ក្រុមសន្តិសុខខណ្ឌទួលគោក៖ «ម៉េច ហ្អែងចង់ខ្លាំងហ្អេស?!»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: May 01, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជម្លោះពាក្យសម្ដីមួយ បានកើតឡើងខ្លាំងក្លា សឹងតែបានក្លាយជាការវាយតប់ រវាងអ្នកសារព័ត៌មានមួយរូប ជាមួយនឹងមន្រ្តីរៀបចំសណ្តាប់ធ្នាប់ ផ្សារដើមគរ នៅលើកំណាត់ផ្លូវលេខ៣៣៦។ លោក ហេង វុធ អ្នកសារព័ត៌មានឲ្យស្ថាប័នការសែត ក្មេងវត្តស្ថាបនា បានអះអាងដូច្នេះ ព្រោះលោកបាននិយាយពីច្បាប់ទម្លាប់ ស្រាប់តែមានកងសន្តិសុខម្នាក់នៅក្នុងឡាន ដែលជាអ្នកបើកបរនោះ ស្ទុះមកបំរុងនឹងវាយលោក ជាមួយនិងពាក្យគំហកថា «ម៉េចហ្អែងចង់ខ្លាំងហ្អេស !»។
កំណាត់ផ្លូវលេខ៣៣៦ ដែលបច្ចុប្បន្ននេះត្រូវបានខាងសង្កាត់ និងខ័ណ្ឌ ពុះចិញ្ច្រាំ ទៅឲ្យអាជីវករលក់ដូរ។ (រូបថត MONOROOM.info/ O. Vary)
សន្ដិសុខ - អ្នកសារព័ត៌មានរបស់ស្ថាប័នរួមអាជីព ហៅថា «ក្មេងវត្តស្ថាបនា» លោក ហេង វុធ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ក្នុងព្រឹកថ្ងៃទី៣០ ខែមេសា នេះថា លោកបានសម្រាកពីការងារ និងបានបើកម៉ូតូកង់បី ទៅដឹកអីវ៉ាន់នៅផ្ទះប្អូនស្រីរបស់លោក ដែលមានទីតាំងលើកំណាត់ផ្លូវលេខ៣៣៦ ដែលបច្ចុប្បន្ននេះត្រូវបានខាងសង្កាត់ និងខ័ណ្ឌ ពុះចិញ្ច្រាំ ទៅឲ្យអាជីវករលក់ដូរមួយចំនូន ស្ទើរតែអស់រកកន្លែងដើរគ្មាន។ លោកបានរៀបរាប់ទៀតថា គ្រាន់តែលោកឈប់មួយភ្លែត ដើម្បីជញ្ជូនអីវ៉ាន់ដាក់លើម៉ូតូកង់បីនោះ ក្រុមសណ្តាប់ធ្នាប់ទាំងនោះ ក៏បានមកដល់ល្មម ហើយបានបង្ខំឲ្យលោកយកម៉ូតូកង់បីនោះ ចេញជាបន្ទាន់ ដើម្បីគេធ្វើសណ្តាប់ធ្នាប់តាមដងផ្លូវ ឲ្យមានរបៀបរៀបរយ។
លោក ហេង វុធ បានបញ្ជាក់ដូច្នេះថា៖ «បើដេញទាំងអស់គ្នានោះ មិនថាអីទេ តែនៅលើផ្លូវនេះមានឡានឈប់ យ៉ាងអនាធិបតេយ្យ តែបែរជាមិនទៅដេញទេ ដេញអីតែខ្ញុំនោះ។ (...) ឯអ្នកលក់ដូរមួយចំនួនលើផ្លូវនេះ ខ្លួនបានលក់ចិញ្ចើមផ្លូវយកលុយ តែគេអាចចតបាន និងមិនដេញទៅវិញ។»
លោកបានបន្តថា និយាយបានត្រឹមនេះ ក្រុមសន្តិសុខទាំងនោះ ក៏ចាប់ផ្តើមជេរយកតែម្តង។ ពេលនោះលោកបញ្ជាក់ប្រាប់ថា យ៉ាងហោចណាស់ គួណាស់យោគយល់គ្នាទៅ កុំជេប្រមាថបែបនេះមិនសមរមទេ ដោយនិយាយថា លោកជាអ្នកសារព័ត៌មានមួយរូបផង។ លោកបន្តថា ពេលនោះមានម្នាក់ទៀតបានបន្ថែមដូច្នេះថា៖ «កាសែតពួកឯងហ្នឹង កាសែតពួកអាប្រឆាំងហ្នឹង។ ម៉េចឯងចង់ម៉េច? ឯងចង់ខ្លាំងជាមួយអញ កង់បីឯងហ្នឹង អញយកទៅខណ្ឌ។» ស្របពេលនោះ លោកក៏ចាក់បណ្តោយតាមថា «យកក៏យកទៅ»។ តែបន្តិចក្រោយមក ក្រុមសន្តិសុខខណ្ឌទាំងនោះ ក៏នាំគ្នាចាកចេញពីទីនោះទៅ មិនបាននៅតបតអ្វីវែងឆ្ងាយទេ។
