហើយពីរដងតិចជាង ក្ដាបញ្ជាអេនដ្រូដ ដែលចេញផ្សាយតាំងពី ៦ខែមុន។ ហើយកំរាស់ និងទម្ងន់របស់ផលិតផលនោះទៀតសោត ក៏ក្រាស់ ហើយធ្ងន់ជាងគេដែរ៖ កំរាស់ ៩,៤មម ជាមួយនឹងទម្ងន់៦៨០ក្រាម បើប្រៀបធៀបទៅ «ត្រេនស្វ័ម័រ» របស់អេនដ្រូដ តែ៨,៥មម ជាមួយនឹងទម្ងន់៥៩០ក្រាមប៉ុណ្ណោះ។ មួយវិញទៀត សៀរហ្វេស មានសមត្ថភាពអាចថតវីដេអូបាន ត្រឹមតែ ៧២០P (HD) ប៉ុណ្ណោះ មិនដូចអាយផេដចេញថ្មី ដែលអាចចាប់រូបភាពបាន រហូតដល់ ១០៨០P (full HD) នោះទេ។
ក្នុងពេលបច្ចុប្បន្ន ក្ដាបញ្ជានេះ ប្រើប្រាស់ជាមួយ តែប្រព័ន្ធបញ្ជាមេ ដែលទើបនឹងចេញថ្មី ឈ្មោះហៅថា វីនដូវ អ៊រធី (Windows RT) ប៉ុណ្ណោះ។ ប្រព័ន្ធបញ្ជាមេនេះ មិនអាចប្រើបាន ជាមួយនឹងកម្មវិធីកន្លងមក ដែលធ្លាប់ប្រើជាមួយនឹងវីនដូវ ចេញមុនៗនោះឡើយ។ វីនដូន អ៊រធីនេះ មានទិសដៅសំរាប់អតិថិជនធម្មតា ដែលចង់ប្រើប្រាស់ក្ដាបញ្ជា តែនៅក្នុង តម្រូវការបន្ដិបន្តួច ហើយវាមិនចំណាយថាមពលច្រើន (អាចប្រើបានរហូតដល់ ៨ម៉ោង)។ ចំពោះអតិថិជនណា ដែលចង់ប្រើប្រាស់ផលិតផលនេះ ជាមួយវីនដូន ៨ ប្រូ (Windows 8 Pro) ត្រូវរងចាំបន្ដិចទៀត យ៉ាងហោចណាស់ ក៏រហូតដល់ដើមឆ្នាំក្រោយដែរ។ ហើយតម្លៃមើលទៅ ក៏កាន់តែថ្លៃទៅទៀត (ប្រមាណជា ២០០ ឬ ៣០០អ៊ឺរ៉ូបន្ថែម)។
តែដូចជាត្រឹមត្រូវដែរ ក្នុងតម្លៃនេះ ...
បើនិយាយពីរូបរាងរចនាបទវិញ សៀរហ្វេស មានរូបរាងស្អាតសង្ហា៖ ជន្ទុល ប្រដាប់សំរាប់ទប់ពីក្រោយ មានក្ដាវាយអក្សរជាប់មកជាមួយ ដែលមានលក្ខណៈជាក្របការពារអេក្រង់ខាងមុខ។ តំលៃ ៤៨៩អ៊ឺរ៉ូ នៅតែថោកជាង អាយផេដ (iPad 32 Go) ដែលមានតំលៃដល់ទៅ ៥៨៩អ៊ឺរ៉ូ។ ម៉្យាងទៀត មីក្រូសូហ្វ៍ មិនដែលកំណាញ់ស្វិត ជាមួយនឹងរូបរាងរចនាបទរបស់ខ្លួន តែមួយមុខ ដូចអ័បផលនោះទេ។ បន្ទាប់ពីចេញ វិនដូវ អ៊រធី សហគ្រាសផលិផលគ្រឿងបន្លាស់ ឬសម្រាប់បន្ថែម ផ្សេងទៀតក្នុងពិភពលោក នឹងអាចចេញមកលក់យ៉ាងសន្ធឹកសន្ធាប់ នូវផលិតផលរបស់ខ្លួន ដែលត្រូវប្រើប្រាស់ជាមួយ នឹងវីនដូវចេញថ្មីនេះ។ ចំណែកឯអ័បផល ទាល់តែសហគ្រាស ដែលនៅក្រោមយីហោរបស់ខ្លួន ទើបអាចផលិតគ្រឿងបន្លាស់ ឬសម្រាប់បន្ថែម ទៅលើផលិតផលអាយផេដបាន។
រីឯសេចក្ដីសម្រេចរបស់យើង ...
ដើម្បីនឹងជំរាបជូនលោកអ្នក អោយកាន់តែច្បាស់ និងដូចដែលទស្សនាវដ្ដី ធ្លាប់បានធ្វើទៅលើផលិតផលផ្សេងទៀត រួចមកហើយយើងនឹងរងចាំមើល ពីការប្រើប្រាស់សាកល្បង ទៅលើផលិតផលនេះសិន។ តែទោះបីយ៉ាងណាក៏ដោយ មីក្រូសូហ្វ៍នៅតែយឺតជាងគេ បើនិយាយពីកម្មវិធី សម្រាប់ប្រើប្រាស់ជាមួយ ផលិតផលរបស់ខ្លួន រាប់បញ្ចូលទាំង វីនដូវ ហ្វូនផង។ បេសកកម្មរបស់មីក្រូសូហ្វ៍ នឹងមិនជាស្រួលប៉ុន្មានទេ ប្រសិនបើនិយាយពីផលិតផលមួយ ដែលដាក់លក់ក្នុងតំលៃនេះ។ តែប្រាកដណាស់ «សៀវហ្វេស» នឹងធ្វើអោយមានរបត់ នៃសម័យកាលថ្មីមួយទៀត របស់ប្រព័ន្ធក្ដាបញ្ជា ដែលមិនមែនមានតែអាយផេដ ឬក្ដាបញ្ជារបស់អេនដ្រូដ ប៉ុណ្ណោះនោះទេ៕
----------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