៦​ ចំណុច ដែល​ត្រូវ​ដឹង​ពី​ទូរស័ព្ទ «អាយហ្វូន ៦» (pic)

តើទូរស័ព្ទអាយហ្វូន (iPhone) ថ្មីបែបណា ដែលអ្នកប្រើប្រាស់ទាំងឡាយ បានកំពុងនឹងរងចាំនោះ? ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ សូមប្រាប់អ្នកត្រួសៗ ពីលក្ខណៈពិសេស ចំនួន៦ចំណុចដែលធ្វើឲ្យ អាយហ្វូន ​ជំនាន់​ទី៦ មាន​សភាព​ខុស​ពីជំនាន់មុន។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៩ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 09, 2014
  • ប្រធានបទ: បច្ចេកវិទ្យា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដូចបានគ្រោងទុក ទូរស័ព្ទទំនើបថ្មីដ៏ល្បីឈ្មោះ របស់ក្រុមហ៊ុនអ័បផល (Apple) អាមេរិក ដែលមានឈ្មោះថា អាយហ្វូន ជំនាន់ទី៦ (iPhone 6) ត្រូវបានក្រុមហ៊ុននេះប្រកាសចេញមកលក់ជាផ្លូវការ នៅថ្ងៃទី០៩ ខែកញ្ញា​នេះហើយ នាមជ្ឈមណ្ឌលខាប់ផើរទីណូ (Cupertino) រដ្ឋកាលីហ្វ័រនី សហរដ្ឋអាមេរិក។ ប៉ុន្តែដើម្បីឲ្យគេអាច​ដឹង​ពីរូបរាង និងគុណភាពពិតប្រាកដរបស់ទូរស័ព្ទទំនើបថ្មីនេះ គេត្រូវរងចាំដល់វាត្រូវបានដាក់ចេញ​មក​លក់ នៅលើទីផ្សារពិភពលោក ដែលគ្រោងយ៉ាងហោចណាស់ នៅថ្ងៃទី១៩ ខែកញ្ញាខាងមុខ។ តែខាងក្រោមនេះ ជាចំណុចសំខាន់ៗ ចំនួន៦ ដែលយើងបានដឹង ពីទូរស័ព្ទចេញថ្មីនេះ៖

១- អាយហ្វូន ៦ មានទំហំធំជាងបងៗរបស់វាមុន

អាយហ្វូន៥អេស (iPhone 5s) ដែលជាសមាជិកចុងក្រោយរបស់អាយហ្វូន ដែលមាន​អេក្រង់​ធំជាងគេ ទំហំ ៤អ៊ិញ ឬ១០សង់ទីម៉ែត្រ (ជាប្រវែងអង្កត់ផ្ចិត)។ ប៉ុន្តែអាយហ្វូន ៦ មានចេញជាពីរប្រភេទ៖ ប្រភេទទីមួយ មាន​អេក្រង់ទំហំ ៤,៧អ៊ិញ (១២សង់ទីម៉ែត្រ) និងប្រភេទទីពីរមានអេក្រង់ទំហំ ៥,៥អ៊ិញ (១៤សង់ទីម៉ែត្រ)។ ទំហំទាំងនេះ ក្រុមហ៊ុនអ័បផល ទំនងជាចង់ដាក់ឲ្យទូរស័ព្ទរបស់ខ្លួន ឲ្យមកប្រកួតប្រជែងជាមួយ​ទូរស័ព្ទ​ផ្សេង​​ទៀត ជាពិសេសទូរស័ព្ទរបស់ក្រុមហ៊ុន សាមស៊ុង (Samsung) ដែលមានទំហំអេក្រង់ សុទ្ធតែធំៗ។

