មកបង្ក្រាបដោយរុញច្រានបាន តែកុំបន្លំ«ឈូសនិងជាន់ជើង»បាតុករ!
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 05, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«លោកជាសមត្ថកិច្ច ត្រូវធ្វើការដោយសុចរិត។ បើមេលោកបញ្ជាថា គ្រាន់តែរុញច្រាន នោះលោកមានសិទ្ធិត្រឹមតែរុញច្រានទេ។» អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា បានស្នើដល់ថ្នាក់លើនៃកងកម្លាំងរបស់អាជ្ញាធរ ឲ្យមានវិធានការលើមន្រ្តីដែលអនុវត្តល្មើសនឹងបទបញ្ជា ដែលជាភាពអុជអាលមួយឲ្យមានអំពើហិង្សាកើតឡើង។
អ្នកស្រីយ៉ោម បុប្ផា អង្គុយនៅជាប់នឹងជើងរបស់កងកម្លាំងបង្ក្រាបកុបកម្ម។ (រូបថត MONOROOM.info/ O. Vary)
សិទ្ធិអំណាច - អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា បានបញ្ជាក់ថា មានសមត្ថកិច្ចមួយចំនួនរុញច្រាន ដោយសុចរិត តែក្នុងនោះក៏មានមួយចំនួនតូចបានបន្លំ ដោយយកជើងឈូស ធាក់ និងជាន់ទៅលើក្រុមបាតុករ។ លោកបានបង្ហាញពីអត្តសញ្ញាណខ្លះ ក្នុងការឈានទៅរកមុខ កូនទាហានដែលបានប្រើហិង្សានោះ ថាជាលោកអនុសេនីយ៍ម្នាក់ លោកសុំមិនបញ្ចេញឈ្មោះ មានអត្តលេខ៦៣៤៨០ ជាអ្នកយកជើងធាក់ និងជាន់ជើងក្រុមបាតុករ។ លោកណៃ វ៉ង់ដា បានចោទសួរថាតើត្រូវទុកមន្រ្តីរូបនោះ ឲ្យនៅក្នុងក្រុមនេះទៀតឬយ៉ាងណា?
ក្នុងហេតុការណ៍ កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៤នេះ នៅមុខសាលាដំបូងរាជធានីភ្នំពេញ មានការជួបជុំរបស់ប្រជាពលរដ្ឋរងគ្រោះព្រោះបាត់បង់ដីធ្លី និងសមាជិកនៃគ្រួសារជនជាប់ឃុំឃាំង ក៏ត្រូវបានកម្លាំងចម្រុះគ្រប់គ្រងដោយរដ្ឋាភិបាលកម្ពុជា មករុញនិងកៀរពួកគាត់ចេញពីមុខសាលាដំបូងរាជធានីភ្នំពេញ មកផ្នែកខាងលិចនៃផ្លូវថ្នល់។
កម្លាំងចម្រុះប្រហែលជិតមួយរយនាក់ ក្នុងពេលកំពុងអនុវត្តតាមបញ្ជា ដែលចេញពីក្នុងវិទ្យុទាក់ទងមួយ ដែលទំនងជាអ្នកជាមេបញ្ជាការជាន់ខ្ពស់ក្នុងការដឹកនាំនេះ បានលើកឡើងថា «ដេញចេញឲ្យអស់ពីមុខតុលាការ ទាំងអ្នកការសែត ទាំងមន្រ្តីអង្គការ»។ ក្រោយទទួលបានបញ្ជា កងកម្លាំងទាំងនោះ ភាគច្រើនបានធ្វើការរុញច្រានជាធម្មតា ជាមួយនិងខែលរបស់ខ្លួន និងមិនបានបង្កឲ្យមានអ្នកណាម្នាក់របួសធំដំទេ។ ឯអ្នកខ្លះទៀត ក៏បានញឹង ឬអូសអ្នកណាដែលគាត់អង្គុយ និងមិនអាចរុញច្រានបាន។
