សុខ ទូច ប្រតិកម្មតប អ៊ុំ ដារ៉ាវុធ រឿងព្រះរាជានិងអាជីវកម្មនយោបាយ
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: January 21, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«បញ្ញាវន្តជាង២០០នាក់នេះ ប្រហែលជាស្គាល់ប្រវត្តិសាស្រ្តមិនចាញ់លោក អ៊ុំ ដារ៉ាវុធ ប៉ុន្មានទេ បញ្ញាវន្តក៍មិនដែលយកអ្នកនយោបាយ មកធ្វើអាជីវកម្មទេ មានតែអ្នកនយោបាយទេ ដែលយកបញ្ញាវ័ន្តទៅធ្វើអាជីវកម្មនយោបាយរបស់ខ្លួន» នេះជាការលើកឡើងរបស់លោក សុខ ទូច ដើម្បីប្រតិកម្មដោយផ្ទាល់ទៅ លោក អ៊ុំ ដារ៉ាវុធ មន្ត្រីព្រះបរមរាជវាំងបន្ទាប់ពីមន្ត្រីរូបនេះ ថ្លែងថាកុំត្រូវយកព្រះរាជាឡូកឡំក្នុងរឿងនយោបាយ កាលពីថ្ងៃទី២០ ខែមករាកន្លងមក។
រូបថតអនុស្សាវរីយ៍នៃការបើកនិតិកាលថ្មីនៃរដ្ឋសភាដែលមានអ្នកតំណាងរាស្ត្រចូលរួមតែពីគណបក្សមួយ នៅកម្ពុជាថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.vary)
នយោបាយកម្ពុជា - លើទំព័រហ្វេសប៊ុកផ្លូវការ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ របស់លោកសុក ទូច អ្នកវិភាគឯករាជ្យ និងជាសកលវិទ្យាធិការសកលវិទ្យាល័យខេមរៈ បានសរសេរប្រតិកម្មបែបនេះ ចំពោះសម្តីលោកលោក អ៊ុំ ដារ៉ាវុធ ជាទីប្រឹក្សាព្រះរាជលេខាធិការដ្ឋាន របស់សម្តេចព្រះមហាក្សត្រី មុនីនាថ សីហនុ ដោយលោកបានបន្ថែមទៀតថា នៅពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងតែស្ថិតនៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ បែកបាក់សាមគ្គីផ្ទៃក្នុងរបស់ជាតិ ជាតិកំពុងបែងចែកអោយមានព៍ណសម្បុរ។
អ្នកវិភាគឯករាជ្យរូបនេះ បានសរសេរថា អ្នកនយោបាយបែរខ្នងដាក់គ្នា អ្នកនយោបាយបោះដៃអោយបរទេសជួយ អ្នកនយោបាយបកស្រាយរដ្ឋធម្មនុញ្ញ តាមតែរៀងៗខ្លួន។ រដ្ឋធម្មនុញ្ញត្រូវបានប្រើ នៅពេលដែលអ្នកនយោបាយត្រូវការ។ ទាំងអស់នេះ គឺជាអ្វីដែលបញ្ញាវន្តមានក្តីបារម្ភ ហើយបញ្ញវន្តធ្វើមិនចង់ទទួលផលចំណេញអ្វី ពីអ្នកនយោបាយទេ តែបញ្ញាវន្តក៏រស់នៅក្នុងសង្គមនេះ ហើយកម្ពុជាក៏ជាប្រទេសរបស់យើងទាំងអស់គ្នា។
ទន្ទឹមនឹងនេះ លោក សុខ ទូច ក៍បានបកស្រាយទៅនឹងសម្តីលោក អ៊ុំ ដារ៉ាវុធ ត្រង់ឃ្លា «កុំយកព្រះមហាក្សត្រមកធ្វើជាអាជីវកម្ម» យ៉ាងដូច្នេះថា អាជីវកម្មរបស់បញ្ញាវន្តដែលមានគ្រាន់តែបញ្ចេញគំនិត លក់សៀវភៅដែលជាការនិពន្ធ ទៅបង្រៀន ប្រើប្រាស់វិជ្ជាជីវ: ចែករំលែកទេពកោសល្យ ដើម្បីរកកំរៃតែប៉ុណ្ណោះ។
ថ្វីត្បិតតែរហូតមកដល់ពេលនេះ ព្រះមហាក្សត្រកម្ពុជា និង សម្តេចម៉ែបន្តរក្សាភាពស្ងៀមស្ងាត់ក៏ដោយ ក៏អង្គការសង្គមស៊ីវិល ក្រុមបញ្ញវន្ត និងមហាជនទូទៅ មួយចំនួន នៅតែទទូចដល់ព្រះអង្គទាំងពីរ ជួយអន្តរាគមន៍ និងជាអាជ្ងាកណ្តាល សម្របសម្រួលលើវិបត្តិនយោបាយ ក្រោយការបោះឆ្នោតដែលអូសបន្លាយជាយូរណាស់មកហើយ។ យ៉ាងណាមិញ ការទទូចនេះនៅតែបន្ត ដោយសារតែមើលឃើញនូវអំពើហិង្សា រវាងកងប្រដាប់អាវុធនិងសកម្មជន កម្មកររោងចក្រនានា កាលពីដើមខែមករាកន្លងទៅថ្មីៗនេះ បណ្តាលឲ្យមានអ្នកស្លាប់ រងរបួសជាច្រើននាក់ និងត្រូវឃាត់ខ្លួនជាបន្តបន្ទាប់៕
សូមអានអត្ថបទ ដែលទាក់ទងនឹងប្រធានបទដដែលឡើងវិញ ដោយចុចនៅលើទីនេះ។
--------------------------------------
ដោយ ក. ស៊ន សុខឃៀង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