ពាក្យ​«អគ្គនាយកដ្ឋាន» អាច​ប្រើ​បាន​ចំពោះ​ស្ថាប័ន​ឯកជន​ដែរ​ឬ?

មានស្ថាប័នឯកជនមួយចំនួន បានយកពាក្យ«អគ្គនាយកដ្ធាន» មកដាក់ពីមុខឈ្មោះ​នៃស្ថាប័ន​របស់ខ្លួន ក្នុង​នោះ​មាន​ស្ថាន៏យ​វិទ្យុ និង​ទូរទស្សន៍ «បាយ័ន»ជាដើម ដែលបានហៅខ្លួនឯងថា ជា«អគ្គនាយកដ្ឋាន វិទ្យុនិង​ទូរទស្សន៍​បាយ័ន»​ទៅ​វិញ។ ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បាន​ស្វែង​រក​ការ​បក​ស្រាយ ពីមន្ត្រី​ឯកទេស​ពីរនាក់ ដើម្បីឲ្យយល់ថា តើ​ការ​ប្រើប្រាស់​​នៅ​ក្នុង​​ស្ថាប័ន​ឯកជន នូវពាក្យ​«អគ្គនាយកដ្ធាន» ដែល​គេ​ធ្លាប់​ឭនៅ​តាម​តែ​ស្ថាប័ន​រដ្ឋ​នោះ មាន​ភាព​​ត្រឹមត្រូវ​ដែរ​ឬ​យ៉ាងណា។
ពាក្យ​«អគ្គនាយកដ្ឋាន» អាច​ប្រើ​បាន​ចំពោះ​ស្ថាប័ន​ឯកជន​ដែរ​ឬ?
ឧទាហរណ៍នៃពាក្យ«អគ្គនាយកដ្ឋាន» ដូចជា«អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន»ជាដើម។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ក. សេងហុង ដោយ៖ ក. សេងហុង - ភ្នំពេញ ថ្ងៃទី១៣ វិច្ឆិកា ២០១៣
  • កែប្រែចុងក្រោយ: November 15, 2013
  • ប្រធានបទ: អក្សរសាស្ត្រ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អក្សរសាស្ត្រ - ជាទូទៅ ពាក្យថា«អគ្គនាយកដ្ឋាន» មានអត្ថន័យស្មើរនឹងការសម្គាល់ ឲ្យទីស្នាក់ការ​កណ្តាល​របស់ខ្លួន។ នៅក្នុងវចនានុក្រមសម្តេចសង្ឃរាជ ជួនណាត ដែលចេញផ្សាយដោយ វិទ្យាស្ថានពុទ្ធសាសន​បណ្ឌិត បានធ្វើការពន្យល់​ពាក្យទាំងនេះថា៖

- អគ្គ មានន័យថា កំពូល, ខ្ពស់ត្រដែត
- នាយក មានន័យថា ប្រធាន ជាអ្នកដឹកនាំ អ្នកត្រួតត្រា
- ចំណែកពាក្យថាដ្ឋាន មិនត្រូវបានពន្យល់ប្រាប់ក្នុងវចនានុក្រមឡើយ ប៉ុន្តែគេអាចយល់បានថា ពាក្យ​នេះ​មាន​ឬស​គល់ ពីពាក្យឋាន ឬស្ថាន ដែលមានន័យថាទីឋាន ឬទីកន្លែង។ ដូច្នេះពាក្យថា «អគ្គនាយកដ្ឋាន» អាច​ពន្យល់​តាមពាក្យ​ផ្គុំខាង​លើ ជាទីកន្លែងគ្រប់គ្រងធំជាងគេ ឬអាចនិយាយបានម្យ៉ាងទៀត ជាទីស្នាក់ការ​កណ្ដាល របស់ស្ថាប័ន ឬផ្នែកអ្វីមួយ ដូច​ជាអគ្គនាយកដ្ឋានពន្ធដារ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬ​អគ្គនាយក​ដ្ឋាន​ទូរទស្សន៍ជាតិ របស់ក្រសួងព័ត៌មាន​ជា​ដើម។ ចុះស្ថាប័នឯកជនមួយចំនួន ដែលបានយក​ពាក្យ​នេះ​មក​ប្រើប្រាស់ តើមានក្បួនខ្នាតត្រឹមត្រូវដែរឬទេ?

