ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ជិតចេញហើយ... បីឆ្នាំទៀត!
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 19, 2014
- ប្រធានបទ: ព័ត៌មាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ត្រូវបានលើកយកមកពិភាក្សា ដោយភាគីរដ្ឋាភិបាល គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ ប៉ុន្តែមិនទទួលបានផ្លែផ្កាអ្វីជាដុំកំភួននោះទេ។ មិនទទួលបានលទ្ធផលជាផ្លែផ្កា ដោយសារតែច្បាប់នេះ មិនទាន់ទទួលបាននូវសិទ្ធិអាទិភាព នៅក្នុងឆន្ទៈនយោបាយរបស់រដ្ឋាភិបាល ទើបច្បាប់មួយនេះត្រូវបានពន្យាពេល។ នេះជាការលើកឡើង របស់នាយកវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ លោក ណែប ស៊ិនថៃ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិមួយ ស្តីពី«សិទ្ធិទទួលព័ត៌មាន»។
នៅក្នុងសិក្ខាសាលា ថ្ងៃទី១៨ ខែធ្នូ ក្នុងសណ្ឋាគារសាន់វ៉េនេះ មន្ត្រីមេដឹកនាំវិទ្យាស្ថាន លោក ស៊ិនថៃ បាននិយាយថា ទើបតែដល់ឆ្នាំ២០១៣នេះ ទើបរដ្ឋាភិបាលបានគិតគូរ កំណត់ឱ្យមានការតាក់តែងច្បាប់នេះឡើងវិញ។ លោកបានពន្យល់ឲ្យដឹងទៀតថា៖ «បន្ទាប់ពីការធ្វើសន្និសិទ និងសិក្ខាសាលាថ្នាក់ជាតិ និងថ្នាក់ខេត្តជាច្រើន ស្តីពីសិទ្ធិទទួលបានព័ត៌មាន យើងឃើញកាន់តែច្បាស់ថា តម្រូវការច្បាប់សិទ្ធិទទួលបានព័ត៌មាន ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានឆ្លុះបញ្ចាំងនូវតម្រូវការ ឱ្យមានការរៀបចំ និង ការស្នើសេចក្តីព្រាងច្បាប់ចុងក្រោយ ទៅកាន់សភាជាតិ។»
លោក ណែប ស៊ិនថៃ បញ្ជាក់បន្ថែមថា៖ «នៅក្នុងតំបន់ជាពិសេសសមាគមអាស៊ាន ប្រទេសថៃគឺមានច្បាប់ ឥណ្ឌូនេស៊ីគឺមានច្បាប់ ហ្វីលីពីនកំពុងតែធ្វើច្បាប់ឱ្យមាន ដាច់ដោយឡែក។ (...) មានតែរដ្ឋប៉ុន្មានទេ ដែលមានច្បាប់និយាយពីសិទ្ធិទទួលបានព័ត៌មាន អញ្ចឹងហើយ កម្ពុជាយើងបានផ្តួចផ្តើមឱ្យមានការងារនេះ (...) នៅក្រោយគេទេ។យ៉ាងហោចណាស់ យើងអាចចាប់ផ្តើមមុនបណ្តាប្រទេស ដែលជាសមាជិកអាស៊ាន ក្រៅពីប្រទេសថៃ ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន។»
សរសេរច្បាប់មួយ ប្រើរយៈពេលបីឆ្នាំ...
