៥​នាក់​ស្លាប់ ជាង​២០​នាក់​របួស ក្នុង​ការ​បង្ក្រាប​ពួក​«អនាធិបតេយ្យ»?

មានមនុស្សយ៉ាងហោច ៥នាក់ស្លាប់ និងជាង២០នាក់រងរបួស ព្រមទាំង១១នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។ នេះ​ជាតុល្យភាពបណ្ដោះអាសន្ន នៃការបង្ក្រាបទៅលើក្រុមកម្មករ ដែលធ្វើបាតុកម្មអហិង្សានៅលើផ្លូវវ៉េងស្រេង។ កង​កម្លាំងអាជ្ញាធរបានបើកប្រតិបត្តិការ​យ៉ាងចាស់ដៃ​មួយ ដោយការប្រើប្រាស់​អាវុធ និងគ្រាប់​កាំភ្លើង​​ពិតៗ​ ទៅលើ​បាតុករដៃទទេរ នៅថ្ងៃសុក្រទី០៣ ខែមករានេះ ដើម្បីជាការស្វាគមន៍ឆ្នាំថ្មីឆ្នាំ២០១៤។ ប្រតិបត្តិការបានបញ្ចប់ទៅ​ហើយ នៅវេលាម៉ោង​ប្រមាណ​ជាបីរសៀល តែភាពធ្ងន់ធ្ងរនៃតុល្យភាពនេះ នៅតែបន្តកើនឡើងនៅ​ឡើយ។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: January 03, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មានមនុស្សយ៉ាងហោច ៥នាក់ស្លាប់ និងជាង២០នាក់រងរបួស ព្រមទាំង១១នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។ នេះ​ជាតុល្យភាពបណ្ដោះអាសន្ន នៃការបង្ក្រាបទៅលើក្រុមកម្មករ ដែលធ្វើបាតុកម្មអហិង្សានៅលើផ្លូវវ៉េងស្រេង។ កង​កម្លាំងអាជ្ញាធរបានបើកប្រតិបត្តិការ​យ៉ាងចាស់ដៃ​មួយ ដោយការប្រើប្រាស់​អាវុធ និងគ្រាប់​កាំភ្លើង​​ពិតៗ​ ទៅលើ​បាតុករដៃទទេរ នៅថ្ងៃសុក្រទី០៣ ខែមករានេះ ដើម្បីជាការស្វាគមន៍ឆ្នាំថ្មីឆ្នាំ២០១៤។ ប្រតិបត្តិការបានបញ្ចប់ទៅ​ហើយ នៅវេលាម៉ោង​ប្រមាណ​ជាបីរសៀល តែភាពធ្ងន់ធ្ងរនៃតុល្យភាពនេះ នៅតែបន្តកើនឡើងនៅ​ឡើយ។


អ្នករងរបួសត្រូវបានគ្នីគ្នារបស់ពួកគេសែងចេញទៅ។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិការងារ - ប្រភពផ្សេងៗ របស់ប្រព័ន្ឋផ្សព្វផ្សាយពត៌មាននានា មិនបានបង្ហាញពីទិន្នន័យ ឬពីតុល្យភាព នៃ​ចំនួនអ្នកស្លាប់ពិត​ប្រាកដ​ដែលកើតចេញពីការបង្ក្រាបនេះនៅឡើយ។ ដោយហេតុថារហូតមកដល់ពេលនេះ ចំនួន​នៃអ្នកស្លាប់​ចេះតែមានភាពកើនឡើងជាលំដាប់។ តាមរបាយការណ៍មួយ របស់វិទ្យុសម្លេងប្រជាធិបតេយ្យ បានឲ្យ​ដឹងថា «កម្មករ​៤​នាក់​​ស្លាប់ ៣០​នាក់​រងរបួស​ធ្ងន់​​ស្រាល និង​១១​នាក់​ទៀត ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ»។

