ប្រទេសបី ស្នើឡាវ ឲ្យផ្អាកការសាងសង់ទំនប់វារីអគ្គីសនី ដនសាហុង
ចុងក្រោយនេះ យ៉ាងហោចណាស់ក៏មានប្រទេសបីដែរ ដែលបានស្នើដល់ប្រទេសឡាវ គម្បីផ្អាការសាងសង់ទំនប់វារីអគ្គីសនីដនសាហុង។ ការផ្អាកមួយរយៈ គឺដើម្បីផ្តល់ឱកាសដល់ប្រទេសទាំងអស់ ដែលជាសមាជិកគណៈកម្មាធិការអន្តរជាតិ ទន្លេមេគង្គ សិក្សាថា ត្រូវធ្វើយ៉ាងណា សមស្រប ឬមិនសមស្រប ហើយមានផលប៉ះពាល់ ដល់បរិស្ថានកម្រិតណា ដើម្បីធ្វើការសម្រេច។
ទិដ្ឋភាពនៃតំបន់ដនសាហុង ដែលស្ថិតនៅត្រើយមួយចំហៀងពីព្រំដែនកម្ពុជា។ (រូបថត niimuray)
បរិស្ថាន - មិនត្រឹមតែភាគីកម្ពុជាទេ ដែលធ្វើលិខិត សុំឲ្យរដ្ឋាភិបាលឡាវផ្អាកការ សាងសង់ទំនប់វារីអគ្គីសនីដនសាហុង នោះ ត្បិតអីភាគីប្រទេសថៃ និងប្រទេសវៀតណាម ក៏បានធ្វើលិខិតសុំផ្អាកការសាងសង់ផងដែរ។ នេះជាការអះអាងរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា។
ទន្ទឹមនឹងនេះ មន្រ្តីសង្គមស៊ីវិលជាតិ អន្តរជាតិ សកម្មជនផ្នែកបរិស្ថាន ជាបន្តបន្ទាប់ បានសម្តែងការព្រួយបារម្ភ ពីផលប៉ះពាល់ជាច្រើន ប្រសិនបើប្រទេសឡាវនៅតែបន្តគម្រោងសាងសង់ទំនប់វារីអគ្គិសនី ដន សាហុង ស្តិតនៅខេត្តចំប៉ាសាក់ មានកម្លាំង២៨០មេកាវ៉ាត ដោយមិនមានការសិក្សា និងការពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធ អោយបានល្អិតល្អន់ ជាមុននោះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រមានយន្តហោះអន្តរជាតិ នៅថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០១៤ មុនធ្វើដំណើរ ទៅចូលរួមកិច្ចប្រជុំកំពូលលើកទី២ នៃគណៈកម្មាធិការអន្តរជាតិទន្លេមេគង្គ នៅប្រទេសវៀតណាម លោកលឹម គានហោ បានព្រលយឲ្យដឹងថា បើមានការសាង ក៏ត្រូវលើកយកហេតុផល ប៉ះពាល់បរិស្ថាន មកពីគ្រប់ភាគីទាំងអស់ ដើម្បីពិចារណាដាក់ ពិភាក្សាសម្រេច ក្នុងកិច្ចប្រជុំ គណៈកម្មាធិការទន្លេមេគង្គ។
រហូតមកដល់ពេលនេះ បើទោះជារដ្ឋាភិបាលឡាវបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនសាងសង់ ហើយក៏ដោយ ក៏រដ្ឋសភាឡាវមិនទាន់បានអនុម័តលើគម្រោងនោះនៅឡើយ។ ហើយទំនប់វារីអាគ្គីសនីដនសាហុងស្ថិតនៅប្រទេសឡាវនេះ ក៏នៅមិនទាន់ដំណើរការសាងសង់នៅឡើយដែរ ដោយរង់ចាំដល់ខែធ្នូ ឆ្នាំ២០១៤។
លោក យុក សេងឡុង ប្រធានគ្រប់គ្រងកម្មវិធី របស់អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល បានលើកឡើងថា គោលជំហររបស់ប្រទេសកម្ពុជា វៀតណាម និងថៃ ជាការសម្រេចិត្តត្រឹមត្រូវ តែប្រទេសទាំងនោះមិនបានបង្ហាញបំណងឲ្យបញ្ឈប់ការសាងសង់ទាំងស្រុង។ លោកយុក សេងឡុង បញ្ជាក់ថា៖ «សម្រាប់យើងជាសង្គមស៊ីវិល គឺចង់ឲ្យបញ្ឈប់តែម្តង។ យ៉ាងណា យើងមិនអាចធ្វើអ្វីបាន ក្រៅពីការទទូចសុំ តែប្រទេសឡាវ គម្បីពិគ្រោះយោបល់ជាមួយគ្នា៕»
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៤ មេសា ២០១៤