សិទ្ធិកម្មករធ្វើការតាមផ្ទះ ក៏ជា«សិទ្ធិកម្មករ»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: May 02, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ក្រុមកម្មករប្រមាណ ជាង១ម៉ឺននាក់ ដែលដឹកនាំដោយសហជីបកម្មករជាង ១០០ស្ថាប័ន បានដង្ហែរជាក្បួន ក្នុងគោលបំណងដាក់ញត្តិជូនរដ្ឋសភា ទាក់ទងនឹងលក្ខខណ្ឌការងារនៅកម្ពុជា។ ក្នុងនោះ ការទាមឲ្យមាន ភាពសមរម្យសម្រាប់កម្មករធ្វើការនៅតាមផ្ទះ ជាចំណុចថ្មីមួយ ដែលពួកគាត់ចង់ឲ្យមាន។ ក្រៅពីនេះផងដែរ ពួកគាត់ចង់ទាមទាឲ្យមាន ការតម្លើងប្រាក់ខែជូនកម្មករ មន្រ្តីរាជការ ទាមទាឲ្យបញ្ចុះតម្លៃប្រេងសាំង កែលម្អលក្ខខណ្ឌការងារ បើកសេរីភាពសម្រាប់កម្មករជាដើម។
កម្មការិនី ដែលដង្ហែជាក្បួន នៅថ្ងៃទី០១ខែឧសភាឆ្នាំ២០១៣។ (រូបថត O. Vary/ MONOROOM.info)
កាលពីថ្ងៃទី១ ឧសភា ២០១៣ កន្លងមកនេះ នៅលានប្រជាធិបតេយ្យ ពួកគាត់បានទាមចំនួន៨ចំណុច ដែលមានដូចជា៖ ឲ្យរដ្ឋាភិបាលផ្តល់សច្ចាប័នលើអនុសញ្ញាពលកម្មអន្តរជាតិលេខ១៨៩ ស្តីពីការងារសមរម្យសម្រាប់កម្មករធ្វើការតាមផ្ទះ។ ការបញ្ឈប់ការធ្វើកិច្ចសន្យារយៈពេលខ្លី។ ធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដោយដាក់បញ្ចូលកម្មករ ធ្វើការតាមផ្ទះឲ្យស្ថិត នៅក្រោមកិច្ចការពារ នៃច្បាប់នេះ។ កំណត់ប្រាក់ឈ្នួលគោលសមរម្យ សម្រាប់កម្មករធ្វើការតាមផ្ទះនៅកម្ពុជា។ សូមដាក់បញ្ចូលកម្មករធ្វើការតាមផ្ទះស្ថិត នៅក្រោមប្រព័ន្ធនៃកិច្ចគាំពារសង្គម និងចំណុចផ្សេងៗទៀត។
ប្រធានសមាគម ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រពន្ធ័(IDEA) បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា៖ មានប្រទេសជាច្រើនដែលបានអនុវត្តអនុសញ្ញាលេខ១៨៩ ដោយឡែកកម្ពុជាពុំទាន់អនុវត្តនៅឡើយទេ។ ហើយអង្គការចង់ឲ្យរដ្ឋាភិបាល ផ្តល់សច្ចាប័នលើអនុសញ្ញានេះ។ បច្ចុប្បន្នមានតែ ប្រទេសចំនួន៨ដែលបានផ្តល់សច្ចាប័នរួចហើយ ដូចជាប្រទេស អ៊ូរ៉ាហ្គាយ (Uraguay) ហ្វីលីពីន(Philipine) មូរីទឺស (Mauritius) អ៊ីតាលី(Italy) បូលវី(Bolvie) នីហ្គារ៉ាគ័រ(Nicaragore) ប៉ារាហ្គាយ(Paraguay) និង កូឡាំប៊ី(Colombi) ។ អនុសញ្ញានេះ បានចែងពិសេសដល់សិទ្ធិកម្មករធ្វើការតាមផ្ទះ ដូច ជាការឈប់សម្រាកថ្ងៃអាទិត្យ ធ្វើការមួយថ្ងៃប្រាំបីម៉ោង ឈប់លំហែរមាតុភាព មានប្រាក់ខែ គោលសមរម្យជាដើម។
ដូចគ្នានេះ កញ្ញា វុន សម្ផស្ស ប្រធានបណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា(CDWN) បានប្រាប់ មនោរម្យព័ងអាំងហ្វូថា៖ « ពុំទាន់ មានច្បាប់សម្រាប់ការពារ កម្មករធ្វើការតាមផ្ទះនៅឡើយទេ ចំពោះច្បាប់ការងារ សម្រាប់គ្រប់គ្រងកម្មករលើវិស័យ ផ្សេងប៉ុណ្ណោះ។ » កញ្ញាបន្តថា ការទាមទានេះ មិនមែនជាលើកទីមួយទេ តែខាងរដ្ឋាភិបាល រង់ចាំតែខាងអង្គការអាឡូ(ILO) អនុម័ត នោះរដ្ឋាភិបាលនឹងផ្តល់ច្ចាប័នឲ្យហើយ។
