អ្នកបម្រីលើយន្ដហោះដ៏សិចស៊ី ចុះមកធ្វើការក្នុងរថភ្លើងនៅប៉ារីស
- ដោយ: ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី០២ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: October 03, 2016
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលអ្នកជ្រើសរើស ការធ្វើដំណើរតាមរថភ្លើង ជាពិសេសក្នុងរថភ្លើងក្រោមដី នៃរដ្ឋធានីប៉ារីស អ្នកគប្បីប្រុងប្រយ័ត្ន ពីគ្រោះថ្នាក់ដែលអាចកើតមានគ្រប់ពេល ប្រសិនជាអ្នកភ្លេចខ្លួន ឬធ្វើសកម្មភាពអ្វីមួយ ជ្រុលហួសហេតុ។ នេះជាសារមួយ នៅក្នុងយុទ្ធការផ្សព្វផ្សាយ របស់សហគ្រាសដឹកជញ្ជូនសាធារណៈស្វ័យយ័ត នៃរដ្ឋធានីប៉ារីស (ប្រទេសបារាំង) ដែលហៅកាត់ជាភាសាបារាំង «RATP» កាលពីចុងខែសីហា កន្លងមក។
ដើម្បីពញ៉ាក់អារម្មណ៍ ទៅដល់អ្នកដំណើរទាំងអស់ ដែលបានប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈ របស់ខ្លួននោះ សហគ្រាសរដ្ឋមួយនេះ បានបង្កើតឈុតឆាក ដ៏ពិសេសមួយ នៅចំថ្ងៃដែលមានអាកាសធាតុ ដ៏ល្អបំផុតប្រចាំរដូវកាល។ យុវតីស្អាតៗក្មេងៗ ចំនួនជាង១០នាក់ និងយុវជនពីរនាក់ បានស្លៀកពាក់លាបម្សៅ ជាអ្នកបម្រើការនៅលើយន្ដហោះ ហើយបានធ្វើយុទ្ធនាការនោះ ដោយដើរចែកខិតប័ណ្ណ និងដើរធ្វើកាយវិការពន្យល់ ទៅដល់បណ្ដាអ្នកធ្វើដំណើរ នៅក្នុងទូរថភ្លើង នៅតាមខ្សែរថភ្លើងក្រោមដីមួយចំនួន។
ប៉ុន្តែបញ្ហានៅបន្ទាប់ពីយុទ្ធនាការនោះ ក៏បានកើតឡើងដែរ។ នោះ គឺសម្លៀកបំពាក់របស់យុវតីស្អាតៗ និងកាយវិការរបស់ពួកគេ បានរងការរិះគន់ថា មានលក្ខណៈសំញ៉ែង ឲ្យស្រើបស្រាលជ្រុលហួសហេតុ។
ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងប្រតិកម្ម តបនឹងយុទ្ធនាការនេះ ថាដដែលៗ មិនមានអ្វីថ្មី ក្រៅពីការស្លៀកពាក់ ញាត់កំណាត់ នៅត្រង់ដើមទ្រូងរបស់យុវតី ដើម្បីឲ្យឃើញរីកធំ។ ហើយខ្លះទៀត បានរិះគន់រូបភាព នៃការយកយុវតីទាំងនេះ មកធ្វើដូច្នេះ មិនបានលើកតម្លៃ នៃការពញ៉ាក់អារម្មណ៍ របស់អ្នកដំណើរទេ តែបែរជាធ្វើដូចជា ឈុតឆាកកំប្លែង ដែលគ្រាន់តែធ្វើឲ្យអស់សំណើចប៉ុណ្ណោះ។
តើការរិះគន់ខាងលើនេះ មានលក្ខណៈពិតឬទេ? វីដេអូខាងក្រោមនេះ នឹងបញ្ជាក់ជូន៖
តបនឹងការរិះគន់នោះ សហគ្រាសរដ្ឋស្វ័យយ័ត «RATP» ខាងដឹកជញ្ជូនសាធារណៈ នៃរដ្ឋធានីប៉ារីស បានចេញមុខ មកសំដែងការសោកស្ដាយ ដែលរូបភាព និងការសំដែងកាយវិការ របស់យុវតីស្អាតៗក្មេង រងការរិះគន់ថា មានលក្ខណៈស្រើបស្រាល ហើយថាការស្លៀកពាក់ ជាអ្នកបម្រើការនៅលើយន្ដហោះនេះ គ្រាន់តែចង់ឲ្យអ្នកដំណើរភ្ញាក់ផ្អើល និងចាប់អារម្មណ៍ប៉ុណ្ណោះ៕