ស្រ្តីម្នាក់បានឃើញហេតុការណ៍នេះ បានរៀបរាប់ថា ក្រុមទាំងនោះមានអ្នកធ្វើការចាស់ និងអ្នកទើបមកធ្វើការថ្មី។ អ្នកដែលខ្លាំងដៃជាងគេ នោះជាអ្នកមកថ្មី។ ឯលោក ឈួរ ដែលជាមេក្រុមដឹកនាំនោះ ក៏មានមុខនៅពេលកើតហេតុដែរ តែអង្គុយក្នុងឡានធ្វើមិនដឹង ទុកឲ្យកូនចៅចាត់ការតាមទំហឹង។ «បើអ្នកចាស់នោះ មិនសូវដេញទេ តែសុទ្ធតែជាអ្នកថ្មី។ អ្នកកាសែតគេចេះច្បាប់ គេមិនបំពានច្បាប់ទេ។ (...) តែអស់លោកវិញ បំពានច្បាប់យ៉ាងខ្លាំង។»
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបំភ្លឺពីលោក ឈួរ ដែលដឹកនាំក្រុមសន្តិសុខនោះបានទេ ក្នុងថ្ងៃនេះ។ តែលោក ឯក ឈុនដឿន អភិបាលខណ្ឌទួលគោក ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានបញ្ជាក់ថា ក្រុមសណ្តាប់ធ្នាប់របស់លោក តែងតែដើធ្វើសណ្តាប់ធ្នាប់ជាប្រចាំ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍។ លោកបន្ថែមថា តែអ្នកការសែតរូបនោះ បានប្រកបរបរថ្មីមួយទៀតជាអ្នករត់ម៉ូតូកង់បី ហើយឈប់លើផ្លូវសាធារណៈ ដូច្នេះក្រុមរបស់លោកមិនស្គាល់ថា អ្នកកាសែត ឬមិនកាសែតទេ ត្រូវតែគោរពច្បាប់ទាំងអស់គ្នា។
ប៉ុន្តែនៅពេលទស្សនាវដ្ដី សាកសួរថា តើនរណាខុសនរណាត្រូវ លោកអភិបាលខណ្ឌទួលគោក បានឆ្លើយបង្វែង ដោយនិយាយថា លោកក៏មិនស្ថិតនៅក្នុងហេតុការណ៍នោះដែរ។ តែលោកបាននិយាយថា៖ «បើគេសុំរៀបចំសណ្តាប់ធ្នាប់អី សុំចូលរួមសហការផង។ កុំអាងសារព័ត៌មាន យកលេសធ្វើខុសច្បាប់។ (...) ពេលខ្លះត្រូវចេះយោគយល់គ្នា ទៅវិញទៅមក និងគោរពច្បាប់ទាំងអស់គ្នា។ (...) គេចុះធ្វើការ ឯងចតសម្កាំងលើផ្លូវ អ្នកណាមិនខឹង បែកញើសជោគ។ (...) អាងតែអ្នកសារព័ត៌មាន គេប្រាប់ម្តងពីរដងមិនស្តាប់ នៅតែឌឺដង!»
លោកអភិបាលខណ្ឌទួលគោក បានលើកជាឧទាហរណ៍មកបញ្ជាក់ដូច្នេះថា «បងសុំអញ្ជើញទៅមុខបន្តិចទៅ! អើគាត់ទៅ ទំរាំគាត់ទៅជាងកន្លះម៉ោង គេនិយាយដប់ដងបានទៅ អ្នកណាមិនខឹង!។ (...) ស្អីអា អញឈប់ចាំម៉ូយបន្តិច មិនបានដែរហ្អា ! តម៉ាត់អញ្ចឹងអ្នកណាទទួលយកបាន?»
សាក្សីម្នាក់ទៀតក្នុងហេតុការណ៍ទាំងនោះ ដែលជាអ្នកលក់បន្លែ ផ្លែឈើ បានលើកឡើងដោយសុំមិនបញ្ចេញឈ្មោះថា ក្រុមសន្តិសុខខណ្ឌទួលគោកទាំងនោះ មានគ្នាជិតដប់នាក់ តែងតែដើរមកចាត់ចែងតំបន់លក់ដូរ ទៅឲ្យក្រុមអាជីវករ ដោយយកជាប្រាក់ប្រចាំខែយ៉ាងច្រើន។ ឯអាជីវករវិញ គ្មានអ្នកណាម្នាក់ គេពេញចិត្តនឹងក្រុមទាំងនេះទេ។ អ្នកមីងពន្យ់ថា បើអ្នកណាឲ្យលុយទើបអនុញ្ញាតិឲ្យលក់ បើអ្នកណាគ្មានប្រាក់បង់ទេ មិនអនុញាតិឲ្យលក់ឡើយ។ តែបើហានរឹងទទឹង នឹងចាប់យកទៅខណ្ឌ ខានលក់ជាមិនខាន៕
កំណាត់ផ្លូវលេខ៣៣៦ ដែលបច្ចុប្បន្ននេះត្រូវបានខាងសង្កាត់ និងខ័ណ្ឌ ពុះចិញ្ច្រាំ ទៅឲ្យអាជីវករលក់ដូរ។ (រូបថត MONOROOM.info/ O. Vary)
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៣០ មេសា ២០១៤