អាជ្ញាធរខណ្ឌដូនពេញ ចុះរៀបចិញ្ចើមថ្នល់ សម្រាប់អ្នកថ្មើរជើង
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ០២ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 07, 2015
- ប្រធានបទ: សណ្ដាប់ធ្នាប់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការផ្លាស់ប្ដូរទម្លាប់មនុស្ស មិនជាពិបាកប៉ុន្មានទេ។ តែការផ្លាស់ប្ដូរផ្នត់គំនិត ទើបជាការលំបាក ជាពិសេសនៅពេលដែលគ្រប់គ្នា តែងតែគិតថា នៅចិញ្ចើមថ្នល់ ក៏ជាផ្នែកមួយ ឬជាកម្មសិទ្ធិ នៃលំនៅដ្ឋាន ឬការិយាល័យរបស់ខ្លួនដែរនោះ។ ការហួងហែង យកចិញ្ចើមផ្លូវ ជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ បានបង្កឲ្យមានការកកស្ទះយ៉ាងច្រើន សម្រាប់ការធ្វើចរាចរណ៍ ក្នុងដងផ្លូវមួយចំនួន នារាជធានីភ្នំពេញ។
ដោយសារហេតុផល សណ្ដាប់ធ្នាប់សាធារណៈនេះហើយ ទើបអាជ្ញាធរខណ្ឌដូនពេញ ដឹកនាំដោយលោក គួច ចំរើន អភិបាលខណ្ឌ បានចុះធ្វើការ បង្ក្រាបអ្នកយកចិញ្ចើមថ្នល់ មកធ្វើអាជីវកម្ម កាលពីព្រឹកថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០១៥ កន្លងទៅនេះ។ នេះជាអ្វី ដែលគេអាចដឹងបាន នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោក។
ក្នុងឱកាសនោះ លោក គួច ចំរើន បានសរសេរឲ្យដឹងថា៖ «ការប្រើប្រាស់ចិញ្ចើមថ្នល់ នៅមានស្ថានភាពស្មុគស្មាញនៅឡើយុ។ ខ្លះប្រើសម្រាប់ ចតមធ្យោបាយ ខ្លះដាក់តាំងទំនិញ ខ្លះដាក់ផើងផ្កា ខ្លះជីកផ្សារដាក់ផ្លាកផ្សព្វផ្សាយ ខ្លះបាំងបិទយកជាប្រយោជន៍ដាច់មុខ បង្ករភាពប្រឈមយ៉ាងធ្ងន់ធ្ងរ សំរាប់ទីក្រុងរបស់យើង សាលារាជធានី ខណ្ឌ សង្កាត់ បានជូនដំណឹងជាច្រើនដង រួចមកហើយ សុំអោយមានការចូលរួមរៀបចំ ចិញ្ចើមថ្នល់របស់យើង ទុកជាប្រយោជន៍សាធារណៈ សម្រាប់ថ្មើរជើង និង សោភណ្ឌភាពទីក្រុងយើង។ សាលាខណ្ឌដូនពេញសូមអង្វរបងប្អូន មេត្តាចូលរួមសហការរៀបចំ សម្រាប់ទីក្រុងរបស់យើងទាំងអស់គ្នា។»។
ទន្ទឹមនឹងការអំពាវនាវនេះ នៅតាមបណ្តោយផ្លូវលេខ ១៧២កែង៦៣ រហូតដល់ផ្លូវនរោត្តម នៅរាជធានីភ្នំពេញ ផ្លាកយីហោជាច្រើន ត្រូវបានអាជ្ញាធរដឹកចេញ ជាបណ្តើរៗ ដោយសារតែផ្លាកទាំងនោះ ធ្វើនៅតាមចិញ្ចើមផ្លូវសារធារណៈ បង្កការកកស្ទះ នៅពេលសាធារណៈជនធ្វើដំណើរ ក្នុងរាជធានីភ្នំពេញ។ លោកអភិបាលខណ្ឌបានបញ្ជាក់ថា ចំពោះរឿងទាំងអស់នេះ សាលារាជធានីភ្នំពេញ ធ្លាប់បានជូនដំណឹង ជាសាធារណៈ ច្រើនដងរួចមកហើយ តែប្រជាពលរដ្ឋដូចជាមិនសហការ។ ដូច្នេះ នៅថ្ងៃនេះ លោកបានដឹកនាំកម្លាំងចម្រុះ ខណ្ឌដូនពេញជាច្រើននាក់ ដើម្បីធ្វើការដកហូតវត្ថុហាមឃាត់ ដែលបានដាក់នៅលើផ្លូវរួមមាន ផ្លាកយីហោ ផើងផ្កា និងកន្លែងដាក់តាំងទំនិញជាដើម។
ដោយឡែក១១ខណ្ឌផ្សេងទៀត នៅរាជធានីភ្នំពេញ មិនទាន់មាន ការចុះបង្ក្រាបផ្ទះ ដែលឈ្លានពានចិញ្ចើមផ្លូវសាធារណៈ ទៅជារបស់ផ្ទាល់ខ្លូន ដូចខណ្ឌដូនពេញនៅឡើយ។ ក្រោយពីការប្រមូលផ្ទាំងផ្សព្វផ្សាយ និងជម្រះផ្លូវ១៧២ កែងផ្លូវលេខ៦៣ រហូតដល់ផ្លូវនរោត្តមរួចមក លោកអភិបាលខណ្ឌដូនពេញ បានសំណូមពរដល់ប្រជាពលរដ្ឋទៀតថា៖ «សាលាខណ្ឌដូនពេញ សូមអង្វរបងប្អូនមេត្តាចូលរួម សហការរៀបចំ សម្រាប់ទីក្រុងរបស់យើងទាំងអស់គ្នា»។ លោកពន្យល់ដែរថា បញ្ហាកកស្ទះ បណ្តាលមកពីកត្តាគ្មានចិញ្ចើមផ្លូវ សម្រាប់អ្នកថ្មើរជើង ធ្វើដំណើរ៕