តាមប្រសាសន៏លោក ទួច គឹមស្រ៊ាង ជាប្រធានសមាគម ទ្រទ្រង់អក្សរសាស្រ្ត និងវប្បធម៌ខ្មែរ បានរៀបរាប់​ពីការប្រើប្រាស់​ពាក្យខាងលើនេះថា អាចប្រើប្រាស់បានគ្រប់ស្ថាប័នរដ្ឋទាំងអស់។ ប៉ុន្តែលោកបញ្ជាក់ថា ចំណែក​ខាងវិស័យឯកជន ក៏​អាច​យកពាក្យនេះ មកប្រើប្រាស់បានដូចគ្នាដែរ បើយោងទៅលើ​អត្ថន័យ​នៃ​ពាក្យ​នេះ។

មិនខុសពីការបកស្រាយតាមវចនានុក្រមខាងលើឡើយ លោក ទួច គឹមស្រ៊ាង បានពន្យល់ថា ការ​ប្រើ​ប្រាស់​ពាក្យនេះ (នៅក្នុងស្ថាប័នរដ្ឋ) សំដៅដល់កន្លែងរបស់អគ្គនាយក ហៅថា អគ្គនាយកដ្ឋាន។ មនុស្ស បុគ្គល (ប្រធានធំ) គេហៅថា អគ្គនាយក។ ហើយអគ្គនាយកនេះ ត្រូវបានតែងតាំងដោយរាជក្រឹត្រ មានឋានៈ​ជា​ឯកឧត្តម។

ចំពោះសំនួរដែលសួរថា តើការប្រើប្រាស់ពាក្យនេះ បានទាំងឯកជន និងរដ្ធបែបនេះ តើមាន​លក្ខណៈ​ស្រប​ច្បាប់ និង​ត្រឹម​ត្រូវដែរឬទេ? មន្ត្រីមួយរូប ធ្វើការនៅក្រសួងមហាផ្ទៃ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បាន​រៀបរាប់​ថា៖ «បានតើ។ យើង​ប្រើបានទាំងរដ្ធនិងឯកជនបាន ក៏ប៉ុន្តែឯកជនទាល់តែទំហំកិច្ចការណ្នឹង មាន​ទំហំ​ធំ បានអាចតម្លើងទៅ​អគ្គនាយកដ្ឋាន​ណ្នឹងបាន»។

ទាក់ទងនឹងកំរិត នៃការប្រើប្រាស់ពាក្យ«អគ្គនាយកដ្ឋាន»នេះ មន្ត្រីរូបនោះបានរៀបរាប់បន្ថែមថា៖ «វា​មាន​សាខា​​ច្រើន​ណាស់ វាមិនមែនមានត្រឹម ឧទាហរណ៏ថាសាលាឯកជនមួយតូច អញ្ចឹងយើងមិនអាចប្រើប្រាស់ ពាក្យ​អគ្គនាយកដ្ឋាន​ណ្នឹងបានទេ ទាល់តែមានទំហំការងារសាខាណ្នឹងច្រើន ទៅតាមបណ្តាល​ខេត្តអី​មួយ​អញ្ចឹង ឬមួយក៏នៅក្នុងរាជធានី ប៉ុន្តែសាលាណឹង វាមានច្រើន យើងអាចតម្លើង ទៅជាអគ្គនាយកដ្ឋាន»។

លោកបានបញ្ជាក់ពីការអានថា៖ «ជាទូទៅការអាននេះគឺ "អ័កគៈនាយក់ឋាន" មិនមែនអានតាមបាលីថា "អ័ក-គៈនាយៈកឋាន"​ទេ»។ លោកឃើញថា ការអាននៅតាមកម្មវិធីទូរទស្សន៏មួយចំនួន មានលក្ខណៈខុស ដោយ​​ទំនង​យកសូរស័ព្ទ តាមបែបបាលី។

ដូច្នេះ គេអាចនិយាយបានថា រាល់ដងគេតែងតែលឺពីពាក្យនេះ នៅតាមស្ថាប័នរដ្ឋនោះ វាជាទម្លាប់មួយ។ ហើយ​បណ្ដា​ក្រុមហ៊ុន ឬស្ថាប័នឯកជនធំៗ ដូចយ៉ាងធនាគារអេស៊ីលីដាជាដើម ដែលមានសាខា សឹងតែ​នៅ​គ្រប់ខេត្តក្រុង ព្រមទាំង​ចេញទៅបើកសាខាខ្លួន នៅប្រទេសឡាវ និងភូមាផងនោះ ទីស្នាក់ការ​កណ្ដាល​របស់​ធនាគារនេះនៅភ្នំពេញ ក៏មិនបាន​ប្រើប្រាស់ពាក្យនេះ មកហៅខ្លួនឯងថា «អគ្គនាយកដ្ឋាន​ធនាគារ​អេស៊ីលីដា»​នោះដែរ ព្រោះវាជា«ទម្លាប់» ដែលជា​ទូទៅ​គេមិនបាននឹកឃើញធ្វើចំពោះស្ថាប័នឯកជន ហើយ​ទំនង​ជា​«មិន​ហ៊ាន»​សរសេរដាក់ឈ្មោះនេះទៅទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...