ការប្រើប្រាស់ ភាសាខ្មែរលាយនឹងភាសាបរទេស មានគុណវិបត្តិ?
- ដោយ: ត្នោតខ្មែរ
- កែប្រែចុងក្រោយ: December 05, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប្រើប្រាស់ភាសាខ្មែរ លាយឡំ និងភាសាបរទេស នៅក្នុងសង្គមបច្ចុប្បន្ន បាននឹងកំពុងតែ កើតមានឡើង យ៉ាងខ្លាំងក្លា ជាពិសេសពីសំណាក់និស្សិត និងបុគ្គលិកដែលធ្វើការ នៅតាមសង្គមស៊ីវិល មួយចំនួន។ ទំនោរនៃ ការប្រើប្រាស់នេះ ត្រូវបានអ្នកស្រាវជ្រាវមួយចំនួន យល់ឃើញថា អាចបង្កជា គុណវិបត្តិនា ពេលបច្ចុប្បន្ន និងទៅអនាគត។
សិលាចារិក ដែលសរសេរជាអក្សរបូរាណខ្មែរ។ រូបថត wikipedia.org។
នៅក្នុងសង្គមខ្មែរបច្ចុប្បន្ន អ្នកដែលបានសិក្សាភាសាបរទេស មួយចំនួនធំតែងតែ និយាយភាសារខ្មែរ លាយឡំ ជាមួយភាសា បរទេស។ ការនិយាយបែបនេះ ត្រូវបានគេយល់ថា ដើរទាន់សម័យកាល។ លោក អានដាញ់ ស៊ីប៉ូ និស្សិតនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ បានយល់ថា រូបគាត់ផ្ទាល់ ពិបាកក្នុងការ និយាយភាសាខ្មែរដែរ ដោយគាត់ប្រាប់អោយដឹងទៀតថា គាត់ចេះភាសា អង់គ្លេសមួយទៀត។ គាត់បានបន្តទៀតថា មូលហេតុដែលធ្វើអោយ គាត់ពិបាក ក្នុងការប្រើប្រាស់ភាសាខ្មែរ នោះមកពីមូលដ្ធានគ្រឹះរបស់គាត់ ក្នុងការប្រើប្រាស់ភាសាខ្មែរ មានភាពមិនរឹងមាំ។ និស្សិតរូបនេះបានលើកឡើងថា៖ «ការនិយាយ ភាសាបរទេស លាយជាមួយភាសាខ្មែរ ធ្វើឲ្យគេគិតថាវាឡូយ (Sic)»។
លោក វាសនា គ្រូបង្រៀនម្នាក់នៅជនបទ បានលើកពីចំណុចមួយចំនួន ដែលលោកបានជួបប្រទះ ក្នុងសិក្ខាសាលាមួយថា វាគ្មិនតែងតែប្រើអង់គ្លេស លាយជាមួយ និងភាសាខ្មែរ។ «ឧទាហរណ៍ ៖ ដើម្បីពង្រឹង Competency (សមត្ថភាព) ។ (…) ត្រូវរៀបចំ Q and A (Question and Answer) គឺមានន័យថា រៀបចំសំនួរ និងចំលើយ ជាដើម។ ខ្ញុំគិតថាពួកគាត់ គួរតែប្រើប្រាស់ភាសា មួយឲ្យបានច្បាស់ ក្នុងការនិយាយ។ បើមិនដូច្នេះទេ គាត់អាចពន្យល់ អំពីភាសាបរទេស ដែលបានប្រើ មានន័យយ៉ាងម៉េច ជាភាសាខ្មែរ។» ដោយសារលោកចេះភាសាអង់គ្លេស ក្នុងកំរិតមធ្យមផងនោះ លោកយល់ថា ការលាយឡំភាសាគ្នានេះ មិនបានជួយខ្លួនលោក ឲ្យអភិវឌ្ឍន៍ភាសាបរទេសនោះទេ តែផ្ទុយទៅវិញ វាធ្វើឲ្យកាន់តែច្របូកច្របល់ទៅវិញ។ ការប្រើប្រាស់បែបនេះ សម្រាប់ប្រាស្រ័យទាក់ទងជាមួយជនបរទេសទៀតសោធ ក៏គេមិនអាចយល់បានដែរ។
