ម្ចាស់គម្រោង«ឡានក្រុងយក្សរត់កន្លងលើថ្នល់ធំ» រងការអង្កេតពីបទប្រមូលលុយខុសច្បាប់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៤ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 04, 2017
- ប្រធានបទ: បោកអស់ប្រាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តំបូងឡើយ គម្រោង«ឡានក្រុងយក្ស រត់កន្លងលើថ្នល់ធំ» ដែលហៅជាភាសាអង់គ្លេស «Transit Elevated Bus» ឬតាមអក្សរកាត់ «TEB» ដ៏ទាក់ទាញ បានបង្កឲ្យមានភាពភ្ញាក់ផ្អើល នៅជុំវិញពិភពលោក។ នៅខែកញ្ញា ឆ្នាំទៅម៉ិញ គម្រោងនេះត្រូវបានគេរកឃើញ ថាវាគ្រាន់តែជាការផ្សាយពាណិជ្ជកម្មមួយ ដើម្បីប្រមូលប្រាក់ ពីក្រុមអ្នកមានចំណាប់អារម្មណ៍ និងចង់វិនិយោគ លើគម្រោងនេះប៉ុណ្ណោះ។
» អត្ថបទដែលទាក់ទង៖ «ឡានក្រុងយក្សរត់កន្លងលើថ្នល់ធំ» ជារឿងបោកប្រាស់
ប៉ុន្តែគេត្រូវរង់ចាំ រហូតដល់ថ្ងៃទី២ ខែកក្កដា ថ្មីៗនេះ ទើបអាជ្ញាធរចិន បានប្រកាសជាផ្លូវការ ថាក្រុមហ៊ុន «Huaying Kailai» ដែលជាម្ចាស់គម្រោងខាងលើ កំពុងរងការជាប់សង្ស័យ ពីការប្រមូលប្រាក់ ដោយខុសច្បាប់។ នេះ បើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ «Xinhua» របស់ចិន។ ទីភ្នាក់ងារ បានរាយការណ៍ថា រាប់ចាប់តាំងពីថ្ងៃ ដែលអាជ្ញាធរទទួលបានដំណឹង រហូតមកដល់ថ្ងៃនេះ ជនសង្ស័យចំនួន៣២នាក់ ត្រូវបានឃាត់ខ្លួុន និងឃុំខ្លួន។
ការស៊ើបអង្កេតដ៏ស៊ីជម្រៅមួយ កំពុងត្រូវអាជ្ញាធរបើកធ្វើ ហើយលទ្ធផលយ៉ាងណានោះ នឹងត្រូវប្រកាសឲ្យដឹង នៅពេលខាងមុខ។
គម្រោង«ឡានក្រុងយក្ស» ដែលមានឈ្មោះម្យ៉ាងទៀត «Bus Batie» ត្រូវបានបានដាក់សាកល្បង កាលពីដើមសីហាកន្លងមក នៅក្នុងក្រុង «Qinhuangdao» ខេត្ត«Hebei» នៃប្រទេសចិន។ បើតាមរូបរាង និងគំនិតដើមរបស់គម្រោងនេះ បានធ្វើឲ្យជឿថា វាជាជារថយន្ដក្រុងប្រភេទថ្មីមួយ ដែលមានបណ្ដោយ២២ម៉ែត្រ ទទឺង ៨ម៉ែត្រ កំពស់ ៥ម៉ែត្រ និងផ្ទុកមនុស្សបាន ៣០០នាក់ ក្នុងចំងាយផ្លូវ ៦៥គីឡូម៉ែត្រ ពីលើផ្លូវថ្នល់ធំៗនានា នៃទីក្រុង។
» វីដេអូបង្ហាញ ពីពេលដាក់រថយន្ដក្រុងយក្ស សាកល្បងឲ្យរត់នៅលើផ្លូវ៖
ប៉ុន្តែទន្ទឹមនឹងនោះ មានការលើកឡើងជាច្រើន បានសំដែងការសង្ស័យ ទាក់ទងនឹងការប្រមូលថវិកា (ឬហៅការដាក់ទុនវិនិយោគ) ចូលទៅក្នុងគម្រោងនេះ។ មនុស្សជាច្រើននាក់ ដែលជាអ្នកដាក់ទុន ប្រមាណជាង ២៦លានដុល្លារ (២៤លានអ៊ឺរ៉ូ) ចូលក្នុងគម្រោងនេះ បានប្ដឹងទាមទារប្រាក់របស់ពួកគេ ត្រឡប់មកវិញ៕