រឿង​អាស្រូវ​នៅ​សហជីព ស៊ីខាវដូ៖ អាត់ ធន់ បដិសេធ​ការ​ចោទ​ប្រកាន់

ប្រធានសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ បានចេញមកថ្លែងបដិសេធ និងបាន​លាងសំអាតខ្លួនលោក ថាមិនបានប្រព្រឹត្តិដូចការចោទប្រកាន់ របស់អតីតសមាជិកស្ថាបនិក​របស់​សហជីព​លោក​នោះទេ។ ការថ្លែងបដិសេធនេះ បានធ្វើជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បន្ទាប់ពីការទម្លាយរបស់​អតីតសមាជិក​ស្ថាបនិកចំនួនពីររូប បាននិយាយបរិហា ទម្លាយពីអំពើពុករលួយមួយនៅក្នុងស្ថាប័ននេះ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: February 21, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ បានចេញមកថ្លែងបដិសេធ និងបាន​លាងសំអាតខ្លួនលោក ថាមិនបានប្រព្រឹត្តិដូចការចោទប្រកាន់ របស់អតីតសមាជិកស្ថាបនិក​របស់​សហជីព​លោក​នោះទេ។ ការថ្លែងបដិសេធនេះ បានធ្វើជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បន្ទាប់ពីការទម្លាយរបស់​អតីតសមាជិក​ស្ថាបនិកចំនួនពីររូប បាននិយាយបរិហា ទម្លាយពីអំពើពុករលួយមួយនៅក្នុងស្ថាប័ននេះ។


លោកអាត់ ធន់ ប្រធានសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ឈរលើរថយន្ដថ្លែងទៅកាន់​ក្រុម​កម្មករ​ដែលធ្វើកូដកម្ម ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

ផ្ទុះរឿងអាស្រូវ - «ពួកយើងស្អាតស្អំណាស់ ពួកយើង​ដាច់ខាតហើយ មិនប្រព្រឹត្តិអំពើពុករលួយនោះទេ។» នេះជា​ការថ្លែងបញ្ជាក់ការពារខ្លួន របស់លោកអាត់ ធន់ ប្រធានសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (C.Cawdu) ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤នេះ។

ការថ្លែងរបស់លោក ជាប្រតិកម្មតបទៅនឹងការទម្លាយរឿងអាស្រូវពុករលួយ របស់អតីតសមាជិកស្ថាបនិករបស់​សហជីពចំនួនពីរនាក់ គឺលោក អ៊ំ វិសាល និងអ្នកស្រី រឿន ចាន់ថន។ នៅតាមទំព័រហ្វេសប៊ុក របស់អតីតមន្រ្តី​ទាំង​ពីររូប របស់សម្ព័នសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ដែលទើបនឹងត្រូវបានបណ្ដេញចេញពីតួនាទីនេះ បានទម្លាយឲ្យដឹងនូវរឿងអាស្រូវមួយចំនួន ជុំវិញការកេងប្រវ័ញ្ចលើកម្មករ របស់ក្រុមមេដឹកនាំសហជីពដ៏ល្បីឈ្មោះ។

អ្នកស្រីរឿន ចាន់ថន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់អ្នកស្រីថា៖ «ហេតុអីក៍ស៊ីខាវឌូ ធ្វើអញ្ចឹង? ម៉េច​ក៍ក្បត់​កូនចៅឯងអញ្ចឹង? ក្រែងអួតអាងថា ខ្លួនជាអ្នកប្រជាធិបតេយ្យ អ្នកកាពារផលប្រយោជន៍អោយកម្មក ហេតុអីក៍កេង​លុយកម្មករ ដូចថៅកែរោងចក្រដែរ ?»