សាស្រា្តចារ្យ ធា សុម៉េង ប្រធានផ្នែក អក្សរសាស្រ្តខ្មែរ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការប្រើប្រាស់ភាសាបរទេស លាយជាមួយភាសាខ្មែរ គឺបណ្ដាលអោយមានភាពច្របូកច្របល់។ លោកមិនគាំទ្រ ឲ្យមានការប្រើប្រាស់ភាសាទាំងពីរ ច្រឡូកច្រឡំគ្នាបែបនេះទេ ដោយលោកលើកឡើងថា ៖ «បើសិនជាប្រើភាសាខ្មែរ អោយច្បាស់ជាខ្មែរ ភាសាអង់គ្លេស អោយប្រាកដជាអង់គ្លេស»។
ដោយឡែក អ្នកស្រី ជា វណ្ណាត អ្នកវិភាគសង្គម មិនជំទាស់ចំពោះការប្រើប្រាស់ ភាសាខ្មែរ លាយជាមួយភាសាអង់គ្លេស ឬភាសាផ្សេងទេ ដោយអ្នកស្រីបញ្ជាក់ថា៖ «វាមិនសំខាន់ទេ ចំពោះការប្រើភាសាលាយឡំគ្នាអញ្ចឹង»។ ប៉ុន្តែអ្នកស្រីយល់ថា ការសរសេរខុសអក្ខរាវិរុទ្ធ ជាកង្វល់។ អ្នកស្រី បង្ហាញថា វិទ្យាសាស្រ្តកាន់តែជឿនលឿន បច្ចេកវិទ្យាក៏កាន់តែរីកចម្រើន ។ កម្ពុជាយើងកំពុងប្រើភាសាអង់គ្លេស ដើម្បីធ្វើការទំនាក់ទំនង ជាមួយបរទេស។ លោកស្រីបញ្ជាក់ទៀតថា ៖« មិនត្រឹមតែភាសាខ្មែរទេ ដែលប្រើលាយឡំ សូម្បីតែភាសាអាមេរិកកាំង ក៏ចេញមកពីភាសាក្រិច ហើយភាសាបារាំង ក៏យកចេញពី ភាសាឡាតាំង និងក្រិចដែរ»។
សាស្ត្រាចារ្យ ធា សុម៉េង ពន្យល់ថា មូលហេតុដែលបណ្តាលអោយ ការនិយាយភាសាចូលគ្នាបែបនេះ គឺមកពីទម្លាប់នៃការនិយាយ របស់ពួកគេ។ ម៉្យាងវិញទៀត ដោយសាតែគេមិនទាន់យល់ អោយបានស៊ីជំរៅ ពីភាសាបរទេស ទើបចោទជាបញ្ហា នៅពេលដែល ពួកគេត្រូវការប្រើប្រាស់ភាសានោះ។ សាស្រ្តាចារ្យអក្សរសាស្រ្តខ្មែររូបនេះ បានទទួចសុំអោយ យុវជន យុវនារីខ្មែរ ត្រូវខិតខំ លើកកម្ពស់ភាសាជាតិ និងប្រើប្រាស់ ភាសាខ្មែរ អោយបានត្រឹមត្រូវ ទាំងការនិយាយ និងការសរសេរ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏លោកនៅតែបានលើកពីគុណប្រយោជន៍ ចំពោះភាសាបរទេសផងដែរ ដោយលោកគិតថា វាក៏ចូលរូមចំនែក មួយក្នុងការនាំយើង អោយស្គាល់ពីពិភពខាងក្រៅ និងទំនាក់ទំនងផ្សេងៗ ជាមួយជនបរទេស។
