«អាជ្ញាធរអប្សរា មិនបានលក់ដូរបូរាណវត្ថុក្នុងតំបន់អង្គរទេ»
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៨ មេសា ២០១៥
- កែប្រែចុងក្រោយ: April 29, 2015
- ប្រធានបទ: បេតិកភ័ណ្ឌ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អាជ្ញាធរអប្សរាមិនបានដាក់គោលការណ៍ ឬ គម្រោងណាមួយ ដើម្បីបំផ្លិចបំផ្លាញ តំបន់អង្គរ ដែលជាព្រលឹងជាតិខ្មែរនោះទេ គឺមានតែគោលការណ៍អភិរក្ស និងកែលំអរ តាមការសិក្សារបស់អ្នកជំនាញច្បាស់លាស់ មិនមានដូចជាអ្វី ដែលអ្នកមិនបានយល់ច្បាស់ពីអង្គរ និយាយនោះទេ។ នេះជាការថ្លែងអះអាង របស់អ្នកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ប្រតិកម្មទៅនឹង ពាក្យចចាមអារាមមួយចំនួន ក្នុងពេលកន្លងមកថ្មីៗ ដែលចោទអាជ្ញាធរជាតិមួយនេះ ថាបានលក់ដូរ វត្ថុមានតម្លៃ នៅក្នុងតំបន់អង្គរ និងមិនបានយកចិត្តទុកដាក់ ក្នុងការអភិរក្ស វត្ថុបុរាណទាំងនោះ ជាមរតកជាតិខ្មែរ។
នៅក្នុងកិច្ចសម្ភាសតាមទូរស័ព្ទ ជាមួយនឹងទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលថ្ងៃទ២៨ ខែមេសា ឆ្នាំ២០១៥ អ្នកស្រី ចៅ ស៊ុនកិរិយា បានពន្យល់ថា ចំពោះកំណាយ ដែលបានរកឃើញ កាលពីឆ្នាំ២០១២ នៅប្រាសាទតាព្រហ្ម ជាវត្ថុមានតម្លៃ ក្នុងនោះមានដូចជា ម្កុដ ឬភ្នួងសក់ធ្វើពីមាស មិនមានបាត់បង់ទៅណាទាំងអស់ គ្រាន់តែអាជ្ញាធរអប្សរា មិនបានដាក់បង្ហាញ ជាសារធារណៈប៉ុណ្ណោះ គឺធ្វើការក្សាទុក នៅកន្លែងមានសុវត្តិភាព។
អ្នកស្រីបញ្ជាក់ថា ដោយសារតែបុគ្គលមួយចំនួន មិនបានឃើញរបស់ទាំងនោះ ទើបបាននាំគ្នាបំផុសបំផុលព័ត៌មាន ថាអាជ្ញាធរអប្សរា បានលក់ទៅឲ្យប្រទេសជិតខាង។ តែក្នុងនាមអ្នកស្រី ជាអ្នកនាំពាក្យអាជ្ញាធរអប្សរាម្នាក់ អ្នកស្រីសូមឲ្យអ្នកទាំងនោះមេត្តា ពិចារណាឲ្យបានច្បាស់ មុននឹងជឿអ្វីមួយ ដែលមិនមែនជាការពិត។
អ្នកនាំពាក្យ បានប្រាប់ឲ្យដឹងទៀតថា វត្ថុដ៏មានតម្លៃទាំងនោះ ធ្លាប់បានដាក់ពិពណ៍ដោយសេរីម្តង រួចមកហើយ កាលពីឆ្នាំ២០១២ នៅក្នុងកម្មវិធីបុណ្យចំរើនព្រះជន្ម នៅវាលព្រះមេរុ៍ នៅរាជធានីភ្នំពេញ ក្នុងនោះមានទាំងព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រី ក៏ដូចជាមហាជន បានទស្សនាដោយសេរី។ តែដោយសារមានការពិភាក្សា និងការព្រួយបារម្ភ ពីជនខិលខូចមួយចំនួន អាជ្ញាធរមិនបានដាក់បង្ហាញ ជាសារធារណៈទេ គឺទុកសម្រាប់ ពេលមានពិធីបុណ្យទានធំៗ នៅក្នុងប្រទេស។
បុគ្គលិកមួយរូបទៀត ដែលធ្វើការនៅក្នុងអាជ្ញាធរអប្សរាដែរ បានថ្លែងប្រាប់ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា រូបលោកផ្ទាល់ ជាអ្នកនៅជាមួយវត្ថុបុរាណទាំងនោះ ជាច្រើនឆ្នាំហើយ មិនមានបាត់បង់ទៅណាទេ។ លោកមិនដឹងពីមូលហេតុ ថាហេតុអ្វី បានជាមហាជន បែរបានពាក្យលេចលឺទាំងនេះ ហើយមកចោទប្រកាន់អជ្ញាធរអប្សរានោះ? មន្ត្រីរូបនោះ បានសំណូមពរឲ្យកូនខ្មែរទាំងអស់ មេត្តាទុកចិត្តទុកថ្លើម ថាខ្មែរមានប្រាសាទ ដែលជាដូងព្រលឹង នៃប្រទេសជាតិ ដូច្នេះសូមជួយថែរក្សាទាំងអស់គ្នា និងសូមបញ្ឈប់ នូវទង្វើដែលមិនច្បាស់លាស់ ទាំងនេះចោល។
មន្ត្រីដដែល បានពន្យល់ថា រាល់ពេលកំណាយឬ ទទួលបានវត្ថុមានតម្លៃណាមួយ នៅក្នងតំបន់អង្គរ គឺមានអ្នកត្រូតពិនិត្យត្រឹមត្រូវ ជាពិសេសអ្នកជំនាញជាតិ និងអន្តរជាតិ សហការជាមួយអាជ្ញាធរអប្សរា និងអជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការក្សាទុក នូវវត្ថុមានតម្លៃទាំងនោះ។ ម្យ៉ាងទៀត អជ្ញាធរដែលពាក់ព័ន្ធទាំងនោះ មានតួនាទីកក្នុងការជួយដឹងលឺ ពីវត្ថុដ៏មានតម្លៃ ដែលបានជីកកកាយរកឃើញ។ ផ្ទុយទៅវិញ គឺមានតែអ្នកគ្មានជំនាញទេ ដែលមិនដឹងពីការក្សាទុកទាំងនេះ៕
ម្កុដមាស នៅពេលជីករកឃើញ ដំបូង។
ម្កុដមាស ត្រូវបានអាជ្ញាធរអប្សារា យកមកបង្ហាញ ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៥នេះ។