អង់គ្លេស៖ សម្លាប់​ឪពុក​បង្កើត រួច​យក​ឆ្អឹង​មក​ធ្វើ​គ្រឿង​សង្ហារិម

សវនាការដ៏ព្រឺព្រួចមួយ បានធ្វើឲ្យចក្រភពអង់គ្លេសទាំងមូល ស្រឡាំងកាំង។ យុវជនអាយុ២៨ឆ្នាំមួយរូប ត្រូវបាន​ចោទ​ប្រកាន់​ថា បានសម្លាប់ឪពុកបង្កើតរបស់ខ្លួន ហើយបានរក្សាទុកសាកសព នៅក្នុងផ្ទះខ្លួន(និងឪពុក)រស់នៅ មុន​នឹង​យក​ឆ្អឹង​របស់​សព​ឪពុក មកប្រើជាគ្រឿងសង្ហារិម។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៩ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: December 01, 2014
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជនជាតិអង់គ្លេស​អាយុ​២៨ឆ្នាំ​មួយ​រូប បាន​រង​នូវ​ការ​ចោទ​ប្រកាន់ ដោយ​តុលាការ ថា​បាន​សម្លាប់​ឪពុក​បង្កើត​របស់​ខ្លួន និង​បាន​កាត់​សាកសព​ជាកង់ៗ មុន​នឹង​យក​គ្រោង​ឆ្អឹង ដាក់​ក្នុង​ប្រអប់​ផ្លាស្ទីក​មួយ ដែល​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់ ជា​កំណល់​សម្រាប់​ទ្រ​ទូរទស្សន៍។ នេះ​បើ​តាម​របាយការណ៍​មួយ របស់​សារព័ត៌មាន​អង់គ្លេស​ឈ្មោះ តេលេហ្គ្រាហ្វ (Telegraph)។

សារព័ត៌មានបាន​សរសេរ​រំលឹក​ឡើង​វិញ​ថា កាល​ពី​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០១៣កន្លង​ទៅ យុវជន​ឈ្មោះ ណាថាន់ រ៉ូប៊ិនសុន (Nathan Robinson) មាន​ជម្លោះ​តឹងសរសៃ​ក​យ៉ាង​ខ្លាំង​មួយ ជា​មួយ​ឪពុក​របស់​ខ្លួន ឈ្មោះ វីល្លៀម ស្ពីល័រ (William Spiller) នៅ​ក្នុង​ផ្ទះ​ដែល​អ្នក​ទាំង​ពីរ​រស់​នៅ​ជា​មួយ​គ្នា កណ្ដាល​ក្រុង Bournemouth (ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​អង់គ្លេស)។

អ្នកជិតខាងដែលរស់នៅជាន់ខាងក្រោម បានឮសម្លេងស្រែកឡើងចុងក្រោយ របស់បុរសជាឪពុក នៅពេល​នោះ​ថា «ហ្អែងគិតថា អញត្រូវចិញ្ចឹមហ្អែងមួយជីវិតឬ?» រួចពីនោះមក ក៏ស្ងាត់ឈឹងរហូត។ បុរសចំណាស់ ត្រូវ​បានកូនខ្លួនបង្កើតសម្លាប់ និងកាត់រាងកាយជាកំណាត់ៗ ជាមួយនឹងកាំបិត និងរណាតូចៗចំនួនពីរ។ ដោយ​ការ​បារម្ភនិងការជួយឈឺឆ្អាល មួយសន្ទុះក្រោយមក អ្នកជិតខាងរូបនោះ បានឡើងមកគោះទ្វាដើម្បីសួរ​សុខ​ទុក្ខ។ តែបានឃើញយុវជនបើកទ្វាចេញមក ធ្វើដូចធម្មតាហាក់គ្មានរឿងអ្វីទាំងអស់។

លុះអ្នកជិតខាងនោះ បានត្រឡប់មកផ្ទះវិញ ស្រាប់តែបានឃើញមានសំណើមពណផ្កាឈូក បានជ្រាប​ចេញ​តាមពិដាន នៃបន្ទប់ទឹកខ្លួន។ បើតាមរាជអាជ្ញាអង់គ្លេស បានឲ្យដឹងថា ទឹកសំណើមពណ៌ផ្កាឈូកនោះ ជាការ​លាយបញ្ចូលគ្នារវាងឈាម និងទឹកលាងសម្អាត ដែលយុវជនបានទៅទិញមកដុសជូតផ្ទះ នៅបន្ទាប់​ពីទង្វើ​ឧក្រិដ្ឋរបស់ខ្លួន។

នៅក្នុងសវនាការ រូបថតជាច្រើនសន្លឹក ត្រូវបានយកមកបង្ហាញដល់ចៅក្រម ក្នុងនោះមានរូបថតមួយចំនួន បង្ហាញពីប្រអប់ដាក់គំនរឆ្អឹងរាងកាយរបស់ជនរងគ្រោះ។ ប្រអប់នោះធ្វើពីជ័ផ្លាស្ទីក មានបណ្ដោយ​ប្រវែង​១៨៣សង់ទីម៉ែត្រ និងមានទំងន់១៥៨គីឡូក្រាម។ រីឯលលាដ៍ក្បាលរបស់ជនរងគ្រោះ ត្រូវបានយុវជន រ៉ូប៊ិនសុន លាក់នៅក្នុងប្រអប់ដាក់ឯកសារ ទុកក្នុងបន្ទប់គេងរបស់ខ្លួន។

ច្រើនថ្ងៃបន្ទាប់ពីនោះមក យុវជន ណាថាន់ រ៉ូប៊ិនសុន នៅតែបន្តប្រកាន់ភ្ជាប់ នូវចរិក«ឈាមត្រជាក់»​របស់​ខ្លួន​ជានិច្ចជាកាល។ ដើម្បីបង្ហាញថាឪពុកខ្លួននៅរស់ធម្មតានោះ យុវជនបានបន្ត«ផ្ញើរចេញ ជាសារខ្លីៗ»ដោយ​ប្រើ​ទូរស័ព្ទរបស់ជនរងគ្រោះ។ នៅក្នុងរយៈពេលនោះ យុវជនថែមទាំងបានចាកចេញទៅលេងបុណ្យ នៅតំបន់​ភាគ​ខាងជើងនៃប្រទេសអង់គ្លេស ដោយចំណាយប្រាក់របស់ឪពុកនោះថែមទៀត។

រហូតមកដល់១ខែក្រោយ ទើបនគរបាលបានមកចាប់ខ្លួនយុវជននេះ នៅនឹងផ្ទះម្ដាយរ​បស់ខ្លួន។ នគរបាល​បានដឹងរឿងនេះ បន្ទាប់ពីមិត្តភ័ក្រមួយរូបរបស់ជនរងគ្រោះ បានរាយការណ៍ពីការបាត់ខ្លួន របស់ វីល្លៀម ស្បីល័រ។ នៅក្នុងសវនាការ យុវជនបានទទួលស្គាល់កំហុស ត្រឹមតែពីបទ«មនុស្សឃាតដោយ​អចេតនា​ប៉ុណ្ណោះ» ហើយបានបដិសេធ ពីរាល់ការចោទប្រកាន់ដែលបកស្រាយថា ខ្លួនមានគម្រោងសម្លាប់ឪពុក​របស់ខ្លួន។ រហូតមកដល់ពេលនេះ សវនាការនៅមិនទាន់ចប់នៅឡើយ រីឯសាលក្រមសម្រេចវាសនារបស់​យុវជនជាប់ចោទវិញ ក៏នឹងត្រូវប្រកាស នៅក្នុងពេលខាងមុខនោះដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...