អគ្គ​នាយក​ដ្ឋាន​ពន្ធដារ និង​ទូរទស្សន៍​CNC ថ្លែង​សរ​ដាក់​គ្នា​ទៅ​មក

«ទូរទស្សន៍ CNC គ្មានឯកទេសត្រួតពិនិត្យ លើរោគវិកលចរិត (អ្នកផ្តល់ព័ត៌មាន) មុន​ពេល​ចុះ​ផ្សាយ​នោះ​ទេ ហើយជាទម្លាប់ និងសីលធម៌ ទូរទស្សន៍ CNC មិនដែលសួរ​ប្រភព​ព័ត៌មាន​របស់​ខ្លួន​ថា មាន​រោគ​វិកល​ចរិត យ៉ាងណានោះឡើយ។» នេះជាប្រតិកម្មមួយ ក្នុងចំណោមប្រតិកម្មចំនួនបី របស់ស្ថានីយ៍​ទូរទស្សន៍​ស៊ីអិនស៊ី(CNC) តប​ទៅ​អគ្គនាយក​ដ្ឋាន​ពន្ធដារ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២៧ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 29, 2015
  • ប្រធានបទ: ពុករលួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការិយាល័យព័ត៌មាន នៃស្ថានីយ៍ទូរទស្សន៍ស៊ីអិនស៊ី (CNC) បានបង្ហាញការសោកស្តាយ ដោយមិនបាន​ទទួលការឆ្លើយបំភ្លឺតប ពីសំណាក់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រៅតែពីលិខិត ដែល​សរសេររិះគន់ទៅវិញ។ ក្នុងលិខិតចុះថ្ងៃទី២៦ ខែមិថុនា របស់ស្ថានីយ៍ទូរទស្សន៍ស៊ីអិនស៊ី (CNC)នេះ បានបញ្ជាក់ឆ្លើយតប ទៅនឹងការរិះគន់ របស់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ដដែល ដែលបានលើកឡើងថា ទូរទស្សន៍ស៊ីអិនស៊ី ផ្សាយព័ត៌មាន​បំផ្លើស​ខុសពីការពិត ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងត្រឹមត្រូវ។

សូមរំលឹកថាកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ ស្ថានីយ៍ទូរទស្សន៍ស៊ីអិនស៊ី បានចាក់ផ្សាយ និង​បង្ហាញ​នូវ​ការបែកធ្លាយ នៃអំពើពុករលួយជាប្រព័ន្ធ នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួម​ទាំងបានផ្សាយ នូវអង្គការលេខ ដែលមានរូបថតភ្ជាប់ផង។

តបនឹងការចាក់ផ្សាយនោះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើការបដិសេធ​ទាំងស្រុង ដោយហៅព័ត៌មាននេះ ថាមានការភូតភរ កុហក និងនិយាយលើស ពីការពិតជាដើម។ តាម​សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយ ដោយស្ថាប័នប្រមូលចំណូលដ៏ធំ របស់រដ្ឋមួយនេះ បាន​សរសេរថា  អគ្គនាយកដ្ឋានពន្ធដារ បានធ្វើការចោទប្រកាន់ ទៅលើស្ថានីទូរទស្សន៍នេះថា មានចេតនា បង្កាច់ និងបង្ខូចកិត្តិយស ដល់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយយោងត្រឹម​តែ​អង្គការ​លេខ មានរូបថតមួយ (ច្បាប់) ដែលអតីតបុគ្គលិក (មន្ត្រីអគ្គនាយកដ្ឋានពន្ធដារឆ្នាំ២០១៣ ) «វិកលចរិត» ម្នាក់​បានរៀបចំឡើងប៉ុណ្ណោះ។

តបនឹងការលើកឡើងនេះ ការិយាល័យព័ត៌មាន នៃស្ថានីយ៍ទូរទស្សន៍ស៊ីអិនស៊ី បានសរសេរក្នុងចំណុច​ចុង​ក្រោយ លើសេចក្តីបំភ្លឺរបស់ខ្លួន ចុះថ្ងៃទី២៦ ខែមិថុនាថា «នៅចំណុច ដែលអគ្គនាយកពន្ធដារលើកឡើង​ថា បុគ្គលិកដែលផ្តល់ព័ត៌មានមកឲ្យ ទូរទស្សន៍ CNC មានរោគវិកលចរិតនោះ គឺ ទូរទស្សន៍ CNC គ្មាន​ឯកទេស​ត្រួតពិនិត្យ លើរោគវិកលចរិក (បុគ្គលិកដែលផ្តល់ព័ត៌មាន) មុនពេលចុះផ្សាយនោះទេ ហើយជាទម្លាប់​និង​សីលធម៌ ទូរទស្សន៍ CNC មិនដែលសួរប្រភពព័ត៌មានរបស់ខ្លួនថា មានរោគវិកលចរិតយ៉ាងណានោះ​ឡើយ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចស្វែងរក ការបញ្ជាក់បន្ថែម ពីអគ្គនាយកដ្ឋានពន្ធដារ និងអ្នកគ្រប់​គ្រង​ការិយាល័យព័ត៌មាន នៃស្ថានីយ៍ទូរទស្សន៍ស៊ីអិនស៊ី(CNC) បានទេ ក្នុងថ្ងៃសៅរ៍ ទី២៧ ខែមិថុនានេះ។

សូមអានខ្លឹមសារលំអិតទាំងស្រុង នៃការថ្លៃងសរដាក់គ្នា រវាងការិយាល័យព័ត៌មាន នៃស្ថានីយ៍​ទូរទស្សន៍​ស៊ីអិនស៊ី និងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចខាងក្រោម៖


---------------------------------------

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...