បែកធ្លាយនគរបាលចរាចរណ៍រវល់មករារាំងអ្នកការសែត ទុកឲ្យជនល្មើស«រត់បាត់» (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី១៥ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 18, 2014
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើដឹងត្រឹមតែច្បាប់ចរាចរណ៍មួយ វាមិនគ្រប់គ្រាន់ នឹងដើម្បីក្លាយជាមន្ត្រីអនុវត្តន៍ច្បាប់របស់អាជ្ញាធរឡើយ បើទោះជាមន្ត្រីរូបនោះ មានតួនាទីត្រឹមជាតម្រួតចរាចរណ៍ក៏ដោយ។ នេះជាហេតុការណ៍មួយ ដែលបានកើតឡើងនៅទីសាធារណៈ ត្រង់ចំណុចកែង ភ្លើងស្តុបអូបែកក្អម មុខក្រុមហ៊ុនណូគៀ កាលពីថ្ងៃទី១៧ ខែធ្នូ ម្សិលម៉ិញនេះ ដើម្បីបញ្ជាក់ថា ការស្វែងយល់ពីច្បាប់និងសិទ្ធិផ្សេងៗ សម្រាប់មន្ត្រីអាជ្ញាធរ មានសារៈសំខាន់ប៉ុណ្ណា។
មន្ត្រីនគរបាល នៅប្រចាំគោលដៅនោះ បានឃាត់ម៉ូតូមួយគ្រឿង ដែលបើកបរលើបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើត ដោយបត់ស្តាំតាមផ្លូវ២៧១។ ពេលមកដល់ត្រង់ចំណុចកែង ម៉ូតូមួយគ្រឿងនេះដែលជិះតែម្នាក់ឯង និងដឹកអីវ៉ាន់ពីក្រោយផងនោះ ត្រូវបានមន្ត្រីសមត្ថកិច្ចប្រចាំគោលដៅ ធ្វើការ«ឃាត់»ជាបន្ទាន់ក្នុងគោលបំណងសួរនាំ។ ម៉ូតូនោះមានយីហោ យ៉ាមាហា (Yamaha) ពាក់ស្លាកលេខ 70-K1 155.60 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ។ បើតាមមើលស្លាកលេខនេះ គេបានដឹងថា ម៉ូតូនេះជិះចូលពីប្រទេសវៀតណាម មកក្នុងប្រទេសកម្ពុជា ដែលកន្លងមករងការរិះគន់ថា មានភាពសេរីហួស និងគ្មានការអើពើពីមន្ត្រីអាជ្ញាធរណាឡើយ។
ដោយសារតែករណីនេះជាបញ្ហាក្ដៅ ហើយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ចង់បានការពិត ពីការអនុវត្តច្បាប់របស់មន្ត្រីនគរបាល ដើម្បីជាការបំភ្លឺនូវរាលការចោទប្រកាន់នោះផង អ្នកសារព័ត៌មានរបស់ទស្សនាវដ្ដី បានចូលទៅក្បែរដើម្បីស្វែងរកព័ត៌មាន និងផ្តិតយករូបភាព។ ប៉ុន្តែរឿងដ៏គួរឲ្យហួសចិត្ត បានកើតឡើងភ្លាមនៅពេលនោះ ព្រោះមន្ត្រីនគរបាល ឈប់រវល់នឹងម៉ូតូស្លាកលេខវៀតណាមនោះទៀត តែបានដើរមកធ្វើការហាមឃាត់អ្នកសារព័ត៌មាន មិនឲ្យធ្វើការងាររបស់ខ្លួនទៅវិញ។ មន្ត្រីនគរបាល បាននិយាយមកកាន់អ្នកសារព័ត៌មានថា «បងឯងគ្មានសិទ្ធិអ្វី មកថតទេ។ បានហើយ កុំថត។ ទោះអ្នកសារពត៌មានក៏ដោយ បើគ្មានការអនុញ្ញាតទេ មិនអាចថតបានទេ។»
តើមានច្បាប់ណា ដែលចែងឡើង ដើម្បីហាមឃាត់ការយកព័ត៌មាន នៅលើទីសាធារណៈ ពីមន្ត្រីសាធារណៈ ដែលកំពុងអនុវត្តច្បាប់ ដែលជាច្បាប់សាធារណៈដែរនោះ? ឬមួយមន្ត្រីនគរបាល ដែលទំនងជាចេះច្បាប់«ច្រើនពេក»រូបនោះ មានការលាក់បាំងអ្វីមួយ ជាមួយនឹងសាធារណៈជន? តែបើទោះជាចង់មាន«អាថ៌កំបាំង»អ្វី ជាមួយនឹងម្ចាស់ម៉ូតូស្លាកវៀតណាម ក៏វាហួសពេលដែរ ព្រោះខណៈពេលដែលលោក«ប៉ូលីស» បានយកបាតដៃរបស់ខ្លួន មកបាំងមុខកាមេរ៉ាដែលកំពុងថតនោះ ម៉ូតូយ៉ាម៉ាហាស្លាកលេខវៀតណាម ដែលមិនទាន់ទាំងបានពន្លត់ម៉ាស៊ីនផង បានជិះរត់គេចបាត់ស្រមោលទៅហោង។
ងាកមកក្រោយ ឃើញម្ចាស់ម៉ូតូដែលខ្លួនឃាត់ ជិះគេចខ្លួនទៅបាត់ និងទំនងជាក្ដៅក្រហាយ ព្រោះខានបាន«អាថ៌កំបាំង»ជាមួយម្ចាស់ម៉ូតូ មន្ត្រីចរាចរណ៍ពិសេសយើង បានត្រឡប់មកបន្ទោស និងចោទប្រកាន់អ្នកសារព័ត៌មានថា បើកុំតែអ្នកសារព័ត៌មានមកថត ហើយគាត់រវល់តែឃាត់មិនឲ្យថតនោះ កុំអីម៉ូតូនោះក៏មិនអាចរត់បាត់ចឹងដែរ។
លោក ភឿន សារ៉ុន ដែលទទួលបន្ទុកដឹកនាំការប្រចាំការ នៅគោលដៅនោះ បានទទួលស្គាល់ថា នេះជាកង្វះខាតរបស់កូនចៅរបស់លោក ដែលបានមកហាមឃាត់អ្នកសារព័ត៌មាន ក្នុងហេតុការណ៍សាធារណៈនេះ។ លោកបានថ្លែងប្រាប់ទស្សនាវដ្ដីថា៖ «ខ្ញុំនឹងកែមិនឲ្យមានបញ្ហាអញ្ចឹង ជាលើកទីពីរទៀតទេ។ ខ្ញុំនឹងអប់រំបន្តទៀត។» តែលោក ភឿន សារ៉ុន នៅតែចង់ទម្លាក់កំហុសមកលើអ្នកសារព័ត៌មានរបស់ទស្សនាវដ្ដី ថាមកពីការសួរនាំរបស់អ្នកសារព័ត៌មាន ទើបមានមានការរត់គេច របស់ម៉ូតូស្លាកលេខវៀតណាមនោះ។ អ្នកសារព័ត៌មានបានបញ្ជាក់ជូនលោក ភឿន សារ៉ុន ឲ្យដឹងវិញថា លោកគ្រាន់តែតាមប្រម៉ាញ់យករូបភាពប៉ុណ្ណោះ ហើយមិនទាន់បានសួរនាំអ្វី រំខានដល់ការងារឃាត់ម៉ូតូនោះសូម្បីបន្តិចឡើយ៕
សូមទស្សនាវីដេអូ ពីព្រឹត្តិការណ៍នេះទាំងអស់គ្នា៖