អ្នកវិភាគ៖ រដ្ឋសភា​នីតិកាល​ទី​៥ មិន​ទាន់​មាន​ធម្មនុញ្ញភាព​គ្រប់​គ្រាន់

ជាបន្តបន្ទាប់ រាប់ចាប់ពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ និងសូម្បីព្រះមហាក្សត្រ បានបង្ហាញ​ការ​ខ្វែងគំនិតគ្នា ចំពោះធម្មនុញ្ញភាព ឬភាពជាតំណាងពេញលេញ ឲ្យប្រជាពលរដ្ឋខ្មែរ ទាំងមូលរបស់​ស្ថាប័ន​រដ្ឋសភា​នីតិកាលទី៥នេះ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យ បានលើកឡើងថា រដ្ឋសភានីតិកាលទី៥ មិនទាន់​មាន​លក្ខណៈពហុបក្ស ស្របតាមធម្មនុញ្ញភាព នៅឡើយទេ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: April 05, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាបន្តបន្ទាប់ រាប់ចាប់ពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ និងសូម្បីព្រះមហាក្សត្រ បានបង្ហាញ​ការ​ខ្វែងគំនិតគ្នា ចំពោះធម្មនុញ្ញភាព ឬភាពជាតំណាងពេញលេញ ឲ្យប្រជាពលរដ្ឋខ្មែរ ទាំងមូលរបស់​ស្ថាប័ន​រដ្ឋសភា​នីតិកាលទី៥នេះ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យ បានលើកឡើងថា រដ្ឋសភានីតិកាលទី៥ មិនទាន់​មាន​លក្ខណៈពហុបក្ស ស្របតាមធម្មនុញ្ញភាព នៅឡើយទេ។


រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

នយោបាយ - លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៥ មេសា នេះថា បើមើលតាមរូបភាពខាងក្រៅ រដ្ឋសភាកម្ពុជានីតិកាលទី៥ ហាក់ដូចជាពេញលក្ខណៈផ្លូវ​ច្បាប់ ព្រោះកម្ពុជាមានស្ថាប័ននីតិបញ្ញត្តិ (រដ្ឋសភានិងព្រឹទ្ធសភា) ស្ថាប័ននីតិប្រតិបត្តិ (រដ្ឋាភិបាល) និងស្ថាប័ន​យុត្តាធិការ (តុលាការ) តែបើមើលឲ្យស៊ីជម្រៅ ទើបអាចដឹងថា ការដឹកនាំនៅនីតិកាលទី៥នៃរដ្ឋសភា មិនទាន់ស្រប​តាមរដ្ឋធម្មនុញ្ញនៅឡើយទេ។

អ្នកវិភាគនយោបាយឯករាជ្យកម្ពុជារូបនេះពន្យល់ថា៖ «រដ្ឋធម្មនុញ្ញចែងថា កម្ពុជាកាន់យករបបប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ពហុបក្ស ជាពាក្យគន្លឹះ តើឥឡូវនឹងពហុបក្សហើយឬនៅ? ហើយបើថាពហុបក្ស ប្រហែលជាមិនទាន់ទេ ព្រោះមានបក្សតែមួយ នៅក្នុងរដ្ឋសភា។ ហើយកាល ដែលគណបក្សមួយទៀតមិនចូលសភា ហើយឆ្លើយដាក់គ្នា​ទៅវិញទៅមក គឺមិនទាន់មានពហុបក្សស្របតាមធម្មនុញ្ញភាពនៅឡើយងទេ។ តែបើគណបក្សទាំងពីរមានឆន្ទៈ​នយោបាយ នឹងបញ្ហាអាចដោះស្រាយបាន។»

សមាជិកសភាទាំង៦៨រូប របស់គណបក្សប្រជាជនកម្ពុជា មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល និងព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី បានបង្ហាញការមូលមតិគ្នាថា រដ្ឋសភានីតិកាលទី៥ ដែលបានបង្កើតឡើងដោយឯកបក្ស​កាល​ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ថាជាស្ថាប័នត្រូវបានបង្កើតឡើងស្របតាមរដ្ឋធម្មនុញ្ញ ឬជាស្ថាប័នតំណាងឲ្យ​ប្រជាពលរដ្ឋ​ខ្មែរទាំងមូល ហើយកំពុងដំណើរការទៅមុខជាប្រក្រតី។

តែសម្រាប់គណបក្សសង្រ្គោះជាតិ ដែលមានបេក្ខជនជាប់ឆ្នោត៥៥រូប បន្តធ្វើពហិការមិនចូលប្រជុំ​សភាតាំងពី​ថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ២០១៣ ហើយទទូចឲ្យមានការបោះឆ្នោតឡើងវិញមុនបញ្ចប់អាណត្តិ ក្រោយការកែទម្រង់ស្ថាប័ន​បោះឆ្នោត បានចោទប្រកាន់ រដ្ឋសភានីតិកាលទី៥ ថាត្រូវបានបង្កើតឡើយដោយរំលោភរដ្ឋធម្មនុញ្ញ ឬមិនមែនជា​ស្ថាប័នតំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងមូល នោះទេ។

នាយកប្រតិបត្តិនៃគណៈកម្មាធិការ ឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា និងជាអ្នកវិភាគនយោបាយកម្ពុជាឯករាជ្យ លោកហង្ស ពុទ្ធា បានអត្ថាធិប្បាយថា៖ «ជាគោលការណ៍ដើម្បីឲ្យដឹងថារដ្ឋាភិបាល និងរដ្ឋសភា បង្កើតឡើងស្រប​ច្បាប់ ឬមិនស្របច្បាប់ ទាល់តែមានស្ថាប័នមួយឯករាជ្យ គឺស្ថាប័នធម្មនុញ្ញ គឺជាអ្នកបកស្រាយច្បាប់ ឬរដ្ឋធម្មនុញ្ញ ប៉ុន្តែបរិបទនៅកម្ពុជា ស្ថាប័ននេះហាក់ដូចជា នៅក្រោមគណបក្សនយោបាយ។ អញ្ចឹងរឿងនេះពិបាកយល់ណាស់ ដូច្នេះត្រូវមានការកែទម្រង់មួយដ៏សំខាន់ ក្នុងនោះការកែទម្រង់ក្រុមប្រឹក្សាធម្មនុញ្ញ ក៏ជាចំណុចសំខាន់ផងដែរ៕»

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៥ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...