សាកសួរសុំសម្ភាសដោយ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ លោក ខេង ពីតូ អ្នកនាំពាក្យកងរាជអាវុធ​ហត្ថលើផ្ទៃ​ប្រទេស បាននិយាយថា ខាងរាជអាវុធហត្ថ មិនមានទិន្នន័យនៃអ្នករងរបួស ឬអ្នកស្លាប់ទេ ប៉ុន្តែចំពោះជនចាប់ខ្លួន​វិញ លោកបាន​បញ្ជាក់ថាមានគ្នា១១នាក់។

ដោយឡែក ប្រធានក្រុមស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សអាដហុក លោក ចាន់ សូវ៉េត បានប្រាប់​ទស្សនាវដ្តីថា បើតាមពត៌មានដែលលោកទទួលបាន ពីអាជ្ញាធរមានសមត្តកិច្ចនោះ យ៉ាងហោចណាស់មានមនុស្ស​ស្លាប់បានកើន​ដល់​៥នាក់ អ្នកចាប់ខ្លួនប្រហែលជា១៥នាក់ និងអ្នករងរបួសច្រើនជាងម្ភៃនាក់។

អ្នកនាំពាក្យកងរាជអាវុធហត្ថ លោក ខេង ទីតូ បានហៅប្រតិបត្តិការនេះថា ជាការបង្ក្រាប«ពួក​អនាធិបតេយ្យ​ខុស​ច្បាប់ មិនមែនបង្ក្រាបក្រុមកម្មករ»​ឡើយ។ លោក ខេង ទីតូ បានបន្ថែមទៀតថា នាពេលនេះ ខាងកងកម្លាំង​សមត្ថកិច្ច កំពុងតែរៀបចំដើម្បីបញ្ជូន​ក្រុម​ជន​ដែលចាប់ខ្លួនបានទាំងនោះ ទៅតុលាការនៅពេល​បញ្ចប់សំណុំ​រឿង​ហើយ តែនៅមិនទាន់ដឹងថា នៅពេលណានឹងងបញ្ចូនពួកគេទាំងនោះ នៅឡើយ។

ប៉ុន្តែមន្ត្រីសិទ្ធិមនុស្ស លោក ចាន់ សូវេត បានចាត់ទុកថា ការបង្ក្រាបពីកងរាជអាវុធហត្ថនេះ ជាការរំលោភសិទ្ធិ​មនុស្សដ៏ធ្ងន់ធ្ងរ និងគួរតែយក​ជនល្មើស ដែលបានប្រព្រឹត្តិអំពើបាញ់បោះបែបនេះទៅវិញទេ មកកាត់​ទោសតាម​ផ្លូវច្បាប់។

លោក នី ចរិយា មន្ត្រីផ្នែកស៊ើបអង្កេតមួយរូប ពីអង្គការការពារសិទ្ធិ​មនុស្ស ​អាដហុក ធ្លាប់បានផ្ដល់កិច្ចសំភាសន៏ ឲ្យ​ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ ស្តីពីសិទ្ធិសេរីភាពនៃការធ្វើបាតុកម្ម ឈានទៅដល់ការបិទ​ផ្លូវនេះ ដោយលោក​បាន​បញ្ជាក់ថា បើវាមិនបានបង្កផលប៉ះពាល់ ដល់អាយុជីវិតរបស់អ្នកណាម្នាក់នោះ មិនមែនជាការខុសច្បាប់ឡើយ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ បានបញ្ជាក់ពីមូលហេតុថា ដោយសារតែបាតុកម្ម ធ្វើឡើងក្នុងន័យស្វែងរកសិទ្ធិណាមួយ ដែលខាងបុគ្គលសាធារណៈ (រដ្ឋាភិបាល​ ឬលោក ហ៊ុន សែន ជាដើម) ខកខាន មិន​បានបំពេញតួនាទីផ្ដល់​ជូន​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ៕

-----------------------------------------------
ដោយ៖ ក. សេងហុង - ភ្នំពេញ ថ្ងៃ០៣ ខែមករា ឆ្នាំ ២០១៤
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...