ប្រធាន ជាម យៀប ព្រលះអនុប្រធាន សុន ឆ័យ ក្នុងរឿងអាជ្ញាធរជាតិអប្សរា (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស៊្រុន ទិត្យ - ភ្នំពេញ ថ្ងៃទី៣១ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 31, 2014
- ប្រធានបទ: រដ្ឋសភា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក សុន ឆ័យ បានយករឿង«ប្រាសាទអង្គរវត្ត»ជាដើមហេតុ ក្នុងការប្រើប្រាស់បណ្តាញព័ត៌មាន ដើម្បីទាញយកប្រយោជន៍ និងផលចំណេញនយោបាយ ហើយវាក៏ជាមូលហេតុមួយ ព្រោះតែគណបក្សសង្គ្រោះជាតិរបស់លោក សុន ឆ័យ ប្រកាន់នូវជំហរប្រឆាំង ក្នុងចេតនាបង្កាច់បង្ខូចរដ្ឋាភិបាល។ នេះជាការថ្លែងរបស់លោក ជាម យៀប ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា ក្នុងសន្និសីទសារព័ត៌មានមួយ នាមន្ទីររដ្ឋសភានៅថ្ងៃទី៣១ ខែធ្នូនេះ។
លោក ជាម យៀប បានពន្យល់ថា ដើម្បីជៀសវាងការភាន់ច្រឡំ ពីសំណាក់មហាជននោះ ទើបលោកចេញមុខមកធ្វើការបកស្រាយក្នុងនាមលោក ជាប្រធាន និងជាអ្នកដឹកនាំគណប្រតិភូ ដែលបានចុះធ្វើការអង្កេតនោះ។ ហើយជាងនេះទៅទៀត លោក សុន ឆ័យ មិនគោរពតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងនាមជាអនុប្រធានរបស់គណៈកម្មការនេះទេ។
បន្ទាប់ពីបដិសេធនូវការលើកឡើងរបស់លោក សុន ឆ័យ ថាជាការចោទប្រកាន់ខុសពីការពិតនោះ លោក ជាម យៀប បានថ្លែងឡើងទៀតថា លោក សុន ឆ័យ បានឆ្លៀតឱកាសចេញពីជំនួបជាមួយអាជ្ញាធរអប្សរា ទៅផ្តល់ព័ត៌មានមិនពិត ដល់អ្នកសារព័ត៌មានទៅវិញ។ តំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា បាននិយាយទៀតថា៖ «កាលណាធ្វើខុសនឹងច្បាប់ មិនអាចទទួលយកបាន។ ខ្ញុំទទួលយកមិនបានទេ អ្វីដែលគាត់លើកឡើង»។
ប្រធានគណៈកម្មការទី២ បានបញ្ជាក់ពីជំហររបស់គណកម្មការលោកថា គាំទ្រចំពោះសកម្មភាព និងការងារដែលអាជ្ញាធរជាតិអប្សរាកំពុងធ្វើ ហើយថែមទាំងធ្វើការយ៉ាងល្អក្នុងការគ្រប់គ្រង និងថែរក្សាសម្បត្តិវប្បធម៌ខ្មែរ នៅខេត្តសៀមរាប។ លោកបញ្ជាក់ដូច្នេះថា៖ «ការលក់សំបុត្រនេះ យើងឃើញថា ឯកឧត្តម ប៊ុន ណារិទ្ធ បានលើកឡើង នៅក្នុងស្លាយក្នុងឯកសារ ក៏ដូចជាការរាយការណ៍ផ្ទាល់មាត់បានច្បាស់ ដែលគួរឲ្យកោតសរសើរ។ ការរកចំណូលសក្ដានុពល បំពេញការចំណាយ របស់អាជ្ញាធរអប្សរាផង និងបំពេញការចំណាយរបស់ថវិកាជាតិផង។ (…) ខ្ញុំសោកស្ដាយណាស់ ដែលឯកឧត្តម សុន ឆ័យ និយាយបំភ្លើស ព្រោះគាត់ជាគណបក្សប្រឆាំង គាត់ដឹងតែពីប្រឆាំងប៉ុណ្ណោះ។ មិនមែនខ្ញុំរុញទូកបណ្ដោយទឹកទេ តែវាជាការពិត។»។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ថ្មីៗនេះ ក្រុមការងារគណៈកម្មការទី២ នៃរដ្ឋសភា បានចុះទៅត្រួតពិនិត្យ និងស្រង់ព័ត៌មានទាក់ទងនឹងភ្ញៀវទេសចរណ៍ ព្រមទាំងបានចូលមើលប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប។ ក្រោយការពិនិត្យ និងសួរដេញដោល ទៅកាន់អាជ្ញាធរអប្សារា ដែលជាអាជ្ញាធរមានសមត្ថកិច្ច ក្នុងការគ្រប់គ្រង់តំបន់ប្រាសាទបូរាណនោះ លោក សុន ឆ័យ បានរកឃើញថា មានភាពមិនប្រក្រតីមួយចំនួន ក្នុងការគ្រប់គ្រងប្រាសាទអង្គរវត្ត និងការជួលដីនៅតំបន់នោះ ក្នុងតម្លៃថោក មានភាពអាថ៌កំបាំង និងគ្មានតម្លាភាព។
លោក ជាម យៀប បានលើកយកលិខិតមួយច្បាប់ ដែលគណបក្សសង្គ្រោះជាតិ បានបដិសេធថា ជាលិខិតក្លែងក្លាយ មកបង្ហាញអ្នកសារព័ត៌មានថា សូម្បីគណបក្សសង្គ្រោះជាតិរបស់លោក ក៏មិនគាំទ្រ និងឯកភាពទៅលើសម្ដីចោទប្រកាន់លោក សុន ឆ័យ លើអាជ្ញាធរអប្សរានោះដែរ។
» សូមអានអត្ថបទដែលទាក់ទង ដោយចុចនៅលើទីនេះ។
សូមបញ្ជាក់ថា បន្ទាប់ពីមានការលើកឡើងដោយ លោក សុន ឆ័យ ជាមួយអ្នកសារព័ត៌មាន ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការលក់សំបុត្រ ក៏ដូចជាការជួលដីតំបន់អង្គ អាជ្ញាធរអប្សរាក៏បានចេញលិខិតមួយដែរ ដោយអះអាងថា កាលើកឡើងរបស់លោក សុន ឆ័យ កំពុង«ភូតភរកុហកបោកប្រាស់»មតិសាធារណៈជន។ ក្នុងលិខិតដដែល លោក ប៊ុន ណារិទ្ធ បានសរសេរបន្តថា នៅពេលជួបប្រជុំ លោក សុន ឆ័យ បានសុំឯកសារចំនួនអ្នកទេសចរបរទេស ដែលចូលទស្សនាអង្គររយៈពេល១០ខែ ឆ្នាំ២០១៤ ដែលមានចំនួនជាង ១.៦លាននាក់ និងអាចទទួលបានចំណូលជាង ៤៧លានដុល្លារប៉ុណ្ណោះ។
លោក ប៊ុន ណារិទ្ធ បានសរសេរទៀតថា៖ «ដូច្នេះអ្វីដែលលោកសុន ឆ័យ បាន ថ្លែងបំភាន់ប្រាប់សាធារណៈជនជាតិ និងអន្ដរជាតិ។ ចោទប្រកាន់អាជ្ញាធរជាតិ អប្សរាថា លាក់បាំងព័ត៌មាន ធ្វើឱ្យបាត់បង់ថវិកាជាតិ តាមរយៈការប្រមូលចំណូល ពីការលក់ប័ណ្ណចូលទស្សនាអង្គរ។ ការជួលដីក្នុងបុរីវប្បធម៌ និងទេសចរណ៍ គឺគ្រាន់តែជាការនិយាយ បំផ្លើសបំភ្លៃ មួលបង្កាច់ និងបំភាន់ សាធារណជនជាតិ និងអន្ដរជាតិឱ្យ មានការភាន់ច្រឡំ មកលើអាជ្ញាធរជាតិអប្សរា ក៏ដូចជារាជរដ្ឋាភិបាល និងយកគំនុំផ្ទាល់ខ្លួន មកធ្វើការសងសឹកក្នុងគោលដៅកេងចំណេញនយោបាយ ដើម្បីបម្រើគណបក្សរបស់ខ្លួនតែប៉ុណ្ណោះ។»
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កំពុងព្យាយាមសុំប្រតិកម្មពីលោក សុន ឆ័យ ហើយនឹងធ្វើការផ្សាយជូន នៅក្នុងអត្ថបទលើកក្រោយរបស់ខ្លួន។
សូមទស្សនាវីដេអូនៃសន្និសិទ្ធិសារព័ត៌ដែល បក ស្រាយដោយលោក ជាម យៀប ដូចខាងក្រោម៖
(វីដេអូ នឹងមកដល់ក្នុងពេលបន្តិចទៀត)