ភេរវកម្មនៅតួនេស៊ី៖ យកទ្រូងពាំងគ្រាប់ ដើម្បីសង្គ្រោះគូដណ្ដឹង
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៩ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 29, 2015
- ប្រធានបទ: ភេវរកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្ដីស្នេហ៍ពិត និងការលះបង់ បានកើតឡើងឲ្យឃើញ នៅពេលដែលមាន គ្រោះអាសន្នមកដល់។ បុរសម្នាក់នេះ បានយកទ្រូង មកពាំងគ្រាប់កាំភ្លើងដ៏ឃោឃៅ របស់ឃាតករ ដែលបានបាញ់រះ សំដៅក្រុមទេសចរណ៍ រហូតបណ្ដាលឲ្យស្លាប់មនុស្ស អស់៣៨នាក់ (តុល្យភាពបណ្ដោះអាសន្ន) កាលពីព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា កន្លងមកនេះ នៅលើឆ្នេរសមុទ្រ នៃប្រទេសតួនេស៊ី។
គូដណ្ដឹងជាតិអង់គ្លេស ទាំងពីរនាក់ នាង សារ៉ា វីលសុន (Sarah Wilson) អាយុ២៦ឆ្នាំ និងលោក ម៉ាតជូ ជេម (Matthew James) អាយុ៣០ឆ្នាំ មានបំណងចង់ធ្វើវិស្សមកាល កំសាន្ដសប្បាយ តែពីរនាក់ (មិនយកកូនមកជាមួយទេ) នៅក្នុងប្រទេសស្ថិតក្នុង ទ្វីបអាហ្វ្រិកខាងជើងនេះ រហូតរយៈពេលពីរសប្ដាហ៍។ ប៉ុន្តែ«ក្ដីសប្បាយ» បំណងរបស់ក្រុមអ្នកទេសចរណ៍ ដែលមានវត្តមាន នៅលើឆ្នេរទាំងអស់នោះ បានក្លាយជាសោកនាដកម្មដ៏ធំធេង តែក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។
នាង សារ៉ា បានថ្លែងរៀបរាប់ករណីនេះ ប្រាប់សារព័ត៌មានអង់គ្លេស «Daily Mirror» ថា៖ «ពេលនោះ មានជនម្នាក់ ប្រដាប់ដោយអាវុធ បានធ្វើការបាញ់រះ ទៅលើមនុស្សនៅជុំវិញ។ ម៉ាតជូ ឃើញដូច្នេះ បានលោតមកពាំងពីមុខខ្ញុំ ហើយបានត្រូវគ្រាប់ នៅពេលនោះភ្លាម។ ប៉ុន្តែគាត់បានកម្រើកខ្លួន ដែលធ្វើឲ្យជននោះ បានបាញ់គាត់បន្ថែមទៀត។ ម៉ាតជូ បានព្យាយាម គេចចេញពីទីនោះជាថ្មី តែត្រូវបានជននោះ បាញ់ជាលើកទី៣។»
«បងស្រឡាញ់អូនណាស់»
ស្ត្រីវ័យ២៦ឆ្នាំ បានបន្ថែមថា៖ «យើងបានដួលដេក នៅលើដី ដោយបានកៅអី (សម្រាប់អង្គុយនៅមាត់សមុទ្រ) ជួយបាំង។ ប៉ុន្តែស្នូរបាញ់រះ នៅតែបន្តមានទៅទៀត។»
នៅកណ្ដាលឆ្នេរខ្សាច់ ដែលបានក្លាយ ជាផ្ទាំងស៊ីប សម្រាប់ជនខ្មាន់កាំភ្លើង ដ៏សាហាវនោះ លោក ម៉ាត់ជូ ជេម បែរជានៅឆ្លៀត ប្រាប់ឲ្យគូស្នេហ៍របស់ខ្លួន គេចខ្លួន ទៅរកកន្លែងមានសុវត្ថិភាព។ នាង សារ៉ា បានបន្តរៀបរាប់ទៀតថា៖ «គាត់ហូរឈាម មកប្រលាក់ខ្លួនខ្ញុំពាសពេញ ប៉ុន្តែគាត់នៅតែនិយាយ ឲ្យខ្ញុំរត់គេចខ្លួន។ គាត់និយាយមកខ្ញុំថា "បងស្រឡាញ់អូនណាស់ ប៉ុន្តែអូនឯងត្រូវតែចេញពីទីនេះ ហើយនិយាយប្រាប់កូនយើងថា ឪពុកពួកវាស្រឡាញ់ពួកវា"។»
នាង សារ៉ា បានគេចចេញពីទីនោះ ហើយបានទៅលាក់ខ្លួន នៅក្នុងសណ្ឋាគារ រហូតដល់ការបាញ់ប្រហារបានបញ្ចប់។ បន្ទាប់មក នាងបានត្រឡប់ទៅរក ម៉ាតជូ វិញ ដោយបានបើកកន្សែកគ្របសាកសព ក្រែងគូរដណ្ដឹងខ្លួន នៅទីនោះនៅឡើយ និងបានសួរទៅមនុស្សជុំវិញ ប៉ុន្តែគ្មាននរណាម្នាក់ អាចប្រាប់នាងថា ម៉ាតជូ នៅទីណាទេ។
រហូតពីរម៉ោងក្រោយមក ទើបនាង សារ៉ា បានទទួលការហៅទូរស័ព្ទ ពីបុរសកំពូលស្នេហ៍ មកប្រាប់នាងថា ខ្លួនគេនៅរស់ និងកំពុងស្នាក់ព្យាបាលខ្លួន នៅមន្ទីរពេទ្យនៅឡើយ។ លោក ម៉ាតជូ ជេម បានរងការបាញ់ បីគ្រាប់ ត្រូវចំស្មារ ទ្រូង និងចង្កេះ។ កន្លែងដែលរងគ្រោះធ្ងន់ជាងគេ គឺលោកបានបាក់ឆ្អឹងចង្កេះ។ នាង សារ៉ា បានរំលឹកពីវីរៈបុរសរបស់នាងថា៖ «គាត់បានរងគ្រាប់ជំនួសខ្ញុំ។ ខ្ញុំត្រូវជំពាក់ជីវិតគាត់ ព្រោះបើមិនមានគាត់ លោតមកពាំងគ្រាប់ ពីមុខខ្ញុំទេ ខ្ញុំមិនដឹងក្លាយជាយ៉ាងណាហើយទេ។»៕