តាមសម្លេងបញ្ជារចេញពីវិទ្យទាក់ទង ឃើញថាមិនមានការបង្គាប់បញ្ជា ឲ្យមានការប្រើប្រាស់នូវហឹង្សា តាមរយៈការវាយតបនោះទេ ទោះជាក្រុមបាតុករជាបុរសក៏ដោយ។ ទោះយ៉ាងនេះក្តី ក៏មានកូនទាហ៊ានមួយចំនួន ដែលក្រុមប្រជាពលរដ្ឋទាំងនោះ ចាត់ទុកថាជាប់ខ្សែស្រឡាយវៀតណាមបង្កប់ បានយកស្បែកជើងទាហានរបស់ខ្លួន«ឈូស» និងជាន់ជើងរបស់បាតុករចូលរួមទាំងនោះ ឲ្យមានរបួសស្នាមមួយចំនួនតូចដែរ។
អ្នកស្រី ឆាយ គឹម ហ៊ន បានចង្អុលបង្ហាញមុខទាហានម្នាក់ក្នុងទឹកមុខមាំ មាឌធំ សម្បុរស មិនចេញស្តី មិនញញឹម ដែលបានលបលួច«ជាន់»ជើងស្ត្រីម្នាក់ផ្សេងទៀត ស្ទើរបែកម្រាមជើង ជាមួយនិងការរុញច្រានទៅក្រោយ។ អ្នកស្រីបន្តថា តែគ្មានការប្រើប្រាស់បន្ធែមនូវដំបងសម្រាប់វាយនោះឡើយ។
ស្របពេលដែលកៀរពួកប្រជាពលរដ្ឋទាំងអស់ មកដល់ចិញ្ចើមផ្លូវម្ខាងទៀតរួចរាល់ហើយ មានកូនទាហានម្នាក់បានខ្សឹបប្រាប់ប្រជាពលរដ្ឋដែលគាត់បានកៀរ ហើយទស្សវដ្តីមនោរម្យ.អាំងហ្វូ បានលឺលោកលើកឡើងថា «ពួកខ្ញុំមានចិត្តអាណិត និងអាសូរអ្នកទាំងអស់គ្នា។ ខ្ញុំមិនចង់ធ្វើទេ តែជាកូនចៅ ត្រូវស្ថិតក្រោមបញ្ជា ត្រូវតែធ្វើតាមបញ្ជាមេ។ តែខ្ញុំមិនដែលបានវាយ ឬរុញអ្នកណាម្នាក់ឲ្យមានរបួសទេ។ ទោះបីមេបញ្ជាឲ្យវាយ ក៏មិនដែលវាយដែរ ព្រោះមានសាច់ឈាមដូចគ្នា។ តែអ្នកផ្សេងទៀតមួយចំនួនតូច ក៏ឆេវឆាយដែរ។»
លោក ឡុង សាវុធ អធិការរងនគរបាលខណ្ឌ៧មករា ដែលមានវត្តមាននៅកន្លែងកើតហេតុនោះ មិនបានឆ្លើយតបទៅនឹងសំនួរ ដែលបានចោទសួរទៅលោកពាក់ព័ន្ធនឹងការញុះញង់ ឲ្យមានអំពើហឹង្សាពីក្រុមសមត្ថកិច្ចដែលជាកូនទាហានរបស់លោកទេ។ ទោះយ៉ាងនេះក្តី ក្រុមបាតុករមួយចំនួន ក៏ទទួលយល់ស្រប នូវការប្រើប្រាស់នូវកងកម្លាំងនេះ ដែលមិនមែនជាក្រុមបាតដៃទីបី ឬក្រុម«ខ្លួនខៀវ និងពាក់មួកខ្លុបខ្មៅ»។
សាធារណៈមតិមួយចំនួន រិះគន់ម្តងហើយម្តងទៀតទៅលើ ការប្រើប្រាស់នូវកម្លាំងសន្តិសុខរបស់«ជាតិ» ទៅវាយបង្ក្រាបលើប្រជាពលរដ្ឋ ទាមទានូវសិទ្ធិសេរីភាព និងការរស់នៅសមរម្យរបស់ខ្លួន។ មិតិទាំងនេះបានចាត់ទុកថា នេះជាជម្ងឺមហារីក ឬការញៀនថ្នាំដោយមិនដឹងខ្លួនរបស់ថ្នាក់ដឹកនាំ ដែលពិបាកនឹងរកថ្នាំមកព្យាបាល។ ពូកគេបានចាត់ទុកការប្រើប្រាស់កម្លាំងជាតិ បង្ក្រាលើប្រជាពលរដ្ឋខ្លួនថា នឹងអាចក្លាយជា«ទម្លាប់» ឬ«ប្រពៃណី»។ «ទម្លាប់» ឬ«ប្រពៃណី»នេះប្រហែលជានឹងមិនអាចខ្វះបានរបស់រដ្ឋាភិបាល នៅពេលដែលមានពិធី ជួបជុំរបស់ប្រជាពលរដ្ឋម្តងៗក្នុងការសម្តែងនូវឆន្ទៈ និងសិទ្ធិសេរីភាពរបស់ខ្លួននោះ៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី០៤ មេសា ២០១៤