ទីប្រឹក្សាក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានថ្លែងថា ច្បាប់ស្តីពីសិទ្ធិទទួលបាននូវព័ត៌មាន ត្រូវការរយៈពេលតាក់តែង ឲ្យរួចរាល់ជាស្ថាពរ រហូតដល់៣ឆ្នាំ ចាប់ពីឆ្នាំ២០១៤ទៅ ប្រហែលឆ្នាំ២០១៧ទើបរួចរាល់។
ដោយឡែកលោក សុន ឆៃ តំណាងរាស្រ្តមកពីគណបក្សសង្គ្រោះជាតិបានអះអាងថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាននេះ លោកធ្លាប់ស្នើទៅរដ្ឋាភិបាលពីរដងរួចមកហើយ តាំងពីឆ្នាំ២០១០ ប៉ុន្តែមិនបានសម្រេច ដោយសារមានឧបសគ្គ ក្នុងនោះដោយសារតែមានការលើកឡើងថា សេចក្តីពង្រាងមានកំហុសអក្ខរាវិរុទ្ធ និងមានការជ្រៀតជ្រែកពីបរទេសជាដើម។
ឆ្លើយនឹងការលើកឡើងរបស់ទីប្រឹក្សាក្រសួងព័ត៌មាន តំណាងរាស្ត្រ សុន ឆៃ បានលើកឡើងថា ការប្រើរយៈពេលរហូតទៅដល់៣ឆ្នាំ វាពេកហើយ ព្រោះថាច្បាប់ធ្លាប់មានការពិភាក្សា និងធ្វើសិក្ខាសាលា ពិគ្រោះយោបល់ច្រើនដងមកហើយ។
តើច្បាប់នេះ ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ?
លោក ណែប ស៊ិនថៃ បានថ្លែងពន្យល់ថា ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន មានសារៈសំខាន់ណាស់។ ការទទួលបាននូវព័ត៌មានពិត មានសារៈសំខាន់សម្រាប់ដំណើរការលទ្ធិប្រជាធិបេតេយ្យ និងការអភិវឌ្ឍន៍។ នៅពេលដែលប្រជាពលរដ្ឋ ទទួលបាននូវព័ត៌មានពិត ច្បាស់លាស់ ជាក់លាក់ ពួកគាត់នឹងងាយស្រួលក្នុងការសម្រេចចិត្ត។
លោកបន្ថែមថា ច្បាប់នេះមានប្រយោជន៍ដល់អន្តរវិស័យ ដូច្នេះហើយទាមទារឱ្យគ្រប់វិស័យដែលពាក់ព័ន្ធទាំងអស់ ត្រូវតែធានាបាននូវក្របខណ្ឌគតិយុត្ត ក្នុងការបើកចំហព័ត៌មាន។ លោកថា ច្បាប់មួយនេះ មិនត្រឹមតែធានាឱ្យមានប្រយោជន៍គ្រប់វិស័យនោះទេ ប៉ុន្តែប្រជាពលរដ្ឋខ្លួនឯង មានសិទ្ធិក្នុងការស្នើសុំរាល់ព័ត៌មានទាំងឡាយណា ដែលឆ្ពោះទៅរកការអភិវឌ្ឍន៍ផងដែរ។
រីឯតំណាងបណ្តាញកសាងសន្តិភាពសហគមន៍ លោក សេង សុខហេង បានលើកឡើងដែរថា ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន មានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅតាមសហគម៍ ក្នុងការធ្វើការសម្រេចចិត្តអ្វីមួយ។ លោកថា ព័ត៌មានដែលលោកទទួលបាន ភាគច្រើនសុទ្ធតែជាព័ត៌មាន ដែលមានលក្ខណៈជាការកេងបន្លំ ភូតភរ ហើយពេលខ្លះ ព័ត៌មានទាំងនោះជាលក្ខណៈគម្រាមកំហែង។ លោកយល់ថា ភាពខ្វះខាតនូវព័ត៌មាននេះ បានធ្វើឱ្យប្រជាពលរដ្ឋនៅតាមសហគមន៍ ងាយនឹងទទួលរងគ្រោះ ពីគម្រោងនៃការអភិវឌ្ឍ ដែលនាំឱ្យពួកគាត់បាត់បង់ដីធ្លី មុខរបរ និងការទទួលបានសេវាកម្មផ្សេងៗជាដើម៕