គៀត ច័ន្ទថារិទ្ធ ថាគ្មានពន្លឺពីព្រះសារីរិកធាតុទេ ទោះមានការរិះគន់
រឿងក្តីដ៏ធំមួយ គឺការបាត់បង់ព្រះសារីរិកធាតុ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជិត២ខែទៅហើយ តែ«រតនៈវត្ថុ»របស់ជាតិ និងសាសនាមួយនេះ នៅតែមិនទាន់ត្រូវបានសមត្ថកិច្ចកម្ពុជាស្វែងរក យកប្រលប់មកវិញនៅឡើយ ហើយថែមទាំងបដិសេធមិនធ្វើការអត្ថាធិប្បាយលំអិត ចំពោះកាតាព្វកិច្ចដែលខ្លួនធ្លាប់អះអាងថា កំពុងដុតដៃដុតជើងធ្វើ។
ព្រះសក្យមុនីចេតិយសម្រាប់រក្សាព្រះសារីរិកធាតុ នៃព្រះសាមណគោតម នៅលើភ្នំឧត្តុង ខេត្តកណ្ដាល។ (រូបថត Maria)
ព្រះសារីរិកធាតុ - ការបាត់បង់ព្រះសារីរិកធាតុ ដ៏មានតម្លៃរបស់ជាតិ ហើយក៏ជាវត្ថុដែលទទួលបាន ការគោរពបូជាពីបុព្វបុរសខ្មែរ និងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ រាប់រយឆ្នាំមកហើយនោះ ត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះជនល្មើសដែលបានលួច ហើយបានទទូចដល់សមត្ថកិច្ចកម្ពុជា ត្រូវតែស្វែងរកព្រះសារីរិកធាតុ យកត្រលប់មកវិញឲ្យបានឆាប់បំផុត។
ចំពោះការអូសបន្លាយពេលជិត២ខែ ក្នុងការស្វែងរកព្រះសារិរិកធាតុ យកត្រលប់មកវិញ និងការចាប់ខ្លួនជនល្មើស ត្រូវបានលោកឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ នេះថា៖ «យើងបានខិតខំបន្តស្រាវជ្រាវ ប៉ុន្តែរហូតមកដល់ម៉ោងហ្នឹង ដូចជាមិនមានពន្លឺតទៀតទេ វា(...)។» ហើយលោក គៀត ច័ន្ទថារិទ្ធ ក៏បានបិទទូរស័ព្ទ នៅពេលទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ សួរថា សមត្ថកិច្ចនឹងធ្វើអ្វីបន្តទៀត ក្នុងរឿងក្តីនេះ ខណៈប្រជាពលរដ្ឋខ្មែរពេញទាំងនគរ កំពុងទន្ទឹងរង់ចាំ ការវិលត្រលប់មក នៃព្រះសារីរិកធាតុនេះ?
គួរកត់សម្គាល់ថា ការបាត់ព្រះសារីរិកធាតុនេះ តុលាការខេត្តកណ្តាល ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ដែលបានអះអាង ពីការដុតដៃដុតជើងរបស់ពួកគេ ក្នុងការបំបែកសំណុំរឿងនេះ កន្លងមក ត្រូវបានគេដឹងថា បានសម្រេចឃុំខ្លួនជនសង្ស័យចំនួនប្រាំនាក់ ដែលភាគច្រើនជាឆ្មាំយាមកាម នៅព្រះសក្សមុនីយចេតិយ ខណៈពួកគេបានបដិសេធចំពោះការពាក់ព័ន្ធនឹងបទល្មើសនេះ។
សូមរម្លឹកថា ព្រះសេរីរិកធាតុ និងវត្ថុបុរាណមានតម្លៃផ្សេងទៀត ដែលតម្កល់ទុកនៅក្នុងព្រះសក្យមុនីចេតិយ លើភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ) ក្នុងស្រុកពញាឮ ខេត្ដកណ្ដាល ត្រូវបានគេដឹងថា មានជនសង្ស័យមួយក្រុមបានចូលលួច កាលពីម៉ោង ១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅ ខណៈនៅទីនោះក៏ត្រូវបានគេដឹងថា មានវត្តមានឆ្មាំចាំយាមកាមផងដែរ។
ជុំវិញករណីនេះ អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជា បានលើកឡើងថា ការបាត់បង់ព្រះសារីរិកធាតុនៅពេលនេះ វាជា«កំហុសមួយដ៏ធំ»របស់មន្រ្តីពាក់ព័ន្ធ និងអ្នកទទួលខុសត្រូវចំពោះកិច្ចការនេះ និងក៏ជាភាពអាម៉ាសរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាផងដែរ ដោយសារតែសមត្ថភាព ក្នុងការគ្រប់គ្រងវត្ថុដ៏មានតម្លៃរបស់ជាតិនេះ នៅតែមានមន្ទិលនៅឡើយ ។ ប្រភពដដែលនេះ ក៏បានសម្តែងការព្រួយបារម្ភ ពីសុវត្ថិភាព និងសន្តិសុខសង្គម ផងដែរ ព្រោះថាព្រះសេរីរិកធាតុ ដែលជាវត្ថុមានតម្លៃរបស់ជាតិ និងជាផ្នែកមួយនៃបាវចនាជាតិត្រូវបានគេបំពារពាន និងលួចបាត់ទៅហើយ ចុះទម្រាំទ្រព្យសម្បត្តិឯកជនវិញ មិនដឹងថាត្រូវប្រឈមនឹងបញ្ហាសុវត្ថិភាពកម្រិតណា?
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