អាចារ្យហែម-ចៀវ៖ ប្រវត្តិវីរជនស្នេហាជាតិ ចេញពីព្រះសង្ឃ
- ដោយ: ក. សេងហុង ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ ២០១៤
- កែប្រែចុងក្រោយ: February 20, 2014
- ប្រធានបទ: ស្រាវជ្រាវ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រំលឹកពីមហាបុរសខ្មែរ- វីរបុរស អាចារ្យហែម ចៀវ បានរលត់ខ័ន្តទៅ ដោយមិនបានឃើញរាជាណាចក្រកម្ពុជា ជាទីស្រឡាញ់របស់លោក បានរួចផុតពីនឹមអណានិគមនិយមបារាំងនោះឡើយ។ យ៉ាងណាក៏ដោយ លោកត្រូវបានលើកជាវីរបុរសមួយដ៏ឆ្នើមផ្នែកនយោបាយ បន្ទាប់ពីលោកសេនាប្រមុខ លន់ នល់ បានសម្រេចចាត់ឲ្យនាំអដ្ឋិធាតុលោកអាចារ្យ ហែម ចៀវ មកធ្វើបុណ្យជាឧឡារិក សមតាមកិត្តិយសដែលជាតិ ត្រូវតម្កល់តម្កើនលោកជារដ្ឋបុរស។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមរំលឹកពីប្រវត្តិរបស់លោកខ្លះៗ ដើម្បីទុកជាការរំលឹកដល់ វីរៈភាពរបស់លោក។
លោកអាចារ្យ ហែម ចៀវ កើតនៅថ្ងៃអង្គារ៏ ខែមាឃ ព.ស ២៤៤១ គ.ស ១៨៩៨ នៅឃុំ ទំនប់ធំ ស្រុក ញញាឮខេត្តកណ្តាល (ខេត្តកំពង់ស្ពឺ តាមឯកសាររបស់ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស)។ លោកជាកូនទីពីរនៅក្នុង គ្រួសារដែលមានឪពុកឈ្មោះ ហែម ជាមេស្រុក និងម្តាយឈ្មោះទីវ រួមនឹងបងប្អូនបួននាក់ទៀត ឈ្មោះ លោក ហែម លី លោក ហែម ហួត អ្នកស្រី ហែម សុច និងអ្នកស្រី ហែម សាយ។ លុះដល់ពេលពេញវ័យល្មមបួសរៀន កុមារវ័យ ហែម ចៀវ ត្រូវបានលោកឪពុកយកផ្ញើរសម្តេចព្រះសង្ឃរាជ ជួន ណាត នាវត្តឧណ្ណាលោម រាជធានីភ្នំពេញ។ បន្ទាប់មក យុវជន ហែម ចៀវ ដែលបានចូលដល់វ័យអាយុ២០ឆ្នាំ ក៏បានបួសជាសាមណេរ និងផ្តើមសិក្សាព្រះបរិយត្តិធម៌ឡើង ហើយការសិក្សា ក៏ចេះតែបានរីកចម្រើនជាលំដាប់។
សៀវភៅមួយដែលមានចំណងជើងថា ជីវប្រវត្តិព្រះអាចារ្យ ហែម ចៀវ ដែលរៀបរៀង ដោយ លោក គុយ ឡួត និងបានបោះពុម្ភផ្សាយក្នុងឆ្នាំ១៩៩៧២ បានសរសេរថា ព្រះភិក្ខុអង្គនេះ ចូលចិត្តធ្វើការទេសនាធម៌ តាមបែបទំនើបលាយនឹងសង្គម ខណៈពេលព្រះសង្ឃផ្សេងៗទៀត ចូលចិត្តទេសនាតាមសាស្រ្តាស្លឹករឹតមុនគេបង្អស់។ ព្រះអង្គ ចូលចិត្តតាមដានពត៌មានជាភាសាខ្មែរ ភាសាថៃ និងបារាំង និងមានគំនិត ជឿនលឿន។ មិត្តរបស់ព្រះអង្គម្នាក់ជនជាតិបារាំង ឈ្មោះ ម៉ានីពូ ដែលតែងតែនិយាយពីរឿងនយោបាយសកល ជាមួយព្រះអង្គជាញឹកញាប់ បានបណ្ដុះគំនិតឲ្យព្រះសង្ឃអង្គនេះ ចាប់ផ្ដើមគិតពីរឿងនយោបាយ។ ក្នុងនាមជាគ្រូម្នាក់ផង ព្រះសង្ឃ ហែម ចៀវ បានអប់រំកូនសិស្សរបស់ព្រះអង្គជារឿយៗ ពីរឿងនយោបាយក្រៅពិភពលោក ជាពិសេសព្រះអង្គបានរិះគន់បារាំងក្នុងសង្គ្រាមលោក ដោយមិនខ្លាចអ្វីទាំងអស់។