លោក អ៊ុំ វិសាល មន្ត្រីម្នាក់ពីក្នុងចំណោមមន្ត្រីទាំងពីរនាក់នេះ បានថ្លែងឲ្យដឹងពីមូលហេតុធំពីរ ដែលឈានទៅដល់​ការបណ្ដេញរូបលោកចេញពីសហជីព។ មូលហេតុទីមួយ ដោយ​សារតែលោកបាន​ជីកកកាយ​ ករណីលុយ​របស់​រោងចក្រអ៊ីហ្គាមិន ដែលក្រុមហ៊ុនបានបង្វិលលុយនោះសង​មក​កម្មករ​វិញ ក្នុងពេលដែលក្រុមហ៊ុនបានបញ្ឈប់កម្មករ តាំងពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ និងពី២០០៩ ដល់២០១៣។ បើតាម​ការអះអាងរបស់អតីតមន្ត្រីសហជីពរូបនេះ បានឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងថា លុយកម្មករម្នាក់ត្រូវ​ទទួល​បាន​ជិតប្រាំពាន់ដុល្លា ប៉ុន្តែមិនបានសងគ្រប់​ចំនូនទេ អ្នកខ្លះបានត្រឹម១ពាន់២រយដុល្លា និងអ្នកខ្លះបាន១ពាន់៧រយដុល្លា​ប៉ុណ្ណោះ។

លោក វិសាល បានថ្លែងទៀតថា «នៅពេលដែលបានខ្ញុំបានស៊ើបអង្កេតទៅ ឃើញថាថ្នាក់ដឹកនាំ ស៊ីខាវដូ បាន​កិប​កេង​លុយសំណងរបស់កម្មករយ៉ាងច្រើន»។

សម្រាប់មូលហេតុមួយទៀត មន្រ្តីសហជីពរូបនេះបានរៀបរាប់ថា «ក្រោយពេលកើតរឿងហេតុបែបនេះ ក្នុងនាម​ខ្ញុំ​ជាស្ថាបនិក និងជាគណកម្មការ គឺខ្ញុំប្រាប់ថា ខ្ញុំអស់ទំនុកចិត្តទៅលើការដឹកនាំបែបហ្នឹងហើយ ខ្ញុំទាមទារឲ្យ​មាន​ការ​កែទម្រង់ឆ្លុះបញ្ចាំងអំពីតម្លាភាពទាក់ទងនឹងរឿងប្រព័ន្ធហិរញ្ញវត្ថុ និងជំនួយផ្សេងៗ»។

ប៉ុន្តែជុំវិញការបណ្ដេញមន្ត្រីទាំងពីរនាក់ខាងលើ ត្រូវបានលោក អាត់ ធន់ បកស្រាយថា ដោយសារតែអតីតមន្ត្រី​រួម​សហជីពរបស់លោកមិនព្រមចុះ​ហត្ថលេខា លើកិច្ចសន្យាបន្តការងារ ដើរបរិហារកេរ្តិ៍ និងជេប្រមាថថ្នាក់ដឹកនាំ​របស់​ស៊ីខាវឌូ ហើយគាត់ចង់ចេញ​ដោយខ្លួនឯង ទៅបង្កើតសហព័ន្ធមួយទៀត។

