សម រង្ស៊ី ប្រកាស​ចូល CNRP វិញ នៅ​ថ្ងៃ​ទី១៦​វិច្ឆិកា២០១៧

អតីតប្រធានគណបក្ស លោក សម រង្ស៊ី ដែលបានលាចេញពីគណបក្ស ពីដើមឆ្នាំ២០១៧កន្លងមក បានប្រកាសថា លោកនឹងសុំចូលជាសមាជិកគណបក្សសង្គ្រោះជាតិ ឡើងវិញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ដែលជាថ្ងៃបើកសវនាការ នៅតុលាការកំពូល លើ​បណ្តឹង​រំលាយ​គណបក្សប្រឆាំងមួយនេះ តាមការស្នើសុំរបស់ក្រសួងមហាផ្ទៃ។
សម រង្ស៊ី ប្រកាស​ចូល CNRP វិញ នៅ​ថ្ងៃ​ទី១៦​វិច្ឆិកា២០១៧
ពីឆ្វេងទៅស្ដាំ៖ លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំ និងជាសហស្ថាបនិក នៃគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ វិច្ឆិកា ២០១៧
  • កែប្រែចុងក្រោយ: November 12, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំសុំប្រកាស ថានៅថ្ងៃទី១៦ [ខែវិច្ឆិកា ឆ្នាំ២០១៧] ហ្នឹង បើគេរំលាយគណបក្សសង្គ្រោះជាតិ ឬក៏មិនរំលាយក៏ដោយ [ខ្ញុំ]ឧបមា (...) ខ្ញុំសុំចូលគណបក្សសង្គ្រោះជាតិវិញ»។

ខាងលើនេះ ជាការថ្លែងឡើងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ អះអាងពីការត្រឡប់ វិលចូលគណបក្សសង្គ្រោះជាតិវិញ បន្ទាប់ពីលោកបានលាលែងចេញពីគណបក្ស ដើម្បីអ្វីមួយ ដែលលោកពន្យល់នៅក្នុងការលាលែងនោះ ថាជាការការពារគណបក្ស ឲ្យស្របតាមច្បាប់គណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្ម ម្ដងជាពីរដង កាលពីប៉ុន្មានខែមុន។

ការប្រកាសវិលចូលគណបក្ស ដែលរូបលោកជាសហស្ថាបនិកនោះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី «សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា» កាលពីថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា (ត្រូវជាព្រឹកថ្ងៃអាទិត្យ ម៉ោងនៅកម្ពុជា) ក្នុងក្រុង ឡុងប៊ិច (Long Beach) នៃរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក។

មេដឹកនាំប្រឆាំង និងជាគូបដិបក្ខនយោបាយ ដ៏សំខាន់បំផុត របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពន្យល់ពីមូលហេតុ នៃការវិលចូលគណបក្សវិញ របស់លោកដូច្នេះថា៖ «ព្រោះកាលពីខ្ញុំលាលែងហ្នឹង គឺលាលែងដោយបង្ខំចិត្ត ដើម្បីកុំឲ្យគេរំលាយ​គណបក្សសង្គ្រោះជាតិ។ ហើយបើគេរំលាយហើយ អញ្ចឹងខ្ញុំសុំចូលវិញ។ ព្រោះរំលាយនេះ រំលាយនៅលើតែក្រដាសទេ តែមិនអាចរំលាយបេះដូងខ្មែរ បីលាននាក់ មិនអាចរំលាយព្រលឹងខ្មែរ បីលាននាក់នោះទេ។»។

លោក សម រង្ស៊ី បានអះអាងបន្តថា លោកមិនត្រឡប់ ទៅធ្វើជាប្រធានគណបក្ស ឡើងវិញនោះទេ តែគ្រាន់តែជា«សមាជិកសាមញ្ញ»មួយរូប ដូចសមាជិកដទៃទៀតប៉ុណ្ណោះ។ លោកបានហៅការត្រឡប់ ចូលគណបក្សវិញនេះ ថា ជាការបង្ហាញភាពស្មោះត្រង់ ចំពោះជាតិ ចំពោះគណបក្ស និងជាពិសេសចំពោះខ្លួនឯង។ លោកថា៖ «សុំចូលជាសមាជិកសាមញ្ញ ទទួលស្គាល់លោកប្រធាន កឹម សុខា ជាប្រធានគណបក្សសង្គ្រោះជាតិ»។

គណបក្សសង្គ្រោះជាតិ​​ ត្រូវបាន​បង្កើតឡើងជាផ្លូវការ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នារដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ក្រោមការច្របាច់បញ្ចូលគ្នា រវាងគណបក្សសម រង្ស៊ី ដែលដឹកនាំដោយ​លោក កឹម សុខា និងគណបក្សសិទ្ធិមនុស្ស ដែលដឹកនាំដោយលោក កឹម សុខា។ នៅក្នុងសមាជលើកទីមួយរបស់គណបក្ស បានសម្រេចថា លោក សម រង្ស៊ី ជាប្រធានគណបក្ស និងលោក កឹម សុខា ជាអនុប្រធាន។

នៅចំពោះច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្មថ្មីថ្មោង លោក សម រង្ស៊ី ដែលរងការផ្ដន្ទាទោស ពីសំណាក់តុលាការកម្ពុជា បានលាលែងពីតំណែងប្រធានគណបក្ស និងពីគណបក្ស កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៧ ហើយលោក កឹម សុខា បានឡើងជាប្រធានស្ដីទីគណបក្ស មុននឹងក្លាយជាប្រធានពេញសិទ្ធិ នៅក្នុងសមាជវិសាមញ្ញមួយ នៅប៉ុន្មានអាទិត្យក្រោយមក។

លោក សម រង្ស៊ី បានបន្តថ្លែង នៅក្នុងអង្គសិក្ខាសាលាថា៖ «លោក កឹម សុខា បានបង្ហាញចុងក្រោយនេះ បញ្ជាក់ម្ដងទៀត ថាលោក កឹម សុខា មានភាពថ្លៃថ្នូ ស្មោះត្រង់ តំណាងឲ្យកិត្តិយសខ្មែរយើងទាំងអស់គ្នា គាត់ស័ក្ដិសម ជាប្រធានគណបក្សសង្គ្រោះជាតិ តទៅទៀត។ ខ្ញុំសុំធ្វើជាសមាជិកសាមញ្ញ គាំទ្រគណបក្សសង្គ្រោះជាតិ ដូចបងប្អូន។»។

មេដឹកនាំប្រឆាំងរូបនេះ បានបញ្ជាក់ជាថ្មីទៀតថា៖ «អញ្ចឹងថ្ងៃ១៦ [ខែវិច្ឆិកា ឆ្នាំ២០១៧] ហ្នឹង បើរំលាយសង្គ្រោះជាតិ ក៏ខ្ញុំចូលសង្គ្រោះជាតិវិញ ហើយបើមិនរំលាយសង្គ្រោះជាតិ ក៏ខ្ញុំចូលសង្គ្រោះជាតិវិញដែរ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...