លទ្ធផលបែប«ចៅចាក់ស្មុគ្រ» នៃកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរិមា នៅក្រសួងការងារ
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៧ កញ្ញា ២០១៤
- កែប្រែចុងក្រោយ: September 27, 2014
- ប្រធានបទ: វិបត្តិកម្មករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កិច្ចពិភាក្សា ស្វែងរកដំណោះស្រាយ លើក«ទី១០» ថ្ងៃទី២៦ ខែកញ្ញា នៅទីស្តីការស្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានអូសបន្លាយជាច្រើនខែមកហើយ សឹងតែក្លាយជាកិច្ចប្រជុំរបស់ក្រុម«ចៅចាក់ស្មុគ្រ» ដោយសារតែគេនៅមិនទាន់រកឃើញដំណោះស្រាយរួម ហើយភាគីទាំងសងខាង នៅមិនទាន់ព្រមព្រៀងគ្នា លើចំណុចណាមួយនៅឡើយ។ ក្រុមកម្មករ និងសហជីព និយាយពីប្រាក់ឈ្នួលអប្បបរិមា ១៧៧ដុល្លារ ប៉ុន្តែខាងភាគីនយោជក និយាយពីលទ្ធភាព ដែលពួកថៅកែរោងចក្រហ៊ានត្រឹមតែ ១១០ដុល្លារក្នុងមួយខែប៉ុណ្ណោះ។
នៅក្នុងការចរចានៅមានសភាពតឹងតឹង សឹងតែភាគីទាំងសងខាង គ្មានអ្វីត្រូវនិយាយនិងត្រូវពិភាក្សាទៀត។ នេះបើតាមលោក អាត ធន់ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនោះ។ លោកបន្តថា៖ «រយៈពេលបីខែហើយនៅដដែល អញ្ចឹងហើយ បានជាខាងនយោជក បានស្នើរថាឲ្យរដ្ឋាភិបាលកំណត់ទៅ ព្រោះគេអស់លទ្ធភាពកំណត់ត្រឹមប៉ុណ្ណឹង ហើយចំណែកខាងសហជីព ក៍បានលើកឡើងថា សហជីពគឺអត់មានថយតួលេខណាទេ គឺទុកឲ្យខាងរដ្ឋាភិបាលកំណត់ទៅ បើសិនជាការកំណត់ណ្នឹងសមរម្យ គឺយើងទទួលយកបាន បើមិនសមរម្យកម្មករនឹងបន្តជជែកពិភាក្សាគ្នា តវ៉ាតអីទៀតទៅ។»
ដោយឡែកលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងជាប្រធានគណៈកម្មការប្រឹក្សាការងារ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជំនួបនៅថ្ងៃនេោះក៍មានផលវិជ្ជមាន«ដែរ» ដោយសារថាភាគីទាំងពីរ បានបន្តបង្ហាញនូវជំហរពិភាក្សាគ្នាក្នុងលក្ខណៈស្ថាបនា។ លោកបានសង្កតធ្ងន់ថា៖ «ប៉ុន្តែមកដល់ពេលនេះ យើងមិនទាន់រកចំនុចឯកភាពគ្នា ឃើញនៅឡើយទេ អង្គប្រជុំរបស់យើង នឹងត្រូវលើកទៅសម្រេចចុងក្រោយ នៅថ្ងៃទី១០ ខែតុលា ម៉ោង ៩:០០ ព្រឹក។»
លោកបានបន្តទៀតថា៖ «ចំនុចដែលនៅសេសសល់សំខាន់បំផុត គឺលេខមិនទាន់ត្រូវគ្នា ដោយសារថាអ្នកដែលសុំគឺសុំច្រើន ហើយអ្នកដែលឲ្យគឺថាខំបង្កើនដែរ ហើយអ្នកសុំក៍ខំបន្ថយដែរប៉ុន្តែវាមិនទាន់ត្រូវគ្នា។»
គួបញ្ជាក់ថា ប្រាក់ឈ្នួល១៧៧ដុល្លា ដែលក្រុមកម្មករនិងសហជីពបានកំណត់ គឺជាតួលេខឈរ មានន័យថា ជាលេខដែលអាចបត់បែនបាន នេះបើយោងតាមការបញ្ជាក់ ក្នុងពេលកន្លងមក របស់លោកលោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ ហៅកាត់ជាភាសាអង់គ្លេសថា CUMW៕