ជាង២០០នាក់របួស ពីការផ្ទុះក្នុងមណ្ឌលកំសាន្ដមួយ នៅតៃវ៉ាន់
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 28, 2015
- ប្រធានបទ: គ្រោះអគ្គិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាហេតុការណ៍មួយ ដែលធ្វើឲ្យញាប់ញ័រ ដូចនៅក្នុង ភាពយន្ដភ័យខ្លាចមួយដូច្នេះ។ កាលពីថ្ងៃសៅរ៍ម្សិលម៉ិញនេះ មនុស្សជាង២០០នាក់ បានរងរបួស ពីក្នុងការផ្ទុះមួយ ដែលបានកើតឡើង ក្នុងមណ្ឌលកំសាន្ដមួយកន្លែង នៃក្រុងតៃប៉ិថ្មី កោះតៃវ៉ាន។ ជនរងគ្រោះ ចំនួនជិតពាក់កណ្ដាល បានរងរបួស ដោយការរលាក។ ហេតុការណ៍នេះ ត្រូវបានថតជាប់ នៅក្នុងវីដេអូជាច្រើន ហើយបានត្រូវទូរទស្សន៍ក្នុងស្រុក យកមកចាក់ផ្សាយ ដោយបង្ហាញពីរូបភាព មានភ្លើងឆេះ ខណៈការរត់គេចចេញ របស់ហ្វូងមនុស្ស បានធ្វើឡើង យ៉ាងជ្រួលច្របល់។ មនុស្សមួយចំនួន បានរត់ភៀសខ្លួន ទាំងខ្លួនមានត្រឹម តែខោអាវខ្លីប៉ុណ្ណោះ។
បើតាមរបាយការណ៍របស់អាជ្ញាធរ បានឲ្យដឹងថា ជនរងគ្រោះទាំងអស់ ដែលមានចំនួន២២៩នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួនបី នៅក្នុងក្រុង និងនៅតំបន់ជុំវិញ។ មនុស្សចំនួន៩៧នាក់ បានរងការរលាក។ ខាងអ្នកជួយសង្គ្រោះវិញ បានអះអាងភ្លាមៗ បន្ទាប់ពីកើតហេតុថា មានអ្នករបួសធ្ងន់ ចំនួន៨១នាក់។
មូលហេតុនៃការផ្ទុះ...
អ្នកនាំពាក្យ នៃក្រុមជួយសង្គ្រោះ បានឲ្យដឹងថា ការផ្ទុះទំនងជាកើតឡើង ពីការ«បាចម្សៅ»។ ការឆេះជាអណ្ដាតភ្លើង រហូតមានការផ្ទុះនេះ អាចពន្យល់បាន ដោយសារកំដៅខ្លាំង ដែលចេញមក ពីស្ពតបាញ់ភ្លើង នៅលើឆាក។ ឆាកសម្ដែងនោះ ជាផ្នែកទស្សនីយភាពមួយ នៃមណ្ឌលកំសាន្ដលេងទឹក ដែលមានឈ្មោះ «Formosa Fun Coast»។
ប៉ុន្តែអណ្ដាតភ្លើង ដែលបានឆាបឆេះ ត្រូវបានពន្លត់ទៅវិញ ក្នុងពេលដ៏ខ្លី។ បើតាមសាក្សីមួយរូប ដែលបានរៀបរាប់ប្រាប់ទូរទស្សន៍ក្នុងស្រុក បានថ្លែងឡើងថា៖ «វាបានចាប់ផ្ដើមឡើង ពីផ្នែកខាងឆ្វេង នៃឆាក។ ដំបូងឡើយ ខ្ញុំស្មានតែរឿងនេះ វាបានកើតឡើង ជាមួយនឹងឈុតឆាកធម្មតា។ បន្ទាប់មក ខ្ញុំបានដឹងថា ដូចជាមានរឿងមិនស្រួល ហើយមនុស្សចាប់ផ្ដើមស្រែក និងខ្លះទៀតរត់គេចចេញពីទីនោះ។»
អភិបាលក្រុង តៃប៉ិថ្មី (New Taipei) លោក អេរិក ជូ (Eric Chu) បានសម្ដែងការសោកស្ដាយរបស់លោក ហើយទាមទារឲ្យមានការស៊ើបអង្កេត ដ៏ច្បាស់លាស់មួយ ពីហេតុការណ៍នេះ។ លោកបានថ្លែង ទៅកាន់អ្នកសារព័ត៌មានថា៖ «យើងមានទុក្ខកង្វល់ណាស់ និងសោកស្ដាយ ពីគ្រោះថ្នាក់នេះ»៕
» វីដេអូផ្សេងទៀត ពីព្រឹត្តិការណ៍នេះ៖