ក្តី ខេមរៈ សេរីមន្ត និងក្រុមហ៊ុនអេសឃេ បញ្ចប់ដោយទទួលយកសំណង
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 12, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ករណីការប្តឹងផ្តល់គ្នារវាងក្រុមហ៊ុនអ៊េសឃេ និងលោក ខេមរៈ សេរីមន្ត ព្រមទាំងក្រុមគ្រួសារជនរងគ្រោះ បានឈានដល់ទីបញ្ចប់ហើយ ដោយភាគីរងគ្រោះ យល់ព្រមទទួលយកសំណង បើទោះបីជាសំណងនោះ មិនបានគ្រប់ចំនួនទៅតាមបណ្ដឹងក៏ដោយ។
តារាចម្រៀង ខេមរៈ សេរីមន្ដ។ (រូបថតហ្វេសប៊ុក)
រឿងក្តីតារា - ទីបំផុតទៅក្រោយការសម្របសម្រួល រវាងលោក ខេមរៈ សេរីមន្តនិង គ្រួសារជនរងគ្រោះដទៃទៀត ក្នុងគ្រោះថ្នាក់ចរាចរកាលពីខែមីនា ឆ្នាំ ២០១៣កន្លងទៅ ជាមួយក្រុមហ៊ុនអ៊េសឃេ ក្រោមការយោគយល់គ្នា ភាគីក្រុមហ៊ុនបានយល់ព្រមផ្ដល់សំណង ដល់ភាគីគ្រួសារអ្នកស្លាប់នីមួយៗ ចំនួន ១០,០០០ដុល្លារ និង អ្នករងរបួសនៅក្នុងហេតុការណ៍នោះ ចំនួន ៤,៥០០ ដុល្លារ។ ដោយឡែកសម្រាប់លោកខេមរៈ សេរីមន្ត ក្រុមហ៊ុនបានយល់ព្រមសងនូវទឹកប្រាក់ចំនួន២៩.០០០ ដុល្លារ ដែលមានតម្លៃស្មើនឹងរថយន្ត TUNDRA ថ្មីស្រឡាងមួយគ្រឿង។
បើតាមលោក ខេមរៈ សេរីមន្ត តារាចម្រៀងល្បីឈ្មោះបោះសម្លេងនៅកម្ពុជា ប្រាប់គេហទំព័រក្នុងស្រុកមួយ បានឱ្យដឹងថា ក្រោយពីសាលក្រមសាលាដំបូងខេត្តព្រះសីហនុ និង សាលដីកាសាលាដំបូងខេត្ត បានសម្រេចថា ក្រុមហ៊ុនអ៊េសឃេ ត្រូវសងការខូចខាតឱ្យដើមបណ្ដឹងលោក ខេមរៈ សិរីមន្ត ចំនួន ៨៥,០០០ដុល្លារ តារាកំប្លែង លោក យាយ ណយ សំណាង ចំនួន ២៥, ០០០ដុល្លារ ដោយឡែក សម្រាប់តារាកំប្លែង នាយ កុយ និង គ្រួសារជនរងគ្រោះផ្សេងទៀត២៣,០០០ដុល្លារ។ ប៉ុន្តែការសម្រេចនេះ ត្រូវបានក្រុមហ៊ុនបដិសេធមិនទទួលយក និងបានប្ដឹងបន្តទៅតុលាការកំពូល ដើម្បីរកយុត្តិធម៌របស់ខ្លួន។
តាមរយៈតារាចម្រៀងរូបនេះ ក្រោយពីភាគីទាំងពីរព្រមព្រៀងគ្នារួចរាល់ ពេលនេះក្រុមហ៊ុនបានដកពាក្យបណ្តឹងវិញហើយ។ ដូច្នេះមានន័យថា រឿងនេះ ត្រូវបញ្ចប់ទាំងស្រុង។
សូមបញ្ជាក់ថា ការសម្រេចផ្តល់សំណងជាថវិកា របស់ក្រុមហ៊ុនអ៊េសឃេ ដល់ភាគីជនរងគ្រោះលោក ខេមរៈ សិរីមន្ត និងអ្នកដែលរងគ្រោះ ក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឡើងក្នុងជំនួបស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ម្សិលម៉ិញនេះ។
គួររម្លឹកថា លោក ខេមរៈ សិរីមន្ត តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ រួមទាំងក្រុមការងារ ដែលរួមមានទាំងកូនប្រុសរបស់តារាកំប្លែងនាយ កុយ និងយាយ ណយ សំណាង បានជួបនូវឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរ នៅលើផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣។ គ្រោះថ្នាក់នោះ បណ្តាលឲ្យរថយន្តរបស់លោក ខេមរៈ សិរីមន្ត ខូចខាតទាំងស្រុង រួមទាំងមានមនុស្ស ៦ នាក់បាត់បង់ជីវិត និង ៨នាក់ផ្សេងទៀតរងរបួស៕