អបិយជំនឿ៖ សំណល់ពីព្រះគោចូលរូប នឹងធ្វើឱ្យស្រណុកសុខសប្បាយ
- ដោយ: ប្រាថ្នា ដោយ ចាន់នីតា (ទាក់ទង៖ [email protected] ) - ភ្នំពេញថ្ងៃទី២៦ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 28, 2014
- ប្រធានបទ: មានសិល្ប៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមការអះអាងពី ប្រជាពលរដ្ឋនៅវត្តត្រឡែងកែង ក្នុងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា រដូវបុណ្យភ្ជំបិណ្ឌម្តងៗ ស្រ្តីដែលអះអាងថា ខ្លួនមានរូបព្រះគោចូលសណ្ឋិត ហើយនៅក្នុងថ្ងៃសីល ឬថ្ងៃពេញបូណ៌មី ស្ត្រីនេះតែងតែមកវត្តត្រឡែងកែងនេះ ដើម្បីឱ្យព្រះគោចូលរូប។
នៅពេលដែលស្រ្តីឈ្មោះ ផល មុំ កំពុងត្រូវបានវិញ្ញាណរបស់ព្រះគោ ចូលសណ្ឋិតម្តងៗ ប្រជាពលរដ្ឋប្រុសស្រីក្មេងចាស់ បាននាំគ្នាយកទឹក នំចំណី ជាដើម ឱ្យស្រ្តីចូលរូប លិត ខាំ ឬផឹកជាដើម ដើម្បីយកសំណល់ពីស្រ្តីវ័យកណ្តាលរូបនោះ មកបរិភោគតាមក្រោយ ដោយគេជឿថា គេនឹងមានភាពស្រណុកសុខសប្បាយ។
អ្នកស្រី សេង លីម មកពីតំបន់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ដែលប្រជ្រៀតគេប្រជ្រៀតឯង ដើម្បីទៅទទួលសំណល់ពីព្រះគោចូលរូប បានរៀបរាប់ថា នេះជាលើកទីមួយហើយ ដែលអ្នកស្រីបានឃើញទិដ្ឋភាពនេះ ព្រោះរាល់ឆ្នាំអ្នកស្រីលឺតែគេថា មិនដែលឃើញផ្ទាល់ភ្នែកនោះទេ។ ស្រ្តីវ័យ៤៥ឆ្នាំរូបនេះ បន្តថា គ្រាន់ឃើញស្រ្តីរូបនោះ ត្រូវព្រះគោចូលរូបភ្លាម អ្នកស្រីមានអារម្មណ៍ភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំង ព្រោះថាមុនដំបូង គាត់គ្រាន់តែលេងភ្លេងធម្មតាតែប៉ុណ្ណោះ ប៉ុន្តែស្រាប់តែឃើញ គាត់មានកាយវិការដូចព្រះគោបេះបិទ។
អ្នកស្រី សេង លីម អះអាងពីការជឿជាក់របស់អ្នកស្រីថា៖ «ខ្ញុំជឿថា ពិតជាព្រះគោពិតមែន ព្រោះឃើញគាត់ចេញកាយវិការមក រាងដូចគោតែម្តង»។ សម្រាប់អ្នកស្រី ក៏ដូចជាពលរដ្ឋឯទៀតៗ ដែលនាំគ្នាទៅដណ្តើមយកនំចំណី ដែលព្រះគោចូលរូបបានខ្ជាក់ចេញមកវិញនោះ ដើម្បីយកមកបរិភោគតាមក្រោយ នឹងអាលអាចកើតនូវសេចក្តីសុខសប្បាយ និងមានសុខភាពល្អ ក្នុងជីវិត។ អ្នកស្រីអះអាងថានៅក្នុងឆ្នាំក្រោយៗទៀត អ្នកនឹងមកទទួលសំណល់ ពីស្រ្តីដែលមានព្រះគោចូលរូបនេះជាថ្មីទៀត។