បញ្ហាកិច្ចសន្យាការងារ ដែលលោក អ៊ុំ វិសាល ឆ្លើយប្រតិកម្មថា លោកមិនមែនជាបុគ្គលិក ដែលជ្រើសតាំងឡើង​តាម​ការផ្ញើប្រវត្តិរូបសុំធ្វើការងារនោះទេ។ «ខ្ញុំគឺជាស្ថាបនិកដែលបង្កើតសហជីពនេះ ហើយក៏ទទួលបានការតែងតាំង​តាម​រយៈការបោះឆ្នោត ពីថ្នាក់ដឹកសហជីពមូលដ្ឋាន។ (...) រីឯថ្នាក់ដឹកនាំ ស៊ីខាវឌូ មានសិទ្ធិត្រឹមតែដាក់វិន័យ ឬក៏ណែនាំ​តែ​ប៉ុណ្ណោះ។» លោកបានហៅការបណ្ដេញចេញរូបលោក ថាជាការរំលោភទៅនឹងច្បាប់របស់ស៊ីខាវឌូ ហើយជា​ចេតនា ក្នុងការ«ក្តោបអំណាចផ្តាច់ការ»ចង់រក្សានូវអំណាចខ្លួនឯង។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមិនទាន់មានការបញ្ជាក់អះអាង ពីប្រភពឯករាជ្យណាមួយនៅឡើយ ជុំវិញជម្លោះ​បក​អាក្រាតគ្នានេះ។ ជម្លោះនៅក្នុងស្ថាប័នមួយ ដែលធ្លាប់បានដឹកនាំការជជែកតវ៉ាយ៉ាងផុលផុស ពីបញ្ហាតម្លើងប្រាក់​ឈ្នួលឲ្យកម្មករ និងធ្លាប់ឈរនៅជួរមុខ ក្នុងការដឹកនាំធ្វើបាតុកម្ម-កូដកម្មទាមទារឲ្យរដ្ឋាភិបាល និងថៅកែគិតគូរអំពី​ជីវភាពដ៏លំបាកលំបិតរបស់កម្មករ។ ជុំវិញក្ដីបារម្ភពីការបែកបាក់នេះ លោក អាត់ ធន់ បានធានាអះអាង​ថា​ «តាមពិត​យើងអត់មានបន្លំអីនោះ គាត់ខ្លួនឯងទេនៅពេលដែលគេបញ្ឈប់ពីការងារ គាត់មិនដឹងរកនឹកអី គាត់ក៏ដើរបង្ខូចកេរ្តិ៍​គេ​ទៅ។ ចំពោះបញ្ហាហ្នឹង កុំបារម្ភពីពួកខ្ញុំអី។»

ប្រធាន ស៊ីខាវឌូ រូបនេះ បានបញ្ជាក់ទៀតថា «ពួកខ្ញុំកំពុងតែរកភស្តុតាង​ ពីទង្វើ​បរិហារកេរ្តិ៍​របស់ពួកគាត់ នៅពេល​មានភស្តុតាងពូកខ្ញុំនឹងប្តឹងគាត់»។

ប៉ុន្តែសម្រាប់ លោកអ៊ុំ វិសាល និងអ្នកស្រី រឿន ចាន់ថន ក៏ទំនងជាមិនបាននៅស្ងៀមដែរ។ អ្នកស្រី រឿន ចាន់ថន បាន​និយាយថា «ខ្ញុំបានរៀបចំពាក្យបណ្ដឹងរួចរាល់ហើយ ក្នុងទាមទាររកយុត្តិធម៌សំរាប់ខ្លួនខ្ញុំ។»

ក្ដីបារម្ភមួយទៀត ដែលមជ្ឈដ្ឋានទូទៅ បានលើកមកនិយាយដែរនោះ គឺជាយុទ្ធសាស្ត្រ«ពិសបង្ក្រាបពិស» ឬ«យក​បន្លា​ជុសបន្លា» របស់ក្រុមអ្នកមានអំណាចណាមួយ ខណៈពេលដែលសម្ព័នសហជីពប្រជាធិបតេយ្យកម្មករ​កាត់ដេរ​កម្ពុជាមួយនេះ តែងតែឈរនៅខ្សែត្រៀមជួរមុខគេ ជាមួយនឹងសហជីពកម្មករផ្សេងទៀត ដើម្បីប្រឈមមុខប្រឆាំង​នឹងការរំលោភសិទ្ធកម្មករ ជាពិសេសទៅនឹងការបង្ក្រាបថ្មីៗយ៉ាងរង្គាល របស់កងកម្លាំងគ្រប់គ្រងដោយរដ្ឋាភិបាល ទៅលើការ​តវ៉ារបស់កម្មករ។ ទស្សនាវដ្ដីនឹងត្រឡប់មកវិញ ជាមួយនឹងអត្ថបទរបស់ខ្លួន នៅពេលដែលទទួលបាន​ព័ត៌មាន​បន្ថែម៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...