មាជ សុវណ្ណារ៉ា៖ ការបង្រ្កាបនៅរោងចក្រយ៉ាកជិន មានពាក់ព័ន្ធអំពើពុករលួយ
អំពើពុករលួយ - ការបង្ក្រាបកម្មកររោងចក្រយ៉ាកជីង ដែលទាមទារប្រាក់ខែ១៦០ដុល្លា ជាការការបង្រ្កាបដ៏ចាស់ដៃមួយ ដែលសង្គមស៊ីវិល សហជីពនិងប្រជាពលរដ្ឋជាទូទៅ បានធ្វើការថ្កោលទោសទៅលើកងកម្លាំងសមត្ថកិច្ច និងកងទ័ពនៃកងពលតូចឆ័ត្រយោង៩១១។ បើតាមការអោយដឹងរបស់លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិថា ការបង្រ្កាបនេះ មានជាប់ពាក់ព័ន្ធ នឹងភាគហ៊ុនរបស់លោក ចាប ភក្តី នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការកងពលតូចទ័ពពិសេស ឆត្រយោង៩១១ និងលោកម៉ក់ ជីតូ ជាស្នងការរាជធានីភ្នំពេញស្តីទី។
ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ធ្លាប់បានធ្វើរបាយការណ៍រួចហើយ កាលពីពេលថ្មីៗនេះ ថាបញ្ហាដែលកម្ពុជាដោះស្រាយមិនចេញនោះ គឺបញ្ហាអំពើពុករលួយ ហើយបើកម្ពុជាចង់តម្លើងប្រាក់ខែកម្មករ ដល់១៦០ដុល្លានោះ វាមិនពិបាកនោះទេ បើកម្ពុជាអាចអាចលុប បំបាត់អំពើពុករលួយនិង ភាគហ៊ុនខ្យល់នៅក្នុងរោងចក្របាន។
សូមអានអត្ថបទនេះឡើងវិញ ដោយចុចនៅលើទីនេះ។
ទាក់ទិនបញ្ហានេះដែរ លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្រ្គោះ ក៏បានអះអាងកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ម្សិលមិញដែរថា «ខ្ញុំឆ្ងល់ដែលថា ហេតុអីសមត្ថកិច្ចអាជ្ញាធរដែនដី បែរជាអោយកងកម្លាំងប្រដាប់អាវុធមកការពាររោងចក្រ? រឿងនេះមានការចោទប្រកាន់ថា លោកចាប ភក្តី និងលោកម៉ក់ ជីតូ មានភាគហ៊ុននៅក្នុងរោងចក្រ ហើយនៅពីក្រោយរឿងនេះ ប្រហែលជាមានជាប់ពាក់ព័ន្ធ នឹងផលប្រយោជន៍ ការឃុបឃិត និងអំពើពុករលួយហ្នឹង។»
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូ ធ្លាប់អោយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹងដែរថា «រោងចក្រនៅកម្ពុជាយើងនេះ មានភាគហ៊ុនខ្យល់ ដែលអ្នកជាម្ចាស់ភាគហ៊ុនខ្យល់នេះ គឺជាមនុស្សដែលឈរឈ្មោះអោយរោងចក្រ និងចាំការពាររោងចក្រ នោះអ្នកនោះនិងទទួលបានភាគហ៊ុនមួយចំណែកដែរ នៅក្នុងរោងចក្រ។ មួយវិញទៀត មានការសូកលុយក្រោយតុ ដែលអ្នកនេះចង់បានលុយប៉ុណ្ណេះ ឬ ប៉ុណ្ណោះ។»
ទស្សនាវដ្ដីបានស្វែងរកប្រតិកម្មពីលោក ចាប ភក្តី នាយរងសេនាធិការចំរុះ និងជាមេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១ និងលោកម៉ក់ ជីតូ ជាស្នងការរាជធានីភ្នំពេញ រហូតមកដល់ល្ងាចថ្ងៃទី០៣ ខែមករានេះ តែនៅមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ៕