របួសធ្លុះជើង ព្រោះម៉ាស៊ីន(អិច)រុញដី របស់ក្រុមហ៊ុនចិន កិន
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី០៤ មេសា ២០១៥
- កែប្រែចុងក្រោយ: May 06, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចការដ្ឋាន សាងសង់ផ្លូវមួយ របស់ក្រុមហ៊ុនចិន ឈ្មោះ«សៀងហៃ» ស្ថិតក្នុងភូមិគ្រោះ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានបណ្តាលឲ្យក្មេងប្រុសម្នាក់ រងរបួសជើងធ្លុះប្រអប់ជើងស្តាំ ដោយសារម៉ាស៊ិនរុញដី ថយមកកិនពីលើ ទាំងម៉ូតូទាំងម្ចាស់។
កុមារារងគ្រោះឈ្មោះ កង ករុណា អាយុ៨ឆ្នាំសព្វថ្ងៃរស់នៅ ភូមិឃុំកើតហេតុខាងលើ ជាមួយគ្រួសារ។ ករុណា បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូទាំងទឹកភ្នែកថា ខ្លួនគេបានជិះម៉ូតូចាស់មួយ ចេញពីផ្ទះទៅមើលសត្វពពែ នៅស្រែ ដែលមានចំងាយ ប្រមាណ៥០០ម៉ែត្រពីផ្ទះ លុះមកដល់ចំណុចកើតហេតុ ដែលជាការដ្ឋានមានឡានធំ បើកមកពេញទាំងផ្លូវ គ្មានជម្រើស អ្នកឌុប ករុណា បានបើកចូលផ្លូវ ដែលកំពុងសាងសង់ ដើម្បីគេចឡាន។
នៅពេល ដែលចូលមកចំហៀងផ្លូវ ដែលកំពុងសាងសង់ អ្នកទាំងពីរ បានលើកដៃ សុំឲ្យអ្នកបញ្ជា រឺឡូ រុញដីឲ្យឈប់ ព្រោះខ្លួននៅពីក្រោយ។ តែអ្នកបញ្ជារឺឡូរុញដី គ្មានកញ្ចក់ក្រោយ និងទំនងជាស្ដាប់មិនឮ ក៏បានកិនពីលើតែម្តង។
រឿងនេះ ត្រូវបានអ្នកបកប្រែ នៅក្នុងក្រុមហ៊ុន«សៀងហៃ» លោក គីម ហុយ ឲ្យដឹងថា ម្ចាស់ក្រុមហ៊ុនបានបដិសេធន៍ថា អ្នកបញ្ជាគ្រឿងចក្ររបស់ខ្លូន មិនខុសទេ ព្រោះក្មេងនោះ បានជិះម៉ូតូចូលមកក្នុងការដ្ឋាន ដោយខ្លួនឯង។ បន្ទាប់ពីការបដិសេធន៍ តំណាងក្រុមហ៊ុនបានឲ្យ ក្រុមគ្រួសារជនរងគ្រោះ បញ្ជូនកុមារារទៅមន្ទីពេទ្យ ដោយមិនប្រើឡានសង្គ្រោះ របស់ការដ្ឋានឡើយ។
អ្នកបកប្រែបានបន្តថា លោកគ្រាន់តែជាអ្នកក្រៅប៉ុណ្ណោះ ចំពោះការដោះស្រាយយ៉ាងណា អាស្រ័យលើអ្នកតំណាងក្រុមហ៊ុន។
ដោយឡែកអធិការង ស្រុកពញ្ញាឮ លោក ហេង សុផល ដែលមានវត្តមាន នៅក្នុងហេតុការណ៍នេះ បានឲ្យបដិសេធថា ករណីនេះ វាមិនមែនជាដែនសមត្ថកិច្ច របស់លោកទេ។ តែលោកបានបភ្លឺថា មិនមែនឲ្យតែបើកចូល មកក្នុងការដ្ឋាន សុទ្ធតែជាអ្នកខុសនោះទេ។ លោកបន្តថា ក្នុងនាមជាម្ចាស់ក្រុមហ៊ុន ដែលបើកការដ្ឋានសាងសង់ ដ៏ធំមួយ ហេតុអ្វីក៏មិនមាន ដាក់ផ្លាកសញ្ញា«ហាមចូល»? ម្យ៉ាងទៀត នៅពេលមានអ្នករបួស នៅក្នុងការដ្ឋាន ម្ចាស់ក្រុមហ៊ុន ត្រួវតែជួយសង្គ្រោះ ចំពោះការដោះស្រាយ យ៉ាងណានោះ គឺជាភារៈកិច្ចបន្ទាប់ ដែលក្រុមហ៊ុនត្រូវតែទទួលខុសត្រូវ។
ក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថា នៅមិនទាន់បានដោះស្រាយនោះទេ តែពេលនេះ គាត់បានបញ្ជូនកូនប្រុស ករុណា ទៅកាន់មន្ទីពេទ្យ នៅភ្នំពេញហើយ ព្រោះបារម្ភពីកូន។ សូមញ្ជាក់ថា ជើងស្តាំរបស់កុមារារងគ្រោះ បានធ្លុះចំប្រអប់ជើង ដោយកំលាំងម៉ាស៊ិនរុញដីពេញទំហឹង៕