កាវិវឌ្ឍន៍នៃភាសា គឺវាស្របទៅនឹង ការរីកចំរើនរបស់សង្គម តែទម្លាប់ប្រើប្រាស់លាយគ្នានេះ ទៅថ្ងៃមុខ វាបណ្តាលឲ្យមានការ បាត់បង់ និងច្របូកច្របល់ពាក្យខ្មែរមួយចំនួន។ ដូចជាមានរឿងកំប្លែងខ្លីមួយ បានបង្ហាញថា មានបុរសកសិករម្នាក់ មិនយល់ថាពាក្យ«វិទ្យុរ» ជាអ្វីទេ តែផ្ទុយទៅវិញ គាត់យល់ពាក្យ «រ៉ាឌីយ៉ូ (Radio)»។ នេះគ្រាន់តែជារឿងលេងសើច តែវាបញ្ជាក់ ពីរបត់សង្គមយើងផងដែរ។
ក្នុងន័យនេះ កង្វះពាក្យសម្រាប់យកមកប្រើប្រាស់ អោយត្រូវតាមតម្រូវការ នៃសម័យកាល ជាបញ្ហាមួយទៀត។ វចនានុក្រមដែល អ្នកប្រើប្រាស់ភាគច្រើនអះអាងថា បានដកស្រង់ពាក្យ និងអក្សរមកប្រើ មានតែមួយប៉ុណ្ណោះ គឺវចនានុក្រម ដែលនិពន្ធរៀបចំ ដោយសម្ដេចសង្ឃជួនណាត តាំងពីទស្សវត្តឆ្នាំ៦០។ មកទល់បច្ចុប្បន្ន ដែលវចនានុក្រមនេះ មានអាយុប្រមាណជា ៥០ឆ្នាំកន្លងមកហើយ តែគេនៅមិនទាន់ឃើញ មានវចនានុក្រមជាផ្លូវការណាផ្សេង មកជំនួស និងធ្វើបច្ចុប្បន្នភាព ផ្ដល់ពាក្យ និងអក្សរអោយ អ្នកប្រើប្រាស់សព្វថ្ងៃនេះនោះទេ។
មនោរម្យព័ងអាំងហ្វូ នឹងវិលមកវិញ ក្នុងប្រធានបទស្ដីពី «វចនានុក្រមនៃពាក្យ និងអក្សរខ្មែរ ជាការចាំបាច់មួយ នៃសង្គមអភិវឌ្ឍន៍»នេះ នឹងផ្សាយជូនក្នុងពេលក្រោយ។
គួររំលឹកផងដែរថា «ខ្មែរ» ជាភាសារផ្លូវការបស់ប្រទេសកម្ពុជា ដែលមានប្រជាជនប្រមាណជា ១៤ លាននាក់ និយាយនិងសរសេរ។ ហើយភាសានេះ ក៍ត្រូវបានប្រើប្រាស់ ដើម្បីប្រាស្រ័យទាក់ទងគ្នាផងដែរ ដោយខ្មែសុរិន នៅភាគខាងកើតឈៀងខាងត្បូងនៃប្រទេសថៃ និងខ្មែរកម្ពុជាក្រោម នៅប៉ែកខាងត្បូងនៃប្រទេសវៀតណាម សព្វថ្ងៃនេះ។ ជាងនេះទៅទៀត ភាសាខ្មែរនេះ ក៏ត្រូវបានពលរដ្ឋដើមកំណើតខ្មែរ ប្រើប្រាស់ នៅប្រទេសផ្សេងៗទៀតជាច្រើនទៀត ក្នុងពិភពលោក ដែលធ្វើអោយតួលេខនៃមនុស្ស ដែលចេះនិយាយភាសានេះ មានមិនតិចជាង ២០ លាននាក់ទេ បើគិតសរុបទាំងអស់៕
------------------------------------------------------
ដោយ៖ ហៃ សូលី និងមនោរម្យព័ងអាំងហ្វូ - ភ្នំពេញ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