ប្រធានបបណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជាបន្តថា មន្ត្រីនៃអង្គការអាយឡួធ្លាប់ប្រាប់ថា មូលហេតុដែល មិនទាន់អនុម័តលើអនុសញ្ញាលេខ១៨៩ សម្រាប់កម្ពុជា ដោយសារតែចំនួនអ្នកទាមទាតិច(កម្មករធ្វើការតាមផ្ទះ)។ មន្ត្រីនោះថា «បើកម្មករធ្វើការតាមផ្ទះមានលក្ខ័ណច្រើនដូចនេះ គេធ្វើខ្លួនឯងក៏បាន(ម្ចាស់ផ្ទះ) មិនចាំបាច់ជួលកម្មករទេ»។ កញ្ញាបានបញ្ជាក់ថា តាមបទពិសោធន៍អង្គការអាយឡូ បានអនុម័តលើអនុសញ្ញាលេខខាងលើនេះ រួចទៅហើយ សម្រាប់ទីក្រុងហុងកុង ដែលមានកម្មករធ្វើការតាមផ្ទះ ប្រមាណ៥ពាន់នាក់ ជាសមាជិក។ របាយការណ៍ របស់ ILO ឆ្នាំ២០០៨ បង្ហាញថាមានកម្មករធ្វើការតាមផ្ទះជាង ៥ម៉ឺននាក់។ តែសមាជិករបស់បណ្តាញកម្មករធ្វើការតាមផ្ទះ ដែលបានបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ២០១២ មានមិនដល់ ២០០នាក់ផង។ បច្ចុប្បន្ននេះ កញ្ញាអះអាងថា អង្គការ(ILO) កំពុងតែជម្រុញឲ្យ មានការ អនុម័ត លើអនុសញ្ញាលេខ១៨៩ នេះឲ្យបានឆាប់។
មនោរម្យព័ងអាំងហ្វូ មិនអាចសុំការបង្ហាញពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានទេក្នុងថ្ងៃនេះ។ តែលោកធ្លាប់បានលើកឡើងបន្ទាប់ពីជំនួប រវាងលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួង ការបរទេសកម្ពុជា និងលោក ដាតុ ប៉េងយីរ៉ាន់ ហាជីម៉ូដ ហូសសេន ប៊ីន (Datuk Pengiran Haji Modh Hussein bin) ឯកអគ្គរាជរដ្ឋទូត ម៉ាឡេស៊ី ដែលចប់អាណត្តិ កាលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ ថ្មីៗនេះថា ប្រទេសទាំងពីរ (កម្ពុជា-ម៉ាឡេស៊ី) នឹងជំរុញ ឲ្យមានការចុះអនុស្សារណៈយោគយល់គ្នាមួយ ក្នុងពេលឆាប់ៗស្តីពី ការការពារសិទ្ធិពលករ ដើម្បីជៀសវាងការ ជួញដូរមនុស្ស និងការជួញដូរកម្លាំងពលកម្ម។ លោកបានបញ្ជាក់ថា៖ «ពលករកម្ពុជា ដែលទៅធ្វើការនៅក្នុងរោងចក្រ យើងមិនផ្អាកទេ ប៉ុន្តែផ្អាកតែពលករ ទៅធ្វើការតាមផ្ទះទេ។ លុះត្រាតែមានការចុះអនុស្សារណៈយោគយល់គ្នា ស្តីពីការការពារសិទ្ធិពលករ ជាធរមាននោះការបញ្ជូននឹងចាប់ផ្តើមវិញ។»
អនុសញ្ញាលេខ១៨៩នេះ មាន២៧មាត្រា នឹងបានចែងពីគោលសំខាន់ៗ ក្នុងន័យលើកកម្ពស់សិទ្ធិជាមូលដ្ឋាននៃកម្មករធ្វើការតាមផ្ទះ នៅនឹងកន្លែងការងាររបស់ពួកគេ។ ក្នុងនោះរួមមានកម្មកធ្វើការតាមផ្ទះត្រូវបានគេទទួលស្គាល់ថា ជាកម្មករដែលមាន «ប្រាក់ឈ្នួលគោល ការងារមានពេលវេលាត្រឹមត្រូវ ពុំត្រូវគេបង្ខិតបង្ខំអោយធ្វើការ គ្មានពលកម្មកុមារ និងមានសិទ្ធិបង្កើតសហជីព ដើម្បីការពារផលប្រយោជន៍របស់ពួកគេ»។
សូមរម្លឹកថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១២ ចំនួនពលករដែលធ្វើការនៅរោងចក្រប្រទេសម៉ាឡេស៊ី មានជាង ១ម៉ឺននាក់ រយៈពេល១២ឆ្នាំ និងចំនួនប្រជាពលករ និងពលការនី ដែលបម្រើការងារនៅតាមផ្ទះមានជាង៣ម៉ឺននាក់ ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១១។ ហើយពលករ ប្រមាណ ១២ ម៉ឺននាក់ ក៏ត្រូវ បានបញ្ជូនទៅប្រទេសចំនួនបួនផ្សេងទៀតរួមមាន ប្រទេសថៃ ម៉ាឡេស៊ី កូរ៉េ និងជប៉ុន ផងដែរ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០២ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