រ៉ុង ឈុន និងស្រ្តីសកម្មជនបឹងកក់ច្រើននាក់ ត្រូវបានចាប់ខ្លួនព្រឹកនេះ
នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤នេះ កងកម្លាំងសន្តិសុខខ័ណ្ឌដូនពេញ និងប៉ូលីសបានចាប់ លោក រ៉ុង ឈុន ប្រធានសហភាពសហជីព រួមទាំងនាក់ភូមិបឹងកក់ជាច្រើននាក់ទៀត ខណៈពេលដែលពួកគាត់ ប៉ុនប៉ងដាក់ញត្តិស្នើសុំអន្តរាគមន៍ ពីស្ថានទូតសហរដ្ឋអាមេរិកនិងបារាំង ដើម្បីឲ្យដោះលែងលោក វន់ ពៅ និងកម្មករ ២២ នាក់ផ្សេងទៀត។
ក្រុមសកម្មជនពីសហគមន៍បឹងកក់ តវ៉ាឲ្យមានការដោះលែងជនដែលត្រូវចាប់ខ្លួន២៣នាក់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
សិទ្ធិមនុស្ស - នៅម៉ោងប្រមាណ ៨ ព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤នេះ អ្នកភូមិបឹងកក់ប្រមាណជាង១០នាក់ រួមមានមន្រ្តីសង្គមស៊ីវិលផង បានមកជួបជុំគ្នាតវ៉ានៅសួនជិតស្ថានទូតអាមេរិក បើទោះជាក្រុមអ្នកតវ៉ាទាំងនេះ ដឹងថាមានក្រុមសន្តិសុខរបស់សាលាខ័ណ្ឌដូនពេញ ប្រមាណជា៥០នាក់ ត្រូវបានបញ្ជូនមកចាំទប់ស្កាត់ និងបំរុងនឹងធ្វើការចាប់ខ្លួនក្រុមខ្លួនក៏ដោយ។
បន្ទាប់ពីមានការគម្រាមចាប់ខ្លួនពីក្រុមសន្តិសុខទាំងនោះ អ្នកភូមិបឹងកក់ទាំងនោះបាននាំគ្នារត់មកនៅលើចិញ្ចើមផ្លូវ មុខស្ថានទូតអារិក បើទោះបីយ៉ាងនេះក៏ដោយ នៅតែមិនអាចបញ្ឈប់ពីការតាមចាប់ខ្លួន របស់កងកម្លាំងសន្តិសុខបានឡើយ។
ម៉ោង៨និង៣០នាទី អ្នកស្រី ទេព វន្នី សកម្មជនសហគមន៍បឹងកក់ ត្រូវបានចាប់ខ្លួន។ បន្ទាប់មកទៀត នៅម៉ោង៨ និង៣៧នាទី លោករ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងកញ្ញា ឡុង គឹមហ៊ាង មន្ត្រីអង្គការសិទ្ធិលំនៅដ្ឋាន ក៏ត្រូវបានចាប់ខ្លួនដែរ ខណៈពេលដែលអ្នកទាំងពីរ បានទៅចូលរួមឃ្លាំមើលជាមួយអ្នកភូមិបឹងកក់ ក្នុងការដាក់ញ្ញាត្តិនៅស្ថានទូតអាមេរិក ដើម្បីអោយជួយអន្តរាគមន៍ ដោះលែងជនជាប់សង្ស័យទាំង២៣រូប ដែលត្រូវជាប់ពន្ធនាគារ នៅគុកត្រពាំងខ្លុងខេត្តកំពង់ចាម។
បន្ទាប់ពីត្រូវបានចាប់់ខ្លួនហើយ អ្នកទាំងបីនាក់នោះ ត្រូវបានគេដាក់នៅក្នុងឡានទេសចរណ៍ ពណ៌ស ប្រភេទ១២កៅអីមួយ ហើយតួរីសនោះបើកចេញទៅយ៉ាងលឿន តែគ្មាននរណាម្នាក់ដឹងថាយកទៅណាទេ។
តាមសេចក្តីរាយការណ៍ នៅម៉ោង៩ និង២០ នាទីព្រឹកនេះ ស្រ្តីអ្នកភូមិបឹងកក់បឹងប្រមាណជាជិត១០នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនដែរ នៅផ្លូវកែងជ្រុងជិតមន្ទីពេទ្យកាល់ម៉ែត ក្នុងនោះរួមមានអ្នកស្រី យ៉ោម បុប្ផាផងដែរ ខណៈពេលដែលពួកគាត់ធ្វើដំណើរដោយថ្មើរជើង ឆ្ពោះទៅដាក់ញ្ញាត្តិនៅស្ថានទូតបារាំងបន្ត។ មកដល់ពេលនេះ របាយការណ៍អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ រួមមាន៖ លោក រ៉ុង ឈុន អ្នកស្រី ទេព វន្នី អ្នកស្រី យ៉ោម បុប្ឆា កញ្ញាឡុង គឹមហៀង ពៅ សុភា អ៊ឹម ស្រីតូច ផាន់ ឈុនរ៉េត សុង ស្រីលាភ យាយឡាង និងស្រីនាង។
ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ មិនទាន់ទទួលបានប្រតិកម្ម របស់អាជ្ញាធររាជធានីភ្នំពេញនៅឡើយ ទាក់ទងនឹងការចាប់ខ្លួនខាងលើ។
ប្រតិកម្មនឹងករណីការចាប់ខ្លួននៅព្រឹកនេះ សកម្មជនការពារសិទ្ធិមនុស្ស នៃសមាគមអាដហុកលោកចាន់ សូវ៉េត បានអោយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូដឹងថា «ប្រសិនបើការចាប់ខ្លួនទៅលើអ្នកសម្តែងមតិតវ៉ា ដើម្បីរកដំណោះស្រាយផ្សេងៗ គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ហើយនៅក្នុងប្រទេស និងមួយវិញទៀតវាធ្វើអោយប៉ះពាល់ដល់ការអនុវត្តន៍នូវលទ្ធិប្រជាធិបតេយ្យ សេរីភាពក្នុងការសម្តែងមតិ និងសេរីភាពតវ៉ា»។
ចំពោះបញ្ហាបំបិទសិទ្ធិសេរីនេះ លោកសៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ឋិលំនៅដ្ឋាន ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ កន្លងទៅ ធ្លាប់បានអះអាងថា «ការចាប់ខ្លួននេះវាជាការបំបិទសិទ្ធិសេរីភាព ហើយវាក៏ជាការគម្រាមកំហែងមួយដែរ ដោយសារតែរដ្ឋាភិបាលឃើញប្រជាពលរដ្ឋខ្មែរ ងើបឈរឡើងតវ៉ា អញ្ចឹងអាជ្ញាធរក៏ដូចជារដ្ឋាភិបាល ភ័យខ្លាចនូវការងើបឡើងនេះ»។
លោកសៀ ភារម្យ បានប្រដូចទៅនឹងពាក្យស្លោកមួយថា «អារកស្វាមួយ ដើម្បីគម្រាមស្វាមួយទៀត»។ លោកបញ្ជាក់ថែមទៀតថា «បញ្ហានេះយើងមើលទៅគឺគេធ្វើទៅលើសកម្មជនដីធ្លី សកម្មជនការពារសិទ្ធិមនុស្ស សកម្មជនការពារយុត្តិធម៌ កុំអោយក្រោកតវ៉ា បើគេរំលោភអោយសំងំទៅ ទ្រាំរស់ទៅ»៕
-----------------------------------------------
ដោយ ក. ចាន់នីតា និង អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៤