បុរស «ម៉ារី» ត្រូវ​បាន​នាំខ្លួន​ភ្លាមៗ​តាម​បញ្ជា ហ៊ុន សែន

មិនទាន់ផុតពីមាត់លោក ហ៊ុន សែន បានមួយម៉ោងស្រួលបួលផងទេ បុរសឈ្មោះ «ម៉ារី» ដែលទើបនឹងសឹក ត្រូវបានអាជ្ញាធរខេត្តកំពត ចាប់ខ្លួនបាន នៅមុននេះបន្តិច និងកំពុងស្ថិតក្រោមការសាកសួរ នៅឯស្នងការដ្ឋាន​នគរបាលខេត្ត។
បុរស «ម៉ារី» ត្រូវ​បាន​នាំខ្លួន​ភ្លាមៗ​តាម​បញ្ជា ហ៊ុន សែន
បុរសឈ្មោះ «ម៉ារី» ដែលត្រូវបានអាជ្ញាធរខេត្តកំពត ចាប់ខ្លួនភ្លាមៗ តាមបញ្ជារបស់លោក ហ៊ុន សែន។ (រូបថតនគរបាល)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២១ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 21, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរស​ចំណាស់​ឈ្មោះ «ម៉ារី» ដែលត្រូវលោក ហ៊ុន សែន ចេញបញ្ជា ឲ្យតាមនាំខ្លួន​នៅមុននេះ ត្រូវបានអាជ្ញាធរខេត្តកំពត ចាប់ខ្លួនបានហើយ នៅក្នុងភូមិព្រែកគ្រឹះ ឃុំព្រែកគ្រឹះ ស្រុកកំពង់ត្រាច ខេត្តកំពត។ នេះ បើតាមការអះអាង របស់លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក។

ស្នងការនគរបាលខេត្ត បានថ្លែងបញ្ជាក់ថា បុរស​ឈ្មោះ ម៉ារី អាយុ ៧០ឆ្នាំ ត្រូវបាននាំខ្លួន ពី​ផ្ទះ​«​ប្រពន្ធចុង​»​របស់ខ្លួន​ ដើម្បីយក​មក​សាកសួរ ជុំវិញ​ការថ្លែង​របស់បុរសរូបនេះ ក្នុងពេល​កន្លងមក ដែលលោកនាយករដ្ឋមន្ត្រី ហៅថា ជាការភូតកុហក​។ លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ទៀតថា លោក «ម៉ារី» ទើបតែ​សឹក​ពី​បួស បានប្រហែលជា ១​ខែ​ នេះប៉ុណ្ណោះ។​

កាលពីព្រឹកម៉ិញ នៅក្នុងពិធីជួបជាមួយកម្មករ-កម្មការិនី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា បុរសឈ្មោះ «ម៉ារី» ម្នាក់នេះ ដែលត្រូវបានលោក ហ៊ុន សែន​ ហៅ​ម្ដងជា​«ព្រះសង្ឃ» និងម្ដងជា«អាម៉ឹង»​នោះ បានដើរភូតកុហកប្រជាពលរដ្ឋ នៅតាមខេត្ត ក្នុងនោះមានខេត្តកែប ខេត្តកំពត និងខេត្តតាកែវជាដើម ពីដំណើរទស្សនកិច្ច របស់លោក ហ៊ុន សែន នៅក្នុងប្រទេសអូស្រ្តាលី ដោយនិយាយថា ទទួលភាពបរាជ័យទាំងស្រុង។

លោក ហ៊ុន សែន បានចេញបញ្ជា ដោយលាយឡំ​នឹងការគម្រាមផង​ដូច្នេះថា៖ «ខ្ញុំបញ្ជាឲ្យតាមរកអាម្នាក់នេះ ថារកឃើញហើយ ឡូខេសិន (Location) របស់វា ឃើញទាំងមុខ មានទាំងរូបថតទៀតទៅហើយ មុនពេលយើងមានរូបថត មុនពេលបួស។ ផ្ដាំទៅអាម្នាក់ហ្នឹង កុំដើរចល័ត ហើយកុំនិយាយ តែពិសតែពាស។ កុំស្មានថា គេដឹកនាំប្រទេស គេគ្មានបណ្ដាញចារកម្ម របស់គេឲ្យសោះ។ (...) ចល័តពីកែប ចូលកំពត ចេញពីកំពត ចូលតាកែវ។ អាហ្នឹងលោកសង្ឃពិតប្រាកដ ឬមិនលោកសង្ឃ? ខ្លួនទើបនឹងចូលមកបួស... អានេះជួលកាលបួស ដាក់ស្បង់ពីលើ... តាមមើលអាមួយហ្នឹង! កែន សត្ថា អភិបាលខេត្តកែប តាមមើលអាមួយហ្នឹង ថ្ងៃនេះ។»។ 

នៅខណៈនេះ លោក «ម៉ារី» ត្រូវបាននាំខ្លួន ទៅស្នងការនគរបាលខេត្ត ដើម្បីធ្វើការសាកសួរ មុននឹងចាត់វិធានាការបន្តទៀត។ នេះ បើតាមការអះអាង របស់លោកស្នងការខេត្តកំពត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...