មកពីរាជធានីភ្នំពេញដូចគ្នា អ្នកស្រី សុខ ថា (ឈ្មោះអ្នកសារព័ត៌មានដាក់ឱ្យ) ដែលតែងមកដាក់បិណ្ឌ នៅវត្តត្រឡែងកែងនេះជារៀងរាល់ឆ្នាំ បានរៀបរាប់ថា អ្នកស្រីពិតជាមានអារម្មណ៍រំភើបមែនទែន ដោយជឿជាក់យ៉ាងពេញទំហឹងថា វិញ្ញាណដែលសណ្ឋិតស្រ្តីរូបនោះ គឺពិតជាព្រះគោមួយរយភាគរយ។
ក្នុងពេលដែលអ្នកមានជំនឿដទៃទៀត នាំគ្នាដណ្តើមយកផ្លែឈើ នំចំណីនោះ អ្នកស្រី សុខ ថា វិញ បានយកលុយទៅឱ្យព្រះគោដែលចូលសណ្ឋិតក្នុងខ្លួននោះលិត (លិតលុយ) ដោយអ្នកស្រីមានជំនឿថា៖ «ចង់បានលាភបានជ័យពីព្រះគោ ព្រោះព្រះគោមិនដែលបានជួបទេ ម្លោះហើយខ្ញុំចង់បានហ្នឹង ដើម្បីឱ្យរកស៊ីមានបាន ត្រជាក់ត្រជុំ ចំរ៉ុងចម្រើនក្នុងគ្រួសារ និងមានអាយុវែង»។
រីឯអ្នកស្រី ផល មុំ ដែលបានអះអាងថា ត្រូវបានព្រះគោចូលសណ្ឋិតនោះ បានឱ្យដឹងថា អ្នកស្រីមានគ្រូកាន់តាំងពីអាយុ២៥ឆ្នាំ។ មូលហេតុដែលអ្នកស្រីជឿថា ពិតជាមានវិញ្ញាណព្រះគោ ចូលក្នុងខ្លួនអ្នកស្រីនោះ ព្រោះកាលពីប៉ុន្មានឆ្នាំមុននោះ អ្នកស្រីបានយល់សប្ដិឃើញ «ព្រះគោបានរត់ចេញពីប្រទេសថៃ»។ បន្ទាប់ពីពេលនោះមក អ្នកស្រី បានសាងសង់រូបព្រះគោហោះមួយ នៅក្នុងវត្តនេះ។
ចំពោះការចូលរូបវិញ អ្នកស្រីប្រាប់ឱ្យដឹងទៀតថា៖ «កាលពីមុន ទើបតែចូលមកជល់អីៗ ទើបដឹង។ ហើយនៅពេលដែលវាត្រូវចូល គឺត្រូវតែចូលតែម្តង ទប់អត់ឈ្នះទេ ញ័រសាច់ទទ្រើកតែម្តង។» អ្នកស្រីថា នៅពេលច្រត់ព្រះន័ង្គល ព្រះគោនោះឱ្យអ្នកស្រីរៀបចំពិធី នៅទីហ្នឹងរាល់ឆ្នាំ។
មិនអាចទាក់ទងមន្ត្រីអាជ្ញាធរមូលដ្ឋាន ដើម្បីសុំការបញ្ជាក់បានពីបញ្ហាចូលរូបនេះ បាននៅឡើយ។ ប្រទេសកម្ពុជា ជាប្រទេសមួយ ដែលមានប្រពៃណីទំនៀមទម្លាប់ច្រើនប្រភេទ និងជំនឿសាសនាយ៉ាងសម្បូរបែប រួមផ្សំនឹងស្ថានភាពនយោបាយដ៏លំបាកលំបិន នៅក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនោះផង បានជំរុញឲ្យប្រជាជនក្នុងប្រទេសនេះ នៅតែប្រកាន់នូវជំនឿស៊ប់នៅឡើយ ទៅលើអបិយជំនឿដ៏ចម្លែកៗ។ ពួកគេជឿថា អបិយជំនឿទាំងនោះ អាចនឹង៊ជួយរំដោះគ្រោះផ្សេងៗ ឬអាចទទួលបានមកវិញ នូវភាពស្រណុកសុខសប្បាយ ឬយ៉ាងហោចនូវជំនឿទុកចិត្តសម្រាប់ខ្លួនឯង និងគ្រួសារ៕