បុគ្គលិកវិទ្យុអាស៊ីសេរី គ្រោងប្តឹងថ្នាក់ដឹកនាំវិទ្យុ ពីអតីតភាពការងារ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៩ មេសា ២០១៥
- កែប្រែចុងក្រោយ: April 29, 2015
- ប្រធានបទ: សារព័ត៌មាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុគ្គលិកនៃវិទ្យុអាស៊ីសេរី ផ្សាយជាភាសាខ្មែរមួយចំនួន ក្រោយការលាឈប់ និងដល់កំណត់នៃកិច្ចសន្យា របស់ខ្លួន មិនត្រូវបានអ្នកគ្រប់គ្រង នៃវិទ្យុមួយនេះ គិតអតីតភាពការងារ ដែលខំបំរើការ អស់ជាង១០ឆ្នាំនោះឡើយ។ នេះបើតាមការអះអាង របស់ក្រុមបុគ្គលិកមួយចំនួន ដែលបានសម្ដែង ការមិនពេញចិត្តរបស់ខ្លួន ហើយគ្រោងនឹងដាក់ពាក្យបណ្ដឹង ប្រឆាំងថ្នាក់ដឹកនាំវិទ្យុ ក្នុងពេលខាងមុខ។
ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ អ្នកស្រី អ៊ុក សាវបូរី ដែលមានប្រវត្តការងារចាស់ទុំ ក្នុងវិទ្យុអាស៊ីសេរី តាំងពីបើកដំណើរការរបស់វិទ្យុ ជាង១៧ឆ្នាំមកនោះ បានបើកកកាយ នូវភាពមិនប្រក្រតីក្នុងវិទ្យុមួយនេះថា ថ្នាក់ដឹកនាំ បានធ្វើបាបបុគ្គលិកចាស់ៗ តាមរយៈការគាបសង្កត់ ផ្នែកពេលវេលា ថវិការ និងទីកន្លែង ដែលត្រូវយកព័ត៌មានជាដើម។ អ្នកស្រីបន្ថែមថា «ឲ្យខ្ញុំចុះខេត្ត។ អ្វីដែលតវ៉ា គឺចុះខេត្តតាកែវ កំពត កែប ដែលបីខេត្តនេះ ឲ្យ១០០ដុល្លា ក្នុងមួយខែ (ប្រាក់បេសកកម្ម)។ គ្រាន់តែទឹញទឹកសុទ្ធ ទូរស័ព្ទ និងអ៊ីធើណែតមិនគ្រាន់ផង។ គេធ្វើបាបអញ្ចឹង ដែលនាំឲ្យពួកយើងដើរចេញ។»
អ្នកស្រីបន្តថា ក្នុងវិទ្យុមួយនេះ ប្រហែលជាមិនមានបុគ្គលិកពេញសិទ្ធិទេ ព្រោះអ្នកស្រី និងមនុស្សមួយចំនួនទៀត ដែលធ្វើការជាង១៧ឆ្នាំទៅហើយនោះ នៅតែជាបុគ្គលិកបណ្តែតនៅឡើយ។ អ្នកស្រីគ្រោង នឹងធ្វើពាក្យបណ្តឹង នាពេលខាងមុខ បើអ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរី មិនគិតប្រាក់អតីតភាពការងារ ឲ្យនោះទេ។ អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំធ្វើការជាបុគ្គលិកអាស៊ីសេរី ជិត១៧ឆ្នាំ។ តាំងពីឆ្នាំ១៩៩៨ មកទល់ពេលនេះ ខ្ញុំនៅតែជាបុគ្គលិកបណ្តែត។ (...) នេះហើយ ដែលអាមេរិកាំង មិនគោរពច្បាប់ប្រទេសខ្មែរយើង។ បើគ្មានដំណោះស្រាយ ពីអតីតភាពការងារទេ ខ្ញុំនឹងដាក់ពាក្យបណ្តឹងតាមច្បាប់។»។