ក្រោយការអំពានាវរបស់លោក សឹង ង៉ុកថាញ់ មេដឹកនាំបដិវត្តន៏តាមរយៈសារព័ត៌មាននគរវត្ត ដែលជាសារពត៌មានមួយទទួលការគាំទ្រច្រើន ពីជនជាតិខ្មែរនាពេលនោះ បានធ្វើឲ្យបណ្ដាជនជាច្រើន ដែលមានគំនិតស្នេហាជាតិ បំបែកគ្នាជាក្រុមៗ ដើម្បីធ្វើការអប់រំទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងនោះក៏មានឈ្មោះអាចារ្យ ហែម ចៀវ ម្នាក់ដែរ។ លោកត្រូវបានលោក សឹង ង៉ុកថាញ់ ចាត់ឲ្យពន្យល់ទាហានជើងក្រហម និងទាហានជើងខ្មៅ ឲ្យឈប់ឈ្លោះគ្នា រហូតចាប់ផ្តើមមានការស្រឡាញ់រាប់អានយ៉ាងច្រើន ពីទាហានទាំងនោះ។ លើសពីនេះទៅទៀត មិនថាលោកទៅដល់ទីណាទេ លោកតែងតែពន្យល់អ្នកភូមិ ឲ្យមានទឹកចិត្តស្រឡាញ់ប្រទេសជាតិ និងទឹកដីមិនដែលខាន ជាហេតុធ្វើឲ្យចាងហ្វាងគិញបារាំងម្នាក់ ឈ្មោះ ប្រូហ្សឺតុង (Brocheton) និង សមប្រេ (Sambrey) បញ្ជាទាហានខ្មែរ១៥នាក់ មកចាប់លោកជាសម្ងាត់។
នៅថ្ងៃ១៧ កក្កដា ១៩៤២ ព្រះអង្គត្រូវបាននាយករដ្ឋមន្ត្រី លោក អ៊ឹង អ៊ី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងធម្មការ លោក ទា សាន បានបង្ខំលោកឲ្យផ្សឹក ព្រោះលោកប្រឆាំងនឹងរដ្ឋបាលបារាំង។ ក្រោយពីបង្ខំលោក ស្លៀកពាក់សំលៀកបំពាក់គ្រហស្ថហើយ លោកត្រូវបានក្រុមតម្រួតទាំងនោះ បង្ខំចូលឡានដឹកយកទៅបាត់។
ក្រោមពេលចាប់ខ្លួនលោកហើយ បាតុកម្មទម្លាក់សុំដោះលែងលោក អាចារ្យ និង លោកនួន ឌួង (ចាប់ខ្លួនក្នុងពេលជាមួយ នឹងលោកអាចារ្យ ហែម ចៀវ) ដោយសន្តិវិធីក៏កើតមាន។ ការធ្វើបាតុកម្មនេះចាប់ផ្តើមពីថ្ងៃទី២០ ខែ កក្កដា ឆ្នាំ១៩៤២វេលាព្រឹក ដោយមានការគាំទ្រពីកងទ័ពជប៉ុន នៅកម្ពុជាផង។ តែបាតុកម្មដោយអហិង្សានោះ បានប្រែរូបភាពជា«ហិង្សា» បន្ទាប់ពីមេដឹកនាំបាតុកម្ម លោក ប៉ាច ឈឺន ត្រូវបានបារាំងចាប់ខ្លួនយកចេញទៅតាមទ្វាក្រោយ។ អំពើហិង្សានេះ ធ្វើឲ្យបំណងរបស់ លោក សឹង ង៉ុកថាញ់ ដែលនឹងចង់ពឹងជប៉ុន ឲ្យជួយអន្តរាគមដោះលែង លោកអាចារ្យ ហែម ចៀវ បានជួបបរាជ័យ។
ការតវ៉ាមិនមានលទ្ធផល លោកអាចារ្យ ហែម ចៀវ រួមនឹងលោក ប៉ាច ឈឺន និង លោក នួន ឌួង ត្រូវបានបញ្ចូនទៅឃុំខ្លួននៅ កោះត្រឡាចក្នុងខែមិថុនា ឆ្នាំ១៩៤៣។ អ្នកទោសមនសិការ ហែម ចៀវ បានសុគតនៅចុងឆ្នាំ១៩៤៣ ក្នុងជន្មាយុ៤៥វស្សា ដែលឯកសារខ្លះនិយាយថា បណ្ដាលមកពីការធ្វើទារុណកម្មមិនត្រាប្រណី នៅទីនោះ៕