ហ៊ុន សែន ជា«បុរសថ្ពាល់ផ្អែម» ព្រោះទទួលការថើបពិបាកលាង
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២១ មីនា ២០១៨
- កែប្រែចុងក្រោយ: March 21, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«សូមបញ្ជាក់ជូនក្មួយៗ ដែរថា បន្តិចទៀត ពូប្រហែលជា ទៅជាបុរសថ្ពាល់ផ្អែម» នេះ ជាការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពន្យល់ពីការចូលចិត្ត «ថើបថ្ពាល់»លោក ពីសំណាក់អ្នកគាំទ្ររបស់លោក ជាស្ត្រី ដ៏ច្រើនពោរពាស។ លោកបានលើកយកករណី «ថើបថ្ពាល់» របស់លោកនេះ មកបញ្ជាក់ នៅក្នុងពិធីជួបជាមួយកម្មករ កម្មការិនីប្រមាណជាង ១៥ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ នៅភូមិជ្រៃកោង ផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ។
លោកបានថ្លែង ដោយមោទនភាពថា៖ «មិនមែនថើប នៅកន្លែងហ្នឹង [ក្នុងពិធីជំនួប ជាមួយកម្មករ កម្មការិនី] ទេ។ ទៅអូស្ត្រាលីហ្ន៎! ថើបនៅអូស្ត្រាលី គឺជាថើប ដែលពិបាកលាងជាងគេ។ ព្រោះថា ការ៉េមរបស់ក្មួយៗ នៅទីនេះ ខ្លះអត់មានការ៉េមទេ ខ្លះមានការ៉េមដែរ តែមិនសូវជាជាប់ទេ។ ការ៉េមនៅអូស្ត្រាលី ពេលដែលថើបហើយ ទាល់តែឡើងចូលអូតែល ដុសចេញ។ អត់មានយកកន្សែងយកមកជូត ដាច់ទេ។»។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានបន្តថា៖ «ក្មួយៗនៅឯណោះ ក៏មានការថើប ហើយក៏សូមផ្ដាំផ្ញើរពីទីនេះ ចំពោះក្មួយៗ ចំពោះប្រជាពលរដ្ឋរបស់យើង នៅអូស្ត្រាលី ក៏ដូចជានូវែលហ្សេឡង់ ដែលបានអញ្ជើញមកច្រើនកុះករ ក្នុងការទទួលបដិសណ្ឋារកិច្ច ក្នុងឋានៈជាមេដឹកនាំប្រទេសជាតិមួយ ទៅប្រជុំនៅប្រទេសអូស្ត្រាលី។ វត្តមានរបស់បងប្អូន ដែលមាននៅទីនោះ គឺបង្ហាញពីការគាំទ្រ ដ៏ជាក់លាក់ ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលមានមេដឹកនាំរបស់ខ្លួន ទៅកាន់ប្រទេសអូស្ត្រាលី។»៕