លើកឡើងប្រហែលគ្នានេះដែរ លោក អ៊ុំ សារិន អ្នកសារព័ត៌មានជើងចាស់ម្នាក់ទៀត នៃវិទ្យុអាស៊ីសេរី ក៏បានបង្ហាញមុខ គាំទ្រនូវការទាមទារ ស្វែងរកប្រាក់អតីតភាពការងារ ពីវិទ្យុមួយនេះដែរ។ រូបលោកផ្ទាល់ ដែលទើបនឹងបញ្ចប់កិច្ចសន្យាការងារ និងបានសម្រេចចិត្ត ដើចេញពីវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៥ ខែមេសានេះ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ក្រោយពីផ្លាស់ប្តូរ អ្នកគ្រប់គ្រងពីជនជាតិអាមេរិក មកជាខ្មែរអាមេរិកកាំង ក្នុងឆ្នាំ២០០៩មក វិទ្យុដែលទទួលការឧបត្ថម្ភ ពីសភាអាមេរិកមួយនេះ មានការុកគួនច្រើន ដែលនាំឲ្យបុគ្គលិកចាស់ៗ ពិបាកធ្វើការជាមួយ។
លោកបន្តថា ស្ថិតក្រោមការគ្រប់គ្រងរបស់លោក សំ ប៉ូលី (ប្រធាន) និងលោក ហួត វុទ្ធី ឬ ជុន ចាន់បុត្រ (អនុប្រធាន) ដែលប្រចាំការនៅសហរដ្ឋអាមេរិក រាល់ព័ត៌មានទាំងអស់ ហាក់ដូចជាមានភាពលំអៀង មិនមានភាពឯករាជ្យ និងងាករេទៅរកគណបក្សនយោបាយ។ ឯបរិយាកាសការងារ មិនទូលំទូលាយ ដូចជំនាន់គ្រប់គ្រង ដោយជនជាតិអាមេរិកាំងឡើយ។
លោកបានបន្ថែមថា សម្រាប់លោកផ្ទាល់ខ្លួន ត្រូវបានគេបង្ខំឲ្យចុះ ទៅធ្វើការនៅខេត្ត ព្រមទាំងកាត់ប្រាក់ខែថែមទៀត និងបង្ខំឲ្យធ្វើការ ក្នុងមួយថ្ងៃ១២ម៉ោង។ គ្រប់គ្រងដោយមិនគោរពច្បាប់ខ្មែរ។ លោកបន្តថា កត្តាទាំងនេះហើយ ដែលធ្វើឲ្យលោក មានការមិនពេញចិត្ត នឹងវិទ្យុអាស៊ីសេរី។ លោក បានថ្លែងទៀតថា៖ «គេរកវិធីធ្វើបាបយើង យើងធ្វើអ្វី ក៏មិនត្រូវចិត្តគេ។ (...) អ្នកគ្រប់គ្រង គេមិនពេញចិត្តនឹងយើង គេរករឿងយើង គ្រប់បែបគ្រប់យ៉ាង ធ្វើអ្វីក៏មិនត្រូវ ខុសរហូត។»
លោកបញ្ជាក់យ៉ាងមុតមាំថា លោកនឹងស្វែងរកអ្នកច្បាប់ ដើម្បីធ្វើការតវ៉ា និងទាមទារឿងប្រាក់អតីតភាពការងារនេះ។
ដោយឡែកលោក អាន ស៊ីថាវ និងអ្នកស្រី ទេព សុរ៉ាវី លោក វ៉ាន់ វាចារ លោក មុំ សុផុន វិញ ដែលបានដើរចេញ ពីវិទ្យុអាស៊ីសេរីនេះដូចអ្នកខាងលើ បានបញ្ជាក់ពីមូលហេតុថា ដោយសារបញ្ហា តម្រូវការផ្ទាល់ខ្លួននៃគ្រួសារ ព្រោះចង់ផ្លាស់ប្តូរ នូវបទពិសោធការងារជាដើម។ យ៉ាងណា ពួកគាត់បានលើកឡើងថា មិនមានគំនាប ផ្នែកការងារណាឡើយ ពីថ្នាក់ដឹកនាំនៃវិទ្យុអាស៊ីសេរីនោះទេ។
