វីដេអូ​បង្ហាញ​មុខ​ជន​សង្ស័យ​ចាក់​សម្លាប់​យុវជន​ម្នាក់​ នៅ​​ក្រុង​តាខ្មៅ

ករណីឃាតកម្មបានកើតឡើង ពីពេលល្ងាចម្សិលម៉ិញ ក្នុងបន្ទប់ទឹកនៃផ្ទះល្វែងមួយ នាក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនសង្ស័យម្នាក់ ត្រូវបានគេឃើញ ដើរចេញពីកន្លែងកើតហេតុ បន្ទាប់ពីយុវជនម្នាក់ ត្រូវបានចាក់សម្លាប់ ដោយកាំបិត នៅទីនោះ។ នេះ បើតាមវីដេអូសុវត្ថិភាពមួយ ដែលបាន​ថត​ជាប់ឃើញមុខ​ជនសង្ស័យ ហើយត្រូវបានចែកចាយ លើបណ្ដាញសង្គម នៅវេលាយប់ឡើង។
វីដេអូ​បង្ហាញ​មុខ​ជន​សង្ស័យ​ចាក់​សម្លាប់​យុវជន​ម្នាក់​ នៅ​​ក្រុង​តាខ្មៅ
ទិដ្ឋភាពក្នុងកន្លែងកើតហេតុ ដែលថតឃើញជើងជនរងគ្រោះ និងជនសង្ស័យ ដែលត្រូវបានកាម៉េរ៉ាថតជាប់ ឃើញដើរចេញកាន់វត្ថុអ្វីមួយ (អាចជាកាំបិត) ពីបន្ទប់ទឹក។ (រូបថតឯកសារនគរបាល)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 03, 2017
  • ប្រធានបទ: ឃាតកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជនម្នាក់ ដែលគេស្គាល់ឈ្មោះ រ័ត្ន ពុទ្ធថា អាយុ​២១​ឆ្នាំ ត្រូវបានចាក់ដោយកាំបិត ចំនួន១២ដង មុននឹងស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអាធម្ម។ រឿងរ៉ាវបានកើតឡើង កាលពីល្ងាចថ្ងៃទី២ ខែកក្កដាម្សិលម៉ិញ វេលាម៉ោងប្រមាណជា ៥និង១៥នាទី ក្នុងបន្ទប់ទឹក នៃផ្ទះល្វែងមួយ ដែលបើកធ្វើអាជីវកម្ម«អិនធើណែត» យីហោ «ក្រុងណេត» ស្ថិតក្នុង​នៅ​ផ្ទះ​លេខ ២៥១ ផ្លូវ​២០៥ ភូមិ​តាខ្មៅ១ សង្កាត់​តាខ្មៅ ​ក្រុង​តាខ្មៅ ខេត្តកណ្តាល។ នេះ បើតាមសាក្សីនៅផ្ទាល់កន្លែង ហើយដែលត្រូវបានស៊ើបសួរ ដោយសមត្ថកិច្ចនគរបាលខេត្តកណ្ដាល។

ស្រង់សំដីដោយសារព័ត៌មានក្នុងស្រុក លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ឲ្យដឹងថា ដំបូងឡើយជនសង្ស័យ បានចូលក្នុងបន្ទប់ទឹក ហើយចេញវិញ ដោយនិយាយថា បន្ទប់ទឹកស្ទះ និងស្នើសុំឲ្យយុវជនរងគ្រោះចូលទៅមើល។ តែបន្ទាប់ពីចូលដល់ក្នុងបន្ទប់ទឹក ក៏ស្រាប់តែឮសំឡេងប្រតាយប្រតប់គ្នា បានកើតឡើង​នៅទីនោះ។

យុវជនម្នាក់ ដែលជាសាក្សីនៅក្នុងហេតុការណ៍ បានអះអាងថា នៅមុនខ្លួនរត់ចេញ យករឿងនេះទៅរាយការណ៍ ឲ្យសមត្ថកិច្ចនោះ ជនសង្ស័យបានចេញមកវិញ ដៃកាន់កាំបិត និងបានស្រែកប្រាប់ខ្លួនថា ជនរងគ្រោះបានដួលបោកក្បាល បែកឈាម និងឲ្យខ្លួនយកក្រណាត់ ទៅជូតឲ្យជនរងគ្រោះផង។

ដោយឡែក នៅក្នុងរូបភាពខាងក្រោម ដែលថតជាប់ ដោយវិដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា យុវជនពាក់អាវស ដែលទំនងជាសាក្សី បានឈរមើលពីខាងក្រៅបន្ទប់ទឹក និងបានរត់ចេញក្រោយមក មុននឹងជនសង្ស័យដែលពាក់អាវពណ៌ផ្កាឈូក ដើរចេញពីបន្ទប់ទឹក ដោយមានកាន់វត្ថុអ្វីមួយ ដែលគេជឿថា ជាកាំបិត។ ជនសង្ស័យបានដើរកាត់ផ្ទះល្វែង ដែលមានធ្វើជាបន្ទប់តូចៗ សម្រាប់ដាក់ម៉ាស៊ីនកំព្យូទ័រ ហើយបានចាកចេញទៅក្រៅ ដោយគ្មានហេតុភេទអ្វីទាំងអស់។

លោក រ័ត្ន វាសនា ដែលជាឪពុករបស់ជនរងគ្រោះ បានឲ្យដឹងថា យុវជន រ័ត្ន ពុទ្ធថា ជាកូនទីពីរ ក្នុងចំណោមកូនទាំង៣ របស់លោក។ លោក​បន្ត​ថា នៅឯស្រុកកំណើត កូនលោកស្លូតបូត មិនដែលមានរឿងរ៉ាវ ជាមួយអ្នកដទៃទេ ខណៈឯហេតុការណ៍ ដែលធ្វើឲ្យរូបលោក មានការតក់ស្លុតបំផុតនោះ គឺនៅថ្ងៃទី៣ ខែកក្កដានេះ កូនគាត់នឹងត្រូវឈប់ ពីហាង«អ៊ិនធើណែត» ដើម្បីត្រឡប់ទៅផ្ទះវិញ តែឃាតករឈាមត្រជាក់ បានសម្លាប់យុវជនរងគ្រោះ ​យ៉ាង​ព្រៃផ្សៃរួចទៅហើយ កាលពីម្សិលម៉ិញ៕

» វីដេអូនៃកាម៉េរ៉ាសុវត្ថិភាព៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...