ហេតុអ្វី​បាន​ជា​ការ​ផ្សាយ​ពាណិជ្ជកម្ម អាយហ្វូន ដាក់​តែ​ម៉ោង៩និង​៤១នាទី?

អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេ ថាគ្រប់ការផ្សាយពាណិជ្ជកម្មរបស់ អ័បផល (Apple) នៅលើផលិតផលរបស់ខ្លួន មានដូចជា អាយហ្វូន (iPhone) អាយផេដ (iPad) ឬកំព្យូទ័រ ម៉ាក (Mac) គេឃើញម៉ោងនៅលើផលិតផលទាំងនោះ ត្រូវ​បាន​បង្ហាញ​ដូចគ្នាជានិច្ច គឺ៩និង៤១នាទីព្រឹក។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមជម្រាបជូនថាហេតុអ្វី។
រូបភាពផ្សាយពាណិជ្ជកម្មផ្លូវការ របស់អ័បផល ទៅលើផលិតផល អាយហ្វូន ៦។ (រូបថតក្រុមហ៊ុន)
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៧ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 09, 2014
  • ប្រធានបទ: ប្រវត្តិមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើអ្នកចង់ដឹងច្បាស់ អ្នក​គ្រាន់​តែ​ចូល​ទៅ​ក្នុង​គេហទំព័រ​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​យក្ស​ខាង​បច្ចេក​វិទ្យា អ័បផល អ្នក​នឹង​ឃើញ​ម៉ោង ៩និង​៤១នាទី ព្រឹក ត្រូវ​បាន​កំណត់​ឲ្យ​ដូច​គ្នា នៅ​គ្រប់​រូប​ថត ឬ​វីដេអូ ដែល​ផ្សាយ​ពាណិជ្ជកម្ម ឲ្យ​ផលិត​ផល​របស់​ក្រុមហ៊ុន។ ករណី​នេះ មាន​ប្រវត្តិ​របស់​វា ដែល​ត្រូវ​បាន​កំណត់​យ៉ាង​ត្រឹម​ត្រូវ ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិកាំង​មួយ​នេះ។

ហេតុការណ៍ដំបូង បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ២០០៧ ថ្ងៃ​ដែល​លោក ស្ទេវ ចប (Steve Jobs) នាយក​ស្ថាបនិក​របស់​ក្រុមហ៊ុន អ័បផល បាន​ត្រៀម​ប្រកាស​ផលិតផល​ថ្មី​មួយ នៅ​ក្នុង​មជ្ឈមណ្ឌល ម៉ាកវ័ល (MacWorld) នា​ក្រុង​សាន់​ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋ​អាមេរិក។ អតីត​មេ​ដឹក​នាំ អ័បផល រូប​នេះ បាន​ឡើង​លើ​ឆាក​តាំង​ពី​ម៉ោង​៩ ដើម្បី​ត្រៀម​នឹង​បង្ហាញ​ផលិតផល​ថ្មី​មួយ ដែល​ពិភពលោក​ទន្ទឹង​រង​ចាំ។

បន្ទាប់ពីបានធ្វើសេចក្ដីផ្ដើមមួយសន្ទុះមក លោក ចប បានប្រកាសទៅកាន់អ្នកចូលរួមថា៖ «គឺជាថ្ងៃ​ដែលខ្ញុំ​ខ្លួន​ឯង បានរងចាំតាំងពី២ឆ្នាំកន្លះមុន»។ បុរសម្ចាស់យីហោ អ័បផល បាននិយាយបន្តទៀតថា៖ «ពីសម័យកាល​មួយ​ទៅសម័យកាលមួយ ផលិតផលបដិវត្តន៍ បានមកដល់ ហើយអ្វីៗក៏បានផ្លាស់ប្ដូរដែរ» មុននឹងនិយាយ​ឃ្លា​ចុងក្រោយថា៖ «ថ្ងៃនេះ អ័បផល បានបង្កើត ទូរស័ព្ទ ឡើងមកហើយ»។

បន្ទាប់ពីវាចារបស់លោក ស្ទេវ ចប បានបញ្ចប់ ផ្ទាំងសំពត់សនៅខាងក្រោយលោក ក៏បានបញ្ចេញរូបភាព​ភ្លាម​ឡើងដែរ។ វេលានេះ ម៉ោង៩និង៤២នាទី។ នៅលើអេក្រង់ដ៏ធំសម្បើម គេឃើញរូបរាងទូរស័ព្ទថ្មី ដែលគេឲ្យ​ឈ្មោះថា «អាយហ្វូន» បានពន្លេចរូបរាងដំបូងរបស់ខ្លួនចេញមក។

តាំងពីពេលនោះមក នៅគ្រប់ឈុតឆាក រូបភាព ឬការផ្សាយអ្វីៗក័ដោយ ទាក់ទងនឹងផលិតផលរបស់ខ្លួន អ័បផល តែងបានគិត ទៅដល់និមិត្តរូបនៃវេលា ដែលអតីតនាយកក្រុមហ៊ុន លោក ស្ទេវ ចប បានបន្លឺវាចា​របស់លោកឡើង នាព្រឹត្តិការណ៍ដ៏ពិសេសនោះ។ ហើយកាយវិការនេះ ក៏ត្រូវបានចាត់ទុកថា ជាការ​ឧទ្ទិស​ទៅ​ដល់ ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យា ដែលមិនចេះនឿយណាយ និងមិនចេះរីងហួតរូបនេះដែរ។

សូមទស្សនាវីដេអូ ពាណិជ្ជកម្មមួយ ដែលបញ្ជាក់ពីម៉ោង ៩និង៤១នាទី ដូចខាងក្រោម៖

ប៉ុន្តែ ផលិតផលមួយ ដែលបានបង្ហាញម៉ោងនេះ ខុសគេ គឺផលិតផលទើបនឹងចេញថ្មី អ័បផល វ័ច (Apple Watch) ដែលតែងតែដាក់ម៉ោងនៅ ១០និង០៩នាទី នៅរៀងរាល់ការផ្សាយពាណិជ្ជកម្មឲ្យផលិតផល ទើប​នឹង​ចាប់កំណើតមួយនេះ។ ការកំណត់ម៉ោងថ្មី នៅលើផលិតផលថ្មី អាចមានមូលហេតុទាក់ទងនឹង សោភ័ណ្ឌភាព ដើម្បីឲ្យបានទ្រនិកនាឡិកាទាំងពី ចង្អុលឡើងជារាងអក្សរ V។ មួយទៀត អាចមកពីមូលហេតុ ដែលអ័បផល ចង់ប្រាប់ថា នេះជាផលិផលបច្ចេកវិទ្យាក្រោយដ៏ពិសេស មិនដូចផលិតផលមុនៗទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...