អ្នកស្រី ទេព សុរ៉ាវី បានលើកឡើងថា អ្នកស្រីបានសុំលាឈប់ ពីការងារមុនការចប់ កិច្ចសន្យាការងារ (ចប់ខែ៩)។ អ្នកស្រីដែលទើបបំរើការងារ នៅក្នុងវិទ្យុអាស៊ីសេរី បានជាងពីរឆ្នាំនេះ បានថ្លែងឡើងថា ពិតជាបញ្ហាផ្ទៃក្នុងមួយចំនួន ដែលកំពុងកើតមាន នៅក្នុងស្ថាប័នផ្សព្វផ្សាយ របស់អាមេរិកមួយនេះមែន។ តែអ្នកស្រី សុំមិនធ្វើការអត្ថាធិបាយឡើយ ព្រោះជាកិច្ចការផ្ទៃក្នុងស្ថាប័ន។ ឯការលាឈប់ ពីការងាររបស់អ្នកស្រី ក៏ព្រោះតែអ្នកស្រីចង់ចូលរួម និងមកធ្វើការ នៅក្នុងទូរទស្សន៍ វិញម្តងប៉ុណ្ណោះ។ ក្នុងកិច្ចបំរើការ នៃវិទ្យុអាស៊ីសេរីនេះ ដែលទើបតែបានជាងបីឆ្នាំនោះ អ្នកស្រីបានបន្តថា៖ «ជាបុគ្គលិកជួល ខ្ញុំគ្មានអតីតភាពការងារទេ។ ពេលចេញមកនេះ បានតែប្រាក់ខែចុងក្រោយទេ អ្វីៗដែលតាមច្បាប់នៅស្រុកខ្មែរ គឹគ្មានអ្វីទាំងអស់។»។
សម្រាប់លោក អាន ស៊ីថាវ វិញ ការចាកចេញពីវិទ្យុអាស៊ីសេរី មិនមានរឿងអ្វី ដែលធ្ងន់ធ្ងរឡើយ។ រីឯការថ្នាំងថ្នាក់ក្នុងន័យការងារ ក៏វាមិនជៀសផុតនោះដែរ។ តែអ្វីដែលលោកចង់បាន គឺការផ្លាស់ប្តូរបទពិសោធន៍ការងារ ពីទស្សនាវដ្តី មកវិទ្យុ និងមកទូរទស្សន៍ជាដើម។ លោកថា លោកចង់រៀន អ្វីដែលថ្មីពីទូរទស្សន៍ ហើយវាជាការសម្រេចចិត្ត របស់លោកផ្ទាល់។
ចំណែកលោក មុំ សុផុន ដែលបានបម្រើការ ក្នុងវិទ្យុអាស៊ីសេរី អស់រយៈពេល៧ឆ្នាំនោះ បានថ្លែងឡើងថា ហេតុផលនៃការចាកចេញរបស់លោក គឺកើតឡើងពីបញ្ហាផ្ទាល់ខ្លួន ជាមួយនឹងការលាឈប់ត្រឹមត្រូវតាមច្បាប់។ លោកមិនទទួលបាន នូវអតីតភាពការងារនោះទេ ហើយក៏មិនធ្វើការទាមទារអ្វីដែរ ព្រោះនេះ ជាមនោសញ្ចេតនាផ្ទាល់របស់លោក។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កំពុងសុំការស្រាយបំភ្លឺ ពីថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា ហើយនឹងធ្វើការចុះផ្សាយ នៅក្នុងអត្ថបទក្រោយរបស់ខ្លួន នៅពេលមានការឆ្លើយតប។
បុគ្គលិកនៅក្នុងប្រទេសកម្ពុជា ដែលបានលាឈប់ ពីវិទ្យុអាស៊ីសេរីរួមមាន លោក សុខ សេរី, អ្នកស្រី គឹម ពៅសុតន់, លោក អ៊ុំ សារិន, លោក មុំ សុផុន, លោក វោហារ ជាតិ, លោក អាន ស៊ីថាវ, អ្នកស្រី ទេព សុរ៉ាវី និងលោក វ៉ាន់ វាចារ។ រីឯអ្នកស្រី អ៊ុក សាវបូរី នៅមិនទាន់លាឈប់ជាផ្លូវការ ពីវិទ្យុអាស៊ីសេរីនេះនៅឡើយ៕