២- រូបរាងរចនារបស់អាយហ្វូន ៦ ស្អាតជាងមុន (បន្តិច) និងស្ដើងជាងមុន

ស្អាតជាមុន«បន្តិច» ព្រោះអ័បផលមិនបានផ្លាស់ប្ដូររូបរាងខាងក្រៅ របស់ទូរស័ព្ទល្បីឈ្មោះរបស់ខ្លួន​ទាំង​ស្រុងនោះទេ។ រូបរាងអាយហ្វូន៦ ប្រហាក់ប្រហែលទៅនឹងអាយផូដ ធូស (iPod Touch) នោះដែរ។ តែអ្វី​ដែលសំខាន់នោះ អ័បផលបានធ្វើឲ្យផលិតផលរបស់ខ្លួន មានរូបរាងខាងក្រៅ ប្រកបដោយរចនាបទ​យ៉ាង​ផ្ចិតផ្ចង់ និងកាន់តែស្ដើងជាងមុន។ ទូរស័ព្ទរបស់អ័បផល បានធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែមានអារម្មណ៍ថា ដូចបានកាន់ប័ណ្ណឥណទាន នៅក្នុងដៃយ៉ាងដូច្នេះដែរ។ បើប្រៀបទៅនឹងទំហំ ដែលកាន់តែរីកធំនេះ កំរាស់​ដែលបានប្រកាសឲ្យដឹង មានតែ៦,៩មីលីម៉ែត្រ និងអាយហ្វូន៦+ មានកម្រាស៧,១ មីលីម៉ែត្រ​ប៉ុណ្ណោះ។ នោះ​គឺដោយសារតែទំហំរបស់អាយហ្វូនថ្មី បានពង្រីកខ្លួនធំជាងមុន បង្កឲ្យអ្នករចនាទូរស័ព្ទ អាចពង្រីក​កន្លែង​សម្រាប់គ្រឿងក្នុងបានច្រើនដែរ។ សូមទស្សនារូបភាពរបស់ទូរស័ព្ទប្រភេទថ្មី ដោយភ្នែករបស់​លោក​អ្នកផ្ទាល់ ដើម្បីធ្វើការវាយតម្លៃ។

៣- ម៉ាស៊ីថតរូបថ្មី

ម៉ាស៊ីនថតថ្មី មានកម្លាំងខ្លាំង (៨មេហ្គាផិកសែល) ជាមួយគុណភាពរូបភាពពិសេសជាងមុន។ ភាព​ពិសេស ដែលអ័បផលបានកំណត់ ថាមានតែខ្លួននោះ គឺម៉ាស៊ីនថតរូបនេះ មានបំពាក់ទៅដោយ ឧបករណ៍ប្រឆាំង​ភាពរង្គើ។ អ្នកប្រើប្រាស់អាចបើក ការកំណត់ថ្មីមួយ ហៅថា «Super Resolution» និងអាចចាប់ស្គាល់ ពីមុខ​មនុស្ស បានរហ័សជាងមុន។

៤- អាយហ្វូន៨ នឹងក្លាយជាប័ណ្ណឥណទានថ្មីរបស់អ្នកប្រើប្រាស់

នេះជាបច្ចេកវិទ្យាថ្មីមួយ ហៅថា NFC ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចធ្វើការទូទាត់ទំនិញបាន នៅតាម​ទីផ្សាររ (ដែលមានបំពាក់ឧបករណ៍ទូទាត់ទំនិញដូចគ្នា) តាមរយៈការទំនាក់ទំនងគ្មានខ្សែរ ឬហៅថា ប្លូធូស (Bluetooth)។ ការទូទាត់ទំនិញ តាមរបៀបថ្មី ដើម្បីកាត់បន្ថយការយកប័ណ្ណឥណទាន ទៅតាម ហើយអ្នក​ប្រើប្រាស់ក៏អាចប្រើប្រាស់ទូរស័ព្ទ ដែលមានបច្ចេកទេថ្មីនេះ ជំនួសឲ្យការទូទាត់ផ្សេងទៀត ដូចជាសំបុត្រ​ចូលទស្សនាភាពយន្ដ ឬសំបុត្រចូលជិះរថយន្ដក្រុងជាដើម។ ដើម្បីសុវត្តិភាពក្នុងការទូទាត់ ម្ចាស់ទូរស័ព្ទ​ទំនង​ត្រូវបានកំណត់អត្តសញ្ញាណជាមុន ដើម្បីឲ្យការទូទាត់ទាំងឡាយ អាចប្រព្រឹត្តិទៅបាន។

៥- មានតម្លៃថោកជាងមុន? មិនអញ្ចឹងទេ!

រឿងមួយដែលយើងធ្លាប់បានដឹង នោះគឺ អ័បផល មិនដែលខ្វល់ថា ផលិតផលរបស់ខ្លួនអាចមានតម្លៃថោក សម្រាប់អ្នកមិនសូវមានទ្រព្យធន់ អាចទិញបានយកមកប្រើនោះទេ។ អាយហ្វូនជំនាន់មុនៗ មានតម្លៃយ៉ាង​ហោចពី៧០០ ទៅ១០០០ដុល្លា ទៅតាមប្រភេទ និងចំណុះនៃការផ្ទុកទិន្និន័យ។ តែយ៉ាងហោចណាស់ អ័បផល ស្វែងរកភាព«ឥតខ្ចោះ»ដាក់ក្នុងផលិតផលរបស់ខ្លួន ដើម្បីឲ្យអ្នកប្រើប្រាស់ចំណាយលុយ ដោយ​មិនស្ដាយស្រណោះ ហើយតម្លៃ«ខ្ពស់» មិនបានប៉ះពាល់ក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះ ឲ្យធ្លាក់ខ្លួន ឬចូលដល់ក្ស័យធន់ ដោយសារគ្មានអ្នកទិញនោះឡើយ។

សម្រាប់អតិថិជនដែលទិញអាយហ្វូនជំនាន់ទី៦នេះ ជាមួយកិច្ចសន្យាប្រើប្រាស់យ៉ាងហោចមួយឆ្នាំនោះ ទូរស័ព្ទនឹងត្រូវដាក់លក់ក្នុងតម្លៃ ១៩៩ដុល្លា សម្រាប់ទិន្និន័យផ្ទុក ៣២ Go - ២៩៩ ដុល្លារ សម្រាប់ ៦៤ Go និង ៣៩៩ ដុល្លារ សម្រាប់ ១២៨ Go។ សម្រាប់អាយហ្វូន ៦+ នឹងលក់ថ្លៃជាងអាយហ្វូន ៦ តាមលំដាប់​លំដោយខាងលើ ១០០ដុល្លារ។ ប៉ុន្តែសូមកុំភ្លេចថា សម្រាប់តម្លៃទាំងនេះ លុះត្រាតែអ្នកជាប់កិច្ចសន្យា ប្រើប្រាស់ប្រព័ន្ធសេវាទូរស័ព្ទណាមួយ យ៉ាងហោចក៏មួយឆ្នាំដែរ។ តែបើសិនជាអតិថិជន ចង់ទិញដាច់នូវ​ទូរស័ព្ទអាយហ្វូន ដូចក្នុងប្រទេសកម្ពុជា ដោយមិនមានកិច្ចសន្យានោះ គេនៅមិនទាន់ដឹងពីតម្លៃ​នោះនៅ​ឡើយ។

៦- ចេញផ្សាយ ជាមួយផលិតផលថ្មី អ័បផល វ័ធ្ច (Apple Watch)

ការចេញមកព្រមគ្នានេះ អាចធ្វើឲ្យអាយហ្វូន កាន់តែមានភាពទាក់ទាញ។ ប៉ុន្តែ អ័បផល វ័ធ្ច ក៏មានចំណុច​ជា​ច្រើន ដែលតម្រូវឲ្យវា មានដំណើរការជាមួយនឹងទូរស័ព្ទដៃ អាយហ្វូន ក្នុងនោះដូចជាទទួលសារ ប្រាប់ឲ្យ​ដឹងពីការហៅទូរស័ព្ទចូល ជាដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...