ហ៊ុន សែន បញ្ជាឲ្យចាត់ការប្រឆាំង«បន្ទប់ស្ថានការណ៍»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 28, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទប់ស្ថានការណ៍បោះឆ្នោត ជាទីតាំងបញ្ជាឲ្យមាន«បដិវត្តន៍ពណ៌»។ នេះជាការលើកឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាប្រតិកម្មខ្លាំងៗ ប្រឆាំងនឹងស្ថាប័នមួយនេះ ដែលកើតចេញពីអង្គការសមាគមជាច្រើន ដើម្បីឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា។ លោក ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ ទៅកាន់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ - អនុប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យពិនិត្យផ្លូវច្បាប់ ដើម្បីចាត់វិធានការ ប្រឆាំងបន្ទប់ស្ថានការណ៍នេះ។
ថ្លែងនៅចំពោះសមាជិក និងអ្នកគាំទ្ររាប់ពាន់នាក់ ក្នុងពិធី រំលឹកខួប៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងថ្ងៃទី២៨ ខែមិថុនានេះ លោក ហ៊ុន សែន បានចោទប្រកាន់បន្ទប់ស្ថានការណ៍ថា កំពុងធ្វើខ្លួនស្ថិតនៅ «ក្រៅសំណាញ់ច្បាប់»។
បុរសខ្លាំងកម្ពុជា ដែលនៅកាន់អំណាច តាំងពីជាង៣ទសវត្សន៍មកនោះ បានថ្លែងឡើងថា៖ «យើងបានដឹងហើយថា អង្គការក្រៅរដ្ឋាភិបាលមួយៗ បានចុះឈ្មោះ ប៉ុន្តែរបស់ដែលហៅថាបន្ទប់ស្ថានការណ៍ ដែលជាអ្នកខោកក្បាល ទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (...) តើពួកគេមានសិទ្ធិបង្កើត នូវទីតាំងបែបនេះ ឬក៏ទីតាំងបែបនោះ ជាមូលដ្ឋានបញ្ជា នៃគោលការណ៍បដិវត្តន៍ព័ណ៌?ប្រសិនបើយ៉ាងដូច្នោះ ក្រសួងមហាផ្ទៃត្រូវចាត់ការបន្ទាន់ នូវអ្វីដែលពួកគេបាននិងកំពុងធ្វើក្រោមលេស តាមពិនិត្យមើលការបោះឆ្នោត។»។
ក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនាកន្លងមកនេះ ដោយមានការអនុញ្ញាតយល់ព្រម ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ទប់ស្ថានការណ៍ខាងលើ បានដាក់អ្នកសង្កេតការណ៍ ប្រហែលមួយម៉ឺននាក់ ដើម្បីឃ្លាំមើលការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត សឹងតែនៅគ្រប់ទិសទីទាំងអស់ នៃការិយាល័យបោះឆ្នោត ក្នុងប្រទេសកម្ពុជា។ ស្ថាប័ននេះ បានធ្វើការផ្សាយបន្តផ្ទាល់ ពីស្ថានការណ៍ក្នុងពេលបោះឆ្នោត និងលទ្ធផល នៃការរាប់សន្លឹកឆ្នោតនោះផង។
នៅប៉ុន្មានថ្ងៃមុននេះ បន្ទប់ស្ថានការណ៍មួយនេះ បានធ្វើការវាយតម្លៃការបោះឆ្នោត ថ្ងៃទី៤ ខែមិថុនានេះ ថាបានធ្វើឡើង ដោយមិនសេរីទាំងស្រុង តែបានប្រព្រឹត្តិទៅ ដោយសន្តិវិធី និងមានសភាពល្អ ជាងការបោះឆ្នោតមុនៗ។
លោក ស ខេង បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្រោយពេលបញ្ចប់ពិធីរំលឹកខួបនោះថា លោកនឹងឲ្យក្រុមអ្នកច្បាប់ពិនិត្យមើលករណីនេះ តាមបញ្ជាលោក ហ៊ុន សែន។ ប៉ុន្តែរដ្ឋមន្ត្រីមហាផ្ទៃរូបនេះ មិនធ្វើអធិប្បាយលំអិតបន្ថែមថា តើអាជ្ញាធរនឹងចាត់វិធានការបែបណា ទៅលើបន្ទប់ស្ថានការណ៍ ឬទៅលើអង្គការសមាគម ដែលជាសមាជិករបស់ស្ថាប័នមួយនេះទេ។
បញ្ជាក្នុងថ្ងៃនេះ របស់លោក ហ៊ុន សែន បានធ្វើឡើង ក្រោយការព្រមានរបស់លោក កាលពីថ្ងៃទី២៦ ខែមិថុនា ទៅកាន់បន្ទប់ស្ថានការណ៍ ដោយប្រាប់ស្ថាប័នេះ «ឲ្យល្មមៗបានហើយ»។ នៅពេលនោះ លោកនាយករដ្ឋមន្ត្រីបានថ្លែងឡើងថា៖ «សុំបន្ទប់ស្ថានការណ៍ហ្នឹងល្មមៗ បានហើយអស់លោក។ ខ្ញុំក៏ដឹងដែរ អស់លោករៀបចំយ៉ាងម៉េចអី យ៉ាងម៉េចនោះ ហើយរៀបចំផែនការអាក្រក់ណាស់ បានជាខ្ញុំថ្កោលទោសអ្នកជ្រៀតជ្រែកកិច្ចការ ផ្ទៃក្នុងកម្ពុជា។»៕