នាយករដ្ឋមន្ត្រីអូស្ត្រាលីរំលឹក ហ៊ុន សែន ពីសារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ មីនា ២០១៨
- កែប្រែចុងក្រោយ: March 18, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីជំនួបទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ក្នុងរសៀលថ្ងៃទី១៦ ខែមីនារួច សមភាគីអូស្ត្រាលី លោក ម៉ាលកូម ធើនប៊ូល (Malcolm Turnbull) បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា លោកបានយកឱកាសនៃកិច្ចប្រជុំនោះ ដើម្បីសំដែងអំពីក្ដីកង្វល់របស់លោក ពីលទ្ធិប្រជាធិបតេយ្យ និងពីរបាយការណ៍ស្ដីពីសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។
លោក ធើនប៊ូល ត្រូវបានសារព័ត៌មាន ក្នុងប្រទេសអូស្ត្រាលីដកស្រង់សំដី យកមកសរសេរ ក្រោយជំនួបជាមួយលោក ហ៊ុន សែន ថា៖ «យើងចាប់ដៃជាមួយអាស៊ាន ជាមួយនឹងការគោរពដ៏ខ្ពង់ខ្ពស់។ យើងគោរពគំរូ នៃកិច្ចព្រមព្រៀង ដែលឈរលើមូលដ្ឋានគ្រឹះមួយ ហើយយើងនឹងជជែកគ្នា អំពីបញ្ហា ដែលកើតមានទាំងអស់។»។
នៅក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីអូស្ត្រាលីបានលើកឡើង ពីសារសំខាន់នៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបោះឆ្នោតជាតិ នៅកម្ពុជានាពេលខាងមុខ ដោយមិនបានភ្លេចគូសបញ្ជាក់ ពីចំណងទាក់ទងផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច ជាមួយប្រទេសកម្ពុជានោះទេ។ ។ ការគម្រាមកំហែង បង្កឡើងដោយកម្មវិធីនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង ក៏ជាប្រធានបទមួយទៀត ក្នុងការជជែកជាមួយលោក ហ៊ុន សែន ដែរ។
ការលើកឡើង របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី ទាក់ទងនឹងនយោបាយកម្ពុជា មិនត្រូវបានលោក ហ៊ុន សែន យកមកបញ្ជាក់ នៅក្នុងការថ្លែងរបស់លោក ទៅកាន់ក្រុមអ្នកគាំទ្រច្រើនរយនាក់ ដែលធ្វើឡើង នៅក្រោយជំនួបផ្លូវការនោះទេ។ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា លោក ម៉ាលកូម ធើនប៊ូល មិនបាននិយាយអ្វី ជាមួយលោកទាក់ទងនឹងប្រធានបទ ដ៏រសើបខាងលើនេះឡើយ។ ផ្ទុយទៅវិញលោកថា លោក ធើនប៊ូល បានសន្យាផ្ដល់ជំនួយ មកឲ្យកម្ពុជា ៨៧លានដុល្លារអូស្ត្រាលី ទាំងលោកមិនបានសុំ នោះទៀតផង។
ក្នុងថ្ងៃទីមួយ នៃវត្តមានរបស់លោក ហ៊ុន សែន (ថ្ងៃទី១៦ ខែមីនា) លើកោះអូស្ត្រាលី និងនៅថ្ងៃបន្ទាប់ ក្រុមពលរដ្ឋខ្មែរ-អូស្ត្រាលី ច្រើនរយនាក់ បានធ្វើបាតុកម្មយ៉ាងគគ្រឹកគគ្រេង ដើម្បីប្រឆាំងបុរសខ្លាំងកម្ពុជា ដោយចោទលោកថា បានបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយកំពុងបង្កើតឲ្យមាន នូវរបបផ្ដាច់ការមួយឡើង នៅកម្ពុជា។ នៅថ្ងៃទី១៧ ខែមីនា ក្នុងបាតុកម្មដែលមានកម្លាំង ខ្លាំងជាងថ្ងៃទីមួយ ក្រុមបាតុករបានទាមទារឲ្យលោក ហ៊ុន សែន ដោះលែងអ្នកទោសនយោបាយ អនុញ្ញាតឲ្យមានសម្លេងប្រឆាំង និងការបោះឆ្នោតដ៏ត្រឹមត្រូវមួយ នៅខែកក្កដាខាងមុខ៕