អាយហ្វូន ៦ មាន«តម្លៃដើម»ចេញពីរោងចក្រ ថ្លៃប៉ុន្មាន?
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៧ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 29, 2014
- ប្រធានបទ: បច្ចេកវិទ្យា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើនិយាយពីការស្វែងរកភាពចំណេញ ក្រុមហ៊ុនយក្សខាងបច្ចេកវិទ្យារបស់អាមេរិក រកស៊ីមានបានណាស់ជាមួយនឹងទូរស័ព្ទរបស់ខ្លួន។ ហើយទូរស័ព្ទជំនាន់ថ្មី អាយហ្វូន ៦ លើកនេះ ក៏មិនមានអ្វីខុសប្លែកពីលើកមុនៗដែរ។ ប៉ុន្តែដើម្បីដឹងថា តើអ័បផលបានចំណេញប៉ុន្មានឲ្យពិតនោះ គ្មាននរណាម្នាក់អាចដឹងរឿងនេះឡើយ។ ហេតុដូច្នេះហើយ សហគ្រាសជំនាញខាងព័ត៌មានសេដ្ឋកិច្ចមួយ ហៅកាត់ជាភាសាអង់គ្លេសថា IHS បានរើរុះតួទូរស័ព្ទអាយហ្វូន៦ ថ្មី ដើម្បីយកគ្រឿងក្នុងទាំងអស់ មកធ្វើការវិភាគឲ្យដឹងថា តើក្រុមហ៊ុនអ័បផលចំណាយដើមទុនប៉ុន្មាន ក្នុងទូរស័ព្ទមួយ។
គ្រាន់តែអេក្រង់ទទេ ត្រូវបានគេប៉ាន់តម្លៃស្មើនឹង៤០ដុល្លារ។ ប៉ុន្តែបើគេគិតគូរជាតម្លៃដើមសរុបទាំងអស់ ទូរស័ព្ទអាយហ្វូន៦ មួយគ្រឿង ត្រូវបានចំណាយដើមទុនត្រឹមប្រមាណជា១៩៥ដុល្លារ។ រីឯទូរស័ព្ទអាយហ្វូន ៦ផ្លាស (iPhone 6 Plus) ត្រូវបានចំណាយដើមទុនប្រមាណជា ២១០ដុល្លារ ក្នុងមួយគ្រឿង។ បានន័យថាតម្លៃដើមរបស់ អាយហ្វូន៦ផ្លាស ថ្លៃជាងអាយហ្វូន ៦ តែ ១៥ដុល្លារទេ តែវាត្រូវបានលក់ចេញថ្លៃជាង ដល់ទៅ១៥០ ឬ២០០ដុល្លារ។
ប៉ុន្តែសម្រាប់ថ្លៃពលកម្ម ដែលក្រុមហ៊ុនអ័បផលបានចំណាយ ទៅលើកម្មកររោងចក្រ Foxconn ឬ Pegatron ក្នុងប្រទេសចិន ដែលមាននាទីជាអ្នកតម្លើងគ្រឿងក្នុងទាំងមូល មានតម្លៃត្រឹមតែ ៤ដុល្លារប៉ុណ្ណោះ ក្នុងមួយគ្រឿង។
យ៉ាងណាក៏ដោយ ប្រាក់ចំណេញដែលយើងមើលឃើញខាងលើ ថាមានចំនួនយ៉ាងច្រើនរហូតដល់ បីដង ឬបួនដង ទៅលើតម្លៃដើមនោះ មិនមែនមានន័យថា ក្រុមហ៊ុនអ័បផលប្រមូលទុក ដាក់ក្នុងហោប៉ៅទាំងអស់ ដោយមិនមានចំណាយអ្វីផ្សេងទៀតនោះឡើយ។ ការវាយតម្លៃរបស់សហគ្រាស IHS បានធ្វើទៅលើតែគ្រឿងក្នុង ដែលបំពាក់ឲ្យទូរស័ព្ទអាយហ្វូន៦ ឬអាយហ្វូន ៦ផ្លាស មួយគ្រឿងប៉ុណ្ណោះ។ តែតួលេខនេះ មិនបានគិតពីការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍ (ទាំងគ្រឿងបំពាក់ ទាំងកម្មវិធី) ទាំងឡាយ ដែលអ័បផលបានធ្វើពីមុនមក ហើយបានចំណាយដើមទុន យ៉ាងសន្ធឹកសន្ធាប់នោះផងទេ។ ជាពិសេសទៅទៀត ការផ្សព្វផ្សាយពាណិជ្ជកម្ម ដែលអ័បផលបានធ្វើសម្រាប់ទូរស័ព្ទជំនាន់ថ្មីនេះ មានទំហំខ្លាំង ជាងទូរស័ព្ទអាយហ្វូន ដែលចេញកាលពីជំនាន់មុនៗ បើសូម្បីអាយហ្វូនជំនាន់ទី១ដំបូងគេ ក៏នៅតែតិចជាងលើកនេះដែរ (ដំបូងគេ = គ្មានអ្នកស្គាល់)៕