កូនស្រីប្រធានាធិបតី ត្រាំ រង​បណ្ដឹង​ពី​បទ​ក្លែង​បន្លំ​ម៉ូដ​ស្បែក​ជើង

យីហោស្បែកជើងមួយ របស់អ្នកស្រី អាយវេនកា ត្រាំ (Ivanka Trump) កូនស្រីច្បងរបស់ប្រធានាធិបតីអាមេរិក កំពុងរងបណ្ដឹងនៅឯតុលាការ ក្រោមបទចោទប្រកាន់ ពីសហគ្រាសឆ្នៃម៉ូដស្បែកជើង​អ៊ីតាលីមួយ ថាយីហោស្បែកជើងនោះ បានក្លែងបន្លំផលិតផលមួយប្រភេទ របស់ខ្លួន។
កូនស្រីប្រធានាធិបតី ត្រាំ រង​បណ្ដឹង​ពី​បទ​ក្លែង​បន្លំ​ម៉ូដ​ស្បែក​ជើង
រូបកណ្ដាល ជាអ្នកស្រី អាយវេនកា ត្រាំ កូនស្រីច្បងរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ (រូបថត AFP)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៨ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: July 10, 2017
  • ប្រធានបទ: កម្មសិទ្ធបញ្ញា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកស្រី អាយវេនកា ត្រាំ (Ivanka Trump) ជាកូនស្រី និងជាទីប្រឹក្សារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងត្រូវឡើងធ្វើជាសាក្សីដោយផ្ទាល់ នៅក្នុងរឿងរ៉ាវប្ដឹងផ្ដល់មួយ ដែលបានចោទយីហោស្បែកជើងមួយ របស់អ្នកស្រី ថាបានក្លែងបន្លំផលិតផល របស់សហគ្រាស​ឆ្នៃម៉ូដស្បែកជើងមួយ របស់ប្រទេសអ៊ីតាលី ដែលមានយីហោ «Aquazzura»។ នេះ បើតាមការសម្រេច របស់​ចៅក្រម​មួយរូប ដែលបានផ្សាយឲ្យដឹង កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

ក្នុងដីកាសម្រេចនោះ ចៅក្រមឈ្មោះ «Katherine Forrest» នៃក្រុងញ៉ូយក (សហរដ្ឋអាមេរិក) បានច្រានចោលការលើកឡើង របស់លោកប្រធានាធិបតី ត្រាំ ដែលបានអះអាងថា កូនស្រីរបស់លោក គួរត្រូវលើកលែង ក្នុងការបង្ហាញខ្លួននៅមុខតុលាការ ក្រោមមូលហេតុតួនាទីរបស់នាង ជាទីប្រឹក្សានៅឯសេតវិមាន។

ចៅក្រុមបានសរសេរ ក្នុងដីកាកោះ ដែលមានកម្រាស់​បីទំព័រថា៖ «ផ្ទុយពីពេលវេលាដ៏ត្បិតត្បៀត ដែលអ្នកស្រី ត្រាំ ត្រូវប្រឈមមុខនោះ (...) វាហាក់ដូចជាច្បាស់ណាស់ថា អ្នកស្រីទំនងជាបានជាប់ពាក់ព័ន្ធដោយផ្ទាល់ នៅក្នុងហេតុការណ៍ជាច្រើន ដែលបណ្ដាល​ឲ្យមានពាក្យបណ្ដឹងនេះ»។ 

ដីការបានបញ្ជាក់ថា ការផ្ដល់សក្ខីកម្មនេះ នឹងមានរយៈពេលត្រឹមតែ២ម៉ោង ច្រើនបំផុត។ លោកចៅក្រមដដែល បានកំហិតទៅកូនស្រីប្រធានាធិបតីថា៖ «ដោយយោងតាមមូលហេតុខាងលើ អ្នកស្រី ត្រាំ មិនអាចរួចផុត ពីការផ្ដល់នូវសក្ខីកម្ម នៅក្នុងសំនុំរឿងនេះបានទេ»។

សហគ្រាសផលិតស្បែកជើង «Aquazzura» របស់ប្រទេសអ៊ីតាលី ដែលមានសាខារបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក បានចោទយីហោស្បែកជើងមួយ របស់អ្នកស្រី អាយវេនកា ត្រាំ ថាបានលួចចម្លង សឹងតែទាំងស្រុង នូវស្នាដៃឆ្នៃម៉ូដដ៏ល្បី ឈ្មោះ «Wild Thing» នៃស្បែកជើងចងខ្សែ​មួយប្រភេទ​របស់ខ្លួន។ ពាក្យបណ្ដឹងរបស់សហគ្រាស ពីបទ«ក្លែងបន្លំផលិតផល» និងពីបទ «ប្រកួតប្រជែងដោយមិនស្មើភាព» មិនត្រឹមតែដាក់ប្ដឹងយីហោ​របស់អ្នកស្រី ត្រាំ ប៉ុណ្ណោះទេ តែក៏បានប្ដឹងដូចគ្នា ប្រឆាំងអ្នកស្រី ត្រាំ និងអ្នករួមភាគហ៊ុនរបស់អ្នកស្រី គឺលោក «Marc Fisher» ដោយផ្ទាល់។

ពាក្យបណ្ដឹងរបស់សហគ្រាស «Aquazzura» បានសរសេរថា៖ «សឹងតែគ្រប់ការឆ្នៃម៉ូដ ភាពលំអិត (...) របស់ស្បែក "Wild Thing" ត្រូវបានចម្លង» ដោយក្រុមហ៊ុនស្បែកជើង របស់កូនស្រីប្រធានាធិបតី ដើម្បីផលិតស្បែកជើងថ្មីមួយ ដែលមានឈ្មោះ "Hettie"។ ស្បែកជើង "Wild Thing" មួយសម្រាប់ ត្រូវបានដាក់លក់ក្នុងតម្លៃ ៧៨៥ដុល្លា ខណៈស្បែកជើង "Hettie" ត្រូវបានដាក់លក់ ក្នុងតម្លៃត្រឹមតែ ១៤៥ដុល្លាប៉ុណ្ណោះ។

សហគ្រាសអ៊ីតាលី បានសុំឲ្យតុលាការសម្រេច ហាមឃាត់ការលក់ដូរ និងការចែកចាយ ស្បែកជើង "Hettie" របស់យីហោអ្នកស្រី ត្រាំ ព្រមទាំងទាមទារ ឲ្យមាន​សំណងជំងឺចិត្តផង តែការទាមទារសំណងនោះ មិនទាន់បញ្ជាក់ពីតួលេខច្បាស់នៅឡើយ។

សហគ្រាសបានសរសេរនៅក្នុងពាក្យបណ្ដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនផលិតស្បែកជើង របស់កូនស្រីប្រធានាធិបតី បានលួចចម្លងស្នាដៃឆ្នៃម៉ូដរបស់ខ្លួន ប៉ុន្តែមានករណីប្រហាក់ប្រហែលនេះ ចំនួនពីរទៀត ក៏ត្រូវបានសហគ្រាសធ្វើការតវ៉ា ដោយផ្ទាល់ទៅកាន់អ្នកស្រី ត្រាំ ក្នុងពេលកន្លងមកដែរ។ សហគ្រាស «Aquazzura» បានអះអាងថា កាលនោះ បន្ទាប់ពីការតវ៉ាត្រូវបានធ្វើរួច អ្នកស្រី អាយវេនកា ត្រាំ បានដកផលិតផលនោះចេញ មិនឃើញដាក់លក់ជាបន្តទៀត រហូតមកដល់សព្វថ្ងៃ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...