«ឈឺត្រង់ពកណាស់» គឺពកក្បាលហ្នឹង មិនមែនមានន័យផ្សេងទេ!
បទចម្រៀងថ្មីរបស់តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅនាង ខ្ញុង «ឈឺត្រង់ពកណាស់» ដែលធ្វើធ្វើឱ្យប្រិយមិត្ត និងទស្សនិកជនមួយចំនួន មានការយល់ច្រឡំទៅន័យផ្សេង ត្រូវបានតារាកំប្លែងរូបនេះ ចេញបកស្រាយថា គ្រាន់តែជាចំណងជើងដែលធ្វើអោយមានការចាប់អារម្មណ៏ និងកំប្លែង លេងសើចប៉ុណ្ណោះ។
អ្នកនាងខ្ញុង នៅក្នុងចម្រៀង«ឈឺត្រង់ពកណាស់»។ (រូបថតផ្តិតចេញពីវីដេអូផលិតកម្មថោន)
ចម្រៀង - «ឈឺត្រង់ពកណាស់» ជាចម្រៀងមួយបទក្នុងចំណោមបទមួយចំនួន របស់ផលិតកម្មទីក្រុងភាពយន្ត (Town Production) ដែលរងការរិះគន់ពីទស្សនិកជន និងអ្នកអភិរក្សវប្បធម៌មួយចំនួន ថាជាបទអាសអាភាសមានន័យចំអេះចំអាស់។ ដោយមានការរិះគន់ជាច្រើនមកលើបទនេះ ក៏ដូចជាមានប្រតិកម្មពីរដ្ឋមន្រ្តីក្រសួងព័ត៌មានផងនោះ អ្នកនាង ខ្ញុង ដែលត្រូវបានទស្សនិកជនស្គាល់ តាមរយៈការសម្តែងរឿងកំប្លែង នៅលើកញ្ចក់ទួរទស្សន៍ស៊ីធីអ៊ីន បានចេញមុខមកស្រាយពីអត្ថន័យ នៃបទនេះថា «សូមបងប្អូនកុំច្រឡំ មិនមែនឈឺត្រង់ពកស្ដីគេនោះទេ គឺឈឺត្រង់ពក គឺពកក្បាលហ្នឹង»។
ដកស្រង់សម្តីដោយ គេហទំព័រមួយក្នុងស្រុក អ្នកនាង ស្រេង សុកាន់ដា បានបញ្ជាក់ថា «ឈឺត្រង់ពកណាស់ បើស្ដាប់មួយភ្លែតប្រាកដជាមានន័យផ្សេងជាមិនខាន ប៉ុន្តែវាគ្រាន់តែជាចំណងជើងដែលធ្វើអោយមានការចាប់អារម្មណ៏ និងកំប្លែង លេងសើចប៉ុណ្ណោះ ។
ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៤នេះ តារាកំប្លែងដ៏សំបូរវាហាស័ព្ទរូបនេះ បានច្រៀងចម្រៀងបីបទ ដែលសុទ្ធសឹងជាបទមានន័យកំប្លែង ដើម្បីលក់សំរាប់អបអរពីធីបុណ្យចូលឆ្នាំខ្មែរ។ ប៉ុន្តែខណៈពេលដែលចម្រៀងទាំងបីបទ ដែលមានចំណង «ដួលគងចំប៉ាន់» «ការ៉េមអនាម័យ» និងបទ«ឈឺត្រង់ពកណាស់» របស់អ្នកនាង កំពុងចរាចរណ៍នៅលើទីផ្សារ មានមតិមួយចំនួនបានរិះគន់ទៅលើបទចម្រៀងរបស់អ្នកនាង ដោយមានការលើកឡើងថា «ពាក្យមិនចំ តែន័យទៅរកតែណាផ្លួវមួយហ្នឹង»។ យ៉ាងណាក៏ដោយ ក៏មានប្រិយមិត្តជាច្រើននៅតែគាំទ្រ និងសរសើរពីទេពកោសល្យរបស់អ្នកនាង ទាំងក្នុងការច្រៀង និងការសម្តែង។
ឆ្លើយតប ជាមួយអ្នករិះគន់ និងអ្នកសរសើរ តារាកំប្លែងប្រចាំទូរទស្សន៍ស៊ីធីអ៊ីន និងតារាចម្រៀងរូបនេះ បានលើកឡើងថា ចំពោះរូបនាងការប្រើពាក្យកំប្លែងលេងសើច គឺវាសាកសមជាងមនោសញ្ចេតនា សម្រាប់នាងដែលជាតារាកំប្លែងនោះ។ ហេតុដូចនេះហើយទើបអ្នកនិពន្ឋ បានជ្រើសរើសបទណាដែលស្ដាប់ទៅមាន ភាពកំប្លែង និងទាក់ទាញមកជូននាងច្រៀង។
ឆ្នាំនេះ ផលិតកម្មថោនបានផលិតបទចម្រៀង ជាចង្វាក់រាំវង់ ឡាំលាវ កន្រ្ទឹមជាដើម ចំនួនបួនថាសចម្រៀង មាន៤០បទ។ កន្លងមកបទចម្រៀងមួយចំនួនរបស់ផលិតកម្មមួយនេះ ធ្លាប់ទទួលរងការរិះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកតាមដានពិភពសិល្បៈ ថាបានចម្លងពីចម្រៀងបរទេសទាំងស្រុង និងចម្រៀងខ្លះមិនមានអត្ថន័យអប់រំសូម្បីបន្ដិចឡើយ៕
ស្តាប់បទបទចម្រៀងទាំងបីរបស់អ្នកនាងទាំងអស់គ្នា៖
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ០៥ មេសា